វិស័យ SME

អ្នកជំនាញចាត់ទុកស្ត្រីជាកម្លាំងចលករដ៏សំខាន់ក្នុងការរុញច្រានសេដ្ឋកិច្ចជាតិ ឱ្យកាន់តែមានភាពធន់


នៅក្នុងបរិបទសេដ្ឋកិច្ចទំនើប ការចូលរួមរបស់ស្ត្រីលែងគ្រាន់តែជាការងារបន្ទាប់បន្សំទៀតហើយ ប៉ុន្តែវាគឺជាកម្លាំងចលករដ៏មានឥទ្ធិពល ដែលមិនអាចខ្វះបានក្នុងការអភិវឌ្ឍសង្គមជាតិ។ យោងតាមទិន្នន័យចុងក្រោយ អាជីវកម្មជាង៦០% នៅកម្ពុជា ត្រូវបានគ្រប់គ្រងដោយស្ត្រី។ ទោះបីជាការដឹកនាំអាជីវកម្មរបស់ស្រ្តី ត្រូវប្រឈមមុខនឹងរបាំងវប្បធម៌ និងសម្ពាធគ្រួសារខ្លាំងជាងបុរសក៏ពិតមែន ប៉ុន្តែក្រុមអ្នកជំនាញ នៅតែបន្តលើកទឹកចិត្តឱ្យស្រ្តីងើបឈរឡើង បង្កើនភាពផុសផុល ដើម្បីពង្រឹងសេដ្ឋកិច្ចគ្រួសារ និងក្លាយជាសសរស្ដម្ភដ៏រឹងមាំ នៃសេដ្ឋកិច្ចជាតិ។
វិស័យ SME
ដោយ

ឧកញ៉ា កែវ មុំ អគ្គនាយិកាក្រុមហ៊ុននំស្រួយ លីលី បានចាត់ទុកស្ត្រីជាចំណែកមួយដ៏សំខាន់ក្នុងការជួយទ្រទ្រង់កំណើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ នាពេលបច្ចុប្បន្ននេះ ខណៈនៅប្រមាណ១០ឆ្នាំចុងក្រោយនេះ ស្ត្រីកាន់តែទទួលបានការគាំទ្រច្រើនពីសំណាក់ក្រុមគ្រួសារ និងរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ឱ្យចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច។ ទោះជាយ៉ាងណា អ្នកជំនាញរូបនេះ លើកទឹកចិត្តថែមទៀតដល់ស្ត្រីទាំងអស់ឱ្យបន្តចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ចឱ្យកាន់តែផុសផុល បើទោះជាស្ត្រីអាចមានបញ្ហាប្រឈមច្រើនជាងបុរសក្នុងការដឹងនាំអាជីវកម្មរបស់ខ្លួនក៏ដោយ ប៉ុន្តែស្រ្តីនៅតែជាបង្គោលដ៏រឹងមាំក្នុងការដឹកនាំទាំងអាជីវកម្ម និងទំនួលខុសត្រូវគ្រួសារ។

ជាមួយគ្នានេះលោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ចកត់សម្គាល់ឃើញថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ស្ត្រីពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិស្ទើរគ្រប់វិស័យ ទាំងក្នុងស្ថាប័នសាធារណៈ និងវិស័យឯកជន ពិសេសការដឹកនាំបង្កើតសហគ្រាសអាជីវកម្មផ្ទាល់ខ្លួនតែម្តង។ សម្រាប់អ្នកជំនាញរូបនេះ ការចូលរួមរបស់ស្ត្រីក្នុងសកម្មភាពសេដ្ឋកិច្ច គឺកាន់តែបន្ថែមភាពធន់ដល់សេដ្ឋកិច្ចជាតិឱ្យមានប្រសិទ្ធភាពខ្ពស់។

ដោយឡែកលោកស្រីបណ្ឌិត ព្រំ ទេវី អ្នកជំនាញវិទ្យាសាស្រ្តសេដ្ឋកិច្ច បានគូសបញ្ជាក់ថា នៅកម្ពុជា ស្ត្រី និងបុរសមានសិទ្ធស្មើគ្នាក្នុងការចូលរួមអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច ប៉ុន្តែដោយសារស្ត្រីមានបញ្ហាប្រឈមច្រើនជាងបុរស ទើបធ្វើឱ្យការចូលរួមរបស់ស្រ្តីក្នុងការដឹកនាំក្រុមហ៊ុន ឬអាជីវកម្មនានានៅតែមានកម្រិតទាបជាងបុរសច្រើន ពោលគឺក្រុមហ៊ុនកាន់តែធំការចូលរួមដឹកនាំដោយស្ត្រីមានកាន់តែតិច។ បើតាមអ្នកជំនាញរូបនេះ ឧបសគ្គរបស់ស្រ្តី គឺការជាប់ជំពាក់ជាមួយទំនួលខុសត្រូវក្នុងគ្រួសារ និងទំនៀមទម្លាប់ពីដើមមក ដែលតម្រូវឱ្យស្រ្តីត្រូវមើលថែរក្សាផ្ទះសម្បែង និងកូនចៅ ដូច្នេះស្ត្រីបាត់បង់ឱកាសច្រើនក្នុងការចេញទៅបង្កើតទំនាក់ទំនង និងសមត្ថភាពប្រកួតប្រជែងនៅខាងក្រៅ។

គួរជម្រាបថា បច្ចុប្បន្នមានអាជីវកម្មរហូតដល់ជាង៦០% ឯណោះ ដែលដឹកនាំដោយស្ត្រី ខណៈអាជីវកម្ម ដែលដឹកនាំដោយបុរសទៀតសោត ក៏មានស្ត្រីនៅពីក្រោយចាំជួយគាំទ្របន្ថែមផងដែរ។ តែយ៉ាងណា អាជីវកម្មដែលដឹកនាំដោយស្ត្រីភាគច្រើន ជាអាជីវកម្មខ្នាតមីក្រូ តូច និងមធ្យមប៉ុណ្ណោះ។ យ៉ាងណាមិញការបំបែកគម្លាតយេនឌ័រក្នុងវិស័យជំនួញ និងការផ្តល់ឱកាសឱ្យស្ត្រីកាន់កាប់សហគ្រាសខ្នាតធំកាន់តែច្រើន គឺជាសោរដ៏សំខាន់សម្រាប់ជោគជ័យ នៃសេដ្ឋកិច្ចកម្ពុជានៅថ្ងៃអនាគត៕

អត្ថបទ សោម ស្រីពេជ្រ​




អត្ថបទបន្ទាប់


រដ្ឋាភិបាលគ្រោងចំណាយថវិកា១០លានដុល្លារដំឡើងស្ថានីយសាកអាគុយរថយន្តអគ្គីសនី ដើម្បីជំរុញកំណើនប្រើប្រាស់

រាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិកាប្រមាណ១០លានដុល្លារអាម៉េរិក ដើម្បីដំឡើងស្ថានីយសាកយានយន្តអគ្គិសនីនៅតាមបណ្តាខេត្ត-ក្រុងទូទាំងប្រទេស សំដៅ…

អាម៉េរិក ស្នើឱ្យអ៊ុយក្រែន ជួយផ្តល់បច្ចេកទេស ក្រោយទប់ទល់ជាមួយដ្រូនពិឃាត Shahed របស់អ៊ីរ៉ង់លែងចង់ជាប់

សហរដ្ឋអាម៉េរិក កំពុងជួបការលំបាកក្នុងការទប់ទល់នឹងយុទ្ធសាស្ត្រវាយប្រហារដោយដ្រូនពិឃាត Shahed របស់អ៊ីរ៉ង់ ដែលបានវាយប្រហារកម្ទេចមូលដ្ឋានទ័ព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ