ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ក្រុមការងារខេមបូណូមីសថា ថ្វីត្បិតតែការដាក់បម្រាមនេះ នឹងមានផលប៉ះពាល់ដល់អ្នកប្រកបអាជីវកម្មនៅពេលយប់ជាច្រើនពិតមែន ប៉ុន្តែការដាក់ចេញនូវវិធានការរដ្ឋបាលរបស់អាជ្ញាធរនៅពេលនេះ គឺក្នុងគោលដៅតែមួយគត់ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ រីករាលដាលក្នុងសហគមន៍កុំឲ្យបន្ដ និងឈានទៅកាត់ផ្ដាច់ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនៅពេលខាងមុខនេះ។
ជាមួយគ្នានេះដែរ លោក លូ ម៉េង ប្រធានសហព័ន្ធទេសចរណ៍កម្ពុជាយល់ស្របថា ការដាក់បម្រាមនេះគោចរ ជារឿងចាំបាច់ ដែលត្រូវធ្វើក្នុងដំណាក់កាលនេះ។ យ៉ាងណាមិញ ចំពោះអាជីវកម្មផ្នែកភោជនីយដ្ឋាន និងសណ្ឋាគារវិញ បានរងផលប៉ះពាល់រួចទៅហើយ តាំងពីមិនទាន់ដាក់គោចរមកម្ល៉េះ ដូចនេះ លោកយល់ថា បើសិនជាបម្រាមនេះអាចជួយកាត់បន្ថយការរាតត្បាតជំងឺកូវីដ-១៩បានមែន នោះការប៉ះពាល់សេដ្ឋកិច្ចនឹងមានក្នុងរយៈពេលខ្លះប៉ុណ្ណោះ។
ងាកទៅអ្នកជំនាញផ្នែកសេដ្ឋកិច្ចឯណោះវិញ យល់ការឃើញថា ការដាក់បម្រាមគោចរនេះ អាចមានទាំងផលវិជ្ជមាននិងអវិជ្ជមាន។ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជ្យបណ្ឌិតសភាកម្ពុជាវិញ យល់ឃើញថា បម្រាមគោចរ គួរតែពន្យារពេល ដាក់ចាប់ពីម៉ោង ៩យប់ទៅវិញ ដើម្បីអាចជួយសម្រួលដល់ពលរដ្ឋបានខ្លះ បើទោះជា វិធានការរដ្ឋបាលនេះ ធ្វើឡើងដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃកូវីដ-១៩យ៉ាងណាក្តី។
ដោយឡែក លោក ចាន់ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ និងជាអ្នកវិភាគសេដ្ឋកិច្ចកម្ពុជាវិញ យល់ឃើញថា បម្រាមនេះ នឹងមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋមួយចំនួន ដែលប្រកបរបរពេលយប់ ទោះបីជាមានករណីលើកលែងខ្លះក៏ដោយ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ៣១ ខែមីនា រាជរដ្ឋាភិបាលទើបតែបានសម្រេចដាក់ចេញនូវអនុក្រឹត្យថ្មីមួយ ស្ដីពីវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ដោយក្នុងនោះ មាត្រាទី៨ មានចែងអំពីបម្រាមគោចរ ដោយមិនអនុញ្ញាតឲ្យធ្វើដំណើរផ្ដេសផ្ដាសនោះទេ បើគ្មានការចាំបាច់ ឬមានការអនុញ្ញាតពីអាជ្ញាធរ ចន្លោះពីម៉ោង៨យប់ ដល់ម៉ោង៥ភ្លឺ។ ទោះយ៉ាងណា ការអនុវត្តបម្រាមនេះ គឺទើបតែមានចាប់ផ្ដើមធ្វើឡើងសម្រាប់តែនៅភូមិសាស្ត្ររាជធានីភ្នំពេញតែមួយប៉ុណ្ណោះ ខណៈដែលបណ្ដាខេត្តក្រុងដដៃទៀតមិនទាន់អនុវត្តនៅឡើយទេ។ សម្រាប់រាជធានីភ្នំពេញ បម្រាមគោចរនេះ គឺមានរយៈពេល២សប្ដាហ៍ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី ១៤ មេសា៕