អ៊ុយក្រែនត្រូវការថវិកា ៧៥០ ពាន់លានដុល្លារ

អ៊ុយក្រែនត្រូវការថវិកា ៧៥០ ពាន់លានដុល្លារសម្រាប់ការកសាងប្រទេសឡើងវិញនៅពេលបញ្ចប់សង្គ្រាម


នាយករដ្ឋមន្ត្រីអ៊ុយក្រែនបានប្រាប់សន្និសីទអន្តរជាតិនៅថ្ងៃចន្ទដើមសប្ដាហ៍នេះថា ប្រទេសរបស់ខ្លួននឹងត្រូវចំណាយថវិកាប្រមាណ ៧៥០ ពាន់លានដុល្លារ ដើម្បីស្ដារប្រទេសឡើងវិញ ពីការខ្ទេចខ្ទាំដោយសារតែសង្គ្រាមឈ្លានពានពីរុស្ស៊ី ហើយអ៊ុយក្រែន បានចាត់ទុកថា វាជាកាតព្វកិច្ចរួមគ្នាមួយរបស់ប្រទេសប្រជាធិបតេយ្យនៅទូទាំងពិភពលោក គួរតែជួយដល់អ៊ុយក្រែន។
អ៊ុយក្រែនត្រូវការថវិកា ៧៥០ ពាន់លានដុល្លារ

ថ្លែង​នៅ​ក្នុង​ពិធី​បើក​សន្និសីទ​នៅ​ទីក្រុង​លូ​ហ្កា​ណូ (Lugano) នៅ​ប្រទេស​ស្វី​ស ស្ដី​ពី​ការ​ស្ដារ​អ៊ុយ​ក្រែ​ន​ឡើង​វិញ​នោះ នាយក​រដ្ឋមន្ត្រី​អ៊ុយ​ក្រែ​ន​លោក ដេ​នី​ស ស្ម៊ី​ហល់ (Denys Shmyhal) បាន​រៀបរាប់​ពី​ការ​បំផ្លិចបំផ្លាញ​ដ៏​មហា​ធំធេង នៅ​អ៊ុយ​ក្រែ​ន និង​បាន​ទទួលស្គាល់​ថា តម្រូវការ​ផ្សេង​ៗ​បាន​កើនឡើង​យ៉ាង​ខ្លាំង​។

លោក ស្ម៊ី​ហល់ បាន​និយាយ​ថា ការ​ស្ដារ​ប្រទេស​អ៊ុយ​ក្រែ​ន​ឡើង​វិញ គឺ​គេ​បាន​ប៉ាន់​ប្រមាណ​រួច​ហើយ​ថា នឹង​ត្រូវការ​ថវិកា​៧៥០​ពាន់​លាន​ដុល្លារ ហើយ​អ៊ុយ​ក្រែ​ន​ជឿ​ថា ប្រភព​សំខាន់​នៃ​ការ​ស្ដារ​ឡើង​វិញ​នេះ​គួរតែ​យក​ទ្រព្យសម្បត្តិ ដែល​គេ​រឹបអូស​បាន​ពី​ប្រទេស​រុ​ស្ស៊ី និង​មន្ត្រី​រុ​ស្ស៊ី​មួយ​ចំនួន​ទៀត ដើម្បី​ប្រើប្រាស់​សម្រាប់​កសាង​ប្រទេស​អ៊ុយ​ក្រែ​ន​ឡើង​វិញ​។

លោកនាយក​រដ្ឋមន្ត្រី​រូប​នេះ​បាន​បញ្ជាក់​ថា ប្រទេស​រុ​ស្ស៊ី គឺជា​អ្នក​បង្ក​សង្គ្រាម​ដ៏​បង្ហូរឈាម​នេះ ហើយ​ពួក​គេ​ក៏​ជា​អ្នក​បង្ក​ការ​បំផ្លិចបំផ្លាញ​ដ៏​មហា​វិនាសកម្ម​នេះ​ផង​ដែរ ដូច្នេះ​ហើយ​ពួក​គេ​ត្រូវ​តែ​ទទួលខុសត្រូវ​ចំពោះ​សោកនាដកម្ម​ទាំង​អស់នេះ​។

ចំណែក​លោក ហ្សេ​លេ​ស្គី ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​វិញ​បាន​និយាយ​តាម​វី​ដេ​អូ ដោយ​សង្កត់ធ្ងន់​ថា ការ​ស្ដារ​ប្រទេស​អ៊ុយ​ក្រែ​ន​ឡើង​វិញ គឺ​មិនមែន​ជា​ភារកិច្ច​របស់​រដ្ឋាភិបាល និង​ប្រជាជន​អ៊ុយ​ក្រែ​ន​តែ​ម្ខាង​នោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ភារកិច្ច​រួម​នៃ​បណ្ដា​ប្រទេស​គោរព​កាន់​លទ្ធិប្រជាធិបតេយ្យ​អស់​នៅ​ទូ​ទាំង​ពិភពលោក​ផង​ដែរ ព្រោះ​ការ​ស្ដារ​អ៊ុយ​ក្រែង​ឡើង​វិញ​នេះ គឺជា​ការ​រួមចំណែក​ដ៏​ធំ​បំផុត​ដល់​ការ​គាំទ្រ​សន្តិភាព​ពិភពលោក​។

ទោះជា​យ៉ាងណា​នៅ​ពេល​ជំនួយ​រាប់​ពាន់​លាន​ដុល្លារ​បាន​ហូរ​ចូល​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​នោះ គេ​នៅ​តែ​ព្រួយបារម្ភ​ពី​ការ​កើត​មាន​អំពើ​ពុក​រលួយ​ដែល​កំពុង​រីក​រាលដាល​នៅ​ក្នុង​ប្រទេស​នេះ​ដែល​ចាំបាច់​ត្រូវ​តែ​ធ្វើ​កំណែទម្រង់​ដ៏​ទូលំទូលាយ​ជា​ដដែល ហើយ​វា​នឹង​ក្លាយជា​លក្ខខណ្ឌ​សម្រាប់​ផែនការ​ស្តារ​ប្រទេស​នេះ​ឡើង​វិញ​ដែល​គេ​បាន​សម្រេច​នៅ​ទីនោះ​ផង​ដែរ​។

លោក អ៊ី​ក​ណា​ស៊ី​យ៉ូ ខា​ស៊ី​ស (Ignazio Cassis) ប្រធានាធិបតី​ស្វី​ស​និង​ជា​សហ​ប្រធាន​រៀបចំ​សន្និសីទ​នេះ​បាន​សង្កត់ធ្ងន់​ថា កំណែទម្រង់​នៅ​តែ​ជា​ត្រីវិស័យ​នាំមុខ និង​ជា​ស្នូល​ដ៏​សំខាន់ ដែល​ត្រូវ​តែ​ជជែក​គ្នា​នៅ​ក្នុង​កិច្ចប្រជុំ​នេះ ដើម្បី​ជា​«​គ្រឹះ​សម្រាប់​ដំណើរការ​នយោបាយ​ប្រកបដោយ​ប្រសិទ្ធភាព និង​តម្លាភាព​»​។

លោក ខា​ស៊ី​ស បាន​និយាយ​ថា លោក​ជឿជាក់​ថា ភាពរឹងមាំ​របស់​អ៊ុយ​ក្រែ​ន​ក្នុង​ការ​ប្រឈម​មុខ​នឹង​ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​នេះ គឺ​ភាគច្រើន​ដោយសារ​តែ​កំណែទម្រង់ ដែល​បាន​អនុវត្ត​នៅ​ក្នុង​ប្រទេស​នេះ​។

លោក បាន​បញ្ជាក់​ថា វា​សំខាន់​ណាស់​ដែល​កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងនេះ បាន​បន្ត​ដោយ​ឥត​ងាករេ​ជា​ពិសេស​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ និង​ការ​កែ​លម្អ​ប្រព័ន្ធ​តុលាការ​ឱ្យ​កាន់តែ​មាន​តម្លាភាព​និង​ឯករាជ្យ​ភាព​ជាង​មុន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសទួកគីឃាត់ទុកនាវារបស់រុស្សី ដែលលួចដឹកគ្រាប់ធញ្ញជាតិអ៊ុយក្រែនរត់នៅសមុទ្រខ្មៅ

ព័ត៌មាន
ប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡេនស្គី (Volodymyr Zelenskiy) បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសអ៊ុយក្រែនបាននឹងកំពុងជួបពិភាក្សាជាមួយភាគីប្រទេ…

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីបំពេញទស្សនកិច្ចនៅវៀតណាម មុនពេលទៅចូលរួមក្នុងកិច្ចប្រជុំG20 នៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេ ឡាវរ៉ូវ (Sergei Lavrov) បានធ្វើដំណើរទៅកាន់ទីក្រុងហាណូយប្រទេសវៀតណាមនៅថ្ងៃអង្គារនេះ ដើម្បីបំពេញទស្សនក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ