ទោះបីជាកំពុងរងសម្ពាធយ៉ាងខ្លាំងពីលោក ដូណាល់ ត្រាំ ជុំវិញបញ្ហាកោះហ្គ្រីនលែនក៏ដោយ ក៏ស្មារតីរួបរួមរបស់មេដឹកនាំអឺរ៉ុបប្រឆាំងនឹងមហិច្ឆតាចង់ក្រសោបយកកោះហ្គ្រីនលែនមកគ្រប់គ្រងរបស់លោក ត្រាំ នៅតែមានភាពរឹងមាំ។
បើទោះបីជា បណ្តានាយកប្រតិបត្តិក្រុមហ៊ុនធំៗ បានបង្ហាញក្តីបារម្ភអំពីផលប៉ះពាល់សេដ្ឋកិច្ចបណ្តាលមកពីភាពតានតឹងរវាងអឺរ៉ុប និងអាម៉េរិកក្ដី ប៉ុន្ដែមេដឹកនាំប្រទេសនៅអឺរ៉ុប បានអះអាងថា ការការពារកោះហ្គ្រីនលែន ដែលមានសក្តានុពលយុទ្ធសាស្ត្រយោធា និងធនធានរ៉ែកម្រដ៏មហាសាល គឺជាកិច្ចការអាទិភាពចម្បងរបស់អឺរ៉ុប។
ប្រធានាធិបតីបារាំងលោក អេម៉ានូអែល ម៉ាក្រុង បានថ្លែងយ៉ាងដាច់អហង្ការថា សហភាពអឺរ៉ុបមិនគួរឱនក្បាលទៅនឹងច្បាប់ប្រើប្រាស់អំណាចរបស់អ្នកខ្លាំងនោះទេ។ លោកបានសង្កត់ធ្ងន់ថា អឺរ៉ុបពិតជាត្រូវការស្ថិរភាព និងកំណើនសេដ្ឋកិច្ច ប៉ុន្តែអឺរ៉ុប មិនចូលចិត្តការគោរពអ្នកអុកឡុកគេឡើយ។
ជាមួយគ្នានេះ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី យូស៊ូឡា វ៉ន ឌឺ ឡេយិន បានលើកឡើងថា ការប្រែប្រួលនៃភូមិសាស្ត្រនយោបាយរបស់ពិភពលោកបច្ចុប្បន្ន គឺជាកាតាលីករជំរុញឱ្យអឺរ៉ុបត្រូវតែពង្រឹងឯករាជ្យភាពរបស់ខ្លួន។ ទន្ទឹមនឹងនេះ លោកស្រី ជំរុញឱ្យអឺរ៉ុបចាប់យកឱកាសនេះ ដើម្បីកសាងអត្តសញ្ញាណថ្មីមួយ ដែលមិនពឹងផ្អែកលើមហាអំណាចខាងក្រៅ។
ដោយឡែក នាយករដ្ឋមន្ត្រីបែលហ្ស៊ិកលោក បារ ឌេ វីវ័រ (Bart De Wever) បានលើកឡើងថា ប្លុកដែលមានសមាជិក ២៧ប្រទេសនេះ កំពុងស្ថិតក្នុងរបត់នៃការសម្រេចចិត្តដ៏សំខាន់ បន្ទាប់ពីបានព្យាយាមផ្គាប់ចិត្តលោក ត្រាំ ពាក់ព័ន្ធបញ្ហាសង្គ្រាមនៅអ៊ុយក្រែន។ ប៉ុន្ដែពេលនេះ វាដល់ពេលដែលអឺរ៉ុបត្រូវសម្រេចចិត្តដោយខ្លួនឯង ដើម្បីការពារផលប្រយោជន៍យុទ្ធសាស្ត្ររបស់ខ្លួន៕
គួររំលេចថា លោកត្រាំថ្មីៗនេះ បានគំរាមដាក់ពន្ធគយលើបណ្ដាប្រទេសអឺរ៉ុបជាច្រើន ដែលប្រឆាំងនឹងផែនការរបស់អាម៉េរិកក្នុងការគ្រប់គ្រងកោះហ្គ្រីនលែន ខណៈដែលអឺរ៉ុបវិញ ក៏បានត្រៀមជាច្រើន ដើម្បីដាក់ពន្ធគយសងសឹកវិញដូចគ្នាដែរ។
ដោយៈ សរ សុជាតិ