នៅក្នុងរបាយការណ៍ថ្មីមួយរបស់ធនាគារពិភពលោក ក្រោមចំណងជើងថា «ការតភ្ជាប់ក្នុងតំបន់នៅកម្ពុជា៖ ការទាញយកប្រយោជន៍ពីសក្តានុពលដ៏ពេញលេញនៃច្រករបៀងដឹកជញ្ជូន» លោកស្រី Tania Meyer ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា បានគូសបញ្ជាក់ថា ការសិក្សានេះបានប្រមូលផ្តុំភាគីពាក់ព័ន្ធសំខាន់ៗពីរដ្ឋាភិបាល វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដើម្បីស្វែងរកជម្រើសនានា ដើម្បីទាញយកប្រយោជន៍ពីសក្តានុពលដ៏ពេញលេញនៃវិស័យដឹកជញ្ជូន និងការតភ្ជាប់ក្នុងតំបន់របស់កម្ពុជា។ លោកស្រីបន្ថែមទៀតថា វិធានការដ៏ចាំបាច់មួយសម្រាប់ការអភិវឌ្ឍបណ្តាញដឹកជញ្ជូន និងជួយកែលម្អការប្រកួតប្រជែងរបស់កម្ពុជា រួមទាំងការទាញយកសក្តានុពលនៃការដឹកជញ្ជូនរបស់ខ្លួន និងការលើកកម្ពស់ពាណិជ្ជកម្មនៅក្នុងតំបន់។
នៅក្នុងរបាយការណ៍នោះដែរ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា ការតភ្ជាប់ក្នុងតំបន់ និងការអភិវឌ្ឍផ្នែកភស្តុភារកម្ម គឺជាអាទិភាពចម្បងរបស់កម្ពុជា ហេតុនេះ គន្លឹះគឺស្ថិតនៅលើការពង្រឹងសមត្ថភាពរបស់កម្ពុជា។ ឯកឧត្តមបានបន្ថែមទៀតថា អាទិភាពទាំងនេះ អាចជួយពង្រឹងជំហររបស់កម្ពុជា ឱ្យដើរតួជាតួអង្គសំខាន់មួយក្នុងការតភ្ជាប់គ្នាក្នុងតំបន់ និងជំរុញពាណិជ្ជកម្មតាមខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក។ បន្ថែមលើនេះ រដ្ឋាភិបាលកម្ពុជា បានបង្កើត ផែនការមេគ្រប់ជ្រុងជ្រោយ ស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ (CITLS) ដើម្បីបង្កើនមុខងារ និងប្រសិទ្ធផលនៃវិស័យដឹកជញ្ជូន និងគាំទ្រដល់ការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ជាតិ ស្របតាមការកំណត់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផងដែរ។
របាយការណ៍របស់ធនាគារពិភពលោក បានលើកអនុសាសន៍បន្ថែមសម្រាប់ផែនការ CITLS ដោយផ្តោតលើភាពចាំបាច់នៃការវិនិយោគ និងសកម្មភាពគោលនយោបាយជាបន្ទាន់មួយចំនួន សម្រាប់បើកឱកាសនៅតាមច្រករបៀងដឹកជញ្ជូនសំខាន់ៗក្នុងប្រទេសកម្ពុជា។
ទន្ទឹមនេះ ធនាគារពិភពលោកបានបញ្ជាក់ថា ការពឹងផ្អែកនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជាលើការនាំចេញ បាននាំឱ្យមានតម្រូវការកាន់តែច្រើនសម្រាប់ការធ្វើចរាចរណ៍ទំនិញក្នុងទំហំកាន់តែធំ និងកាន់តែមានប្រសិទ្ធផល នៅតាមបណ្តាញផ្លូវដឹកជញ្ជូនក្នុងផ្ទៃប្រទេស និងឆ្លងកាត់ព្រំដែនជាមួយប្រទេសជិតខាង។ របាយការណ៍នេះ ក៏បានស្នើឱ្យមានការវិនិយោគជាអាទិភាព និងវិធានការគោលនយោបាយមួយចំនួន សម្រាប់កែលម្អការបំពេញមុខងាររបស់ប្រព័ន្ធដឹកជញ្ជូនផ្លូវគោក ផ្លូវដែក និងផ្លូវទឹកក្នុងផ្ទៃប្រទេស ឱ្យបានកាន់តែប្រសើរឡើងថែមទៀត។ ការមានវិធីសាស្ត្រមួយគ្រប់ជ្រុងជ្រោយ និងមានសម្របសម្រួលល្អក្នុងការអភិវឌ្ឍបណ្តាញដឹកជញ្ជូន អមដោយការផ្តោតលើភាពធន់ទៅនឹងអាកាសធាតុ នឹងជួយជំរុញឱ្យមានការប្រកួតប្រជែងកាន់តែប្រសើរឡើង, បង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច និងលើកកម្ពស់ពាណិជ្ជកម្មក្នុងតំបន់៕