ទាំងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងអ្នកវិនិយោគក្នុងវិស័យឯកជន សុទ្ធបានបង្ហាញជំនឿជឿជាក់យ៉ាងមុតមាំថា តាមរយៈប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគនេះ វានឹងជួយទាក់ទាញការវិនិយោគពីបរទេសឱ្យមកបោះទុនវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនថែមទៀត ជាពិសេសជួយកាត់បន្ថយគម្លាតបញ្ហាមិនប្រក្រតីរវាងអ្នកវិនិយោគ និងមន្ត្រីផ្តស់សេវាកម្មវិនិយោគរបស់រាជរដ្ឋាភិបាល។
អ្នកឧកញ៉ា សៀ ឬទ្ធី អគ្គនាយកក្រុមហ៊ុនវើលដ៍ប៊្រីដ គ្រុប និងជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា បានបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះការដាក់ឱ្យដំណើរការប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា ឬប្រព័ន្ធ cdc IPM ដ្បិតវាជាការបោះជំហានមួយទៀតរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការជួយលើកកម្ពស់ការបរិកាសវិនិយោគនៅកម្ពុជា ឱ្យកាន់តែទាក់ទាញបន្ថែមទៀត។ អ្នកឧកញ៉ាបានសង្កត់ធ្ងន់ថា តាមរយៈប្រព័ន្ធនេះវាមិនត្រឹមតែជួយលើកកម្ពស់ និងជំរុញការការទាក់ទាញការវិនិយោគបរទេសឱ្យចូលមកកម្ពុជា ប៉ុណ្ណោះទេ ថែមទាំងជួយផ្តល់ទំនុកចិត្តដល់វិនិយោគិនជាតិ និងអន្តរជាតិ និងកាត់បន្ថយភាពមិនប្រក្រតីរវាងអ្នកវិនិយោគ និងមន្ត្រីផ្តល់សេវាកម្មវិនិយោគផងដែរ។ លើសពីនេះ អ្នកជំនួញដ៏ល្បីល្បាញរូបនេះរំពឹងថា តាមរយៈប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគនេះ វានឹងជួយផ្តល់ទិន្នន័យវិន័យវិនិយោគជាក់លាក់ ដែលកត្តាចាំបាច់សម្រាប់វិនិយោគិន ដើម្បីសិក្សាមុនសម្រចចិត្តបោះទុនវិនិយោគផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ថា គោលបំណងនៃការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងនេះ គឺដើម្បីបង្កភាពងាយស្រួល និងជួយសម្រួលដល់ការស្នើសុំការវិនិយោគរបស់វិនិយោគិនជាតិ និងអន្តរជាតិ ដែលចង់បោះទុនវិនិយោគនៅកម្ពុជា។ ហើយការដាក់ឱ្យដំណើរការប្រព័ន្ធនេះ ក៏ជាផ្នែកមួយក្នុងការរៀបចំផ្ទះឱ្យបានស្អាតក្នុងការទាក់ទាញការវិនិយោគបរទេសផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីរំពឹងថា តាមរយៈប្រព័ន្ធនឹងវានឹងជួយទាក់ទាញវិនិយោគិនអន្តរជាតិ ដែលមានបំណងចង់រើផលិតកម្មរបស់ខ្លួននៅប្រទេសផ្សេងៗឱ្យមកបោះទុនវិនិយោគនៅកម្ពុជា ឱ្យកាន់តែច្រើនបន្ថែមទៀត។
បើតាមការគូសបញ្ជាក់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល គិតត្រឹមខែវិច្ឆិកា នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគរហូតដល់៣៧៩គម្រោង ជាមួយទុនវិនិយោគប្រមាណ៦ពាន់លានដុល្លារ មានការកើនឡើងជាង១០០គម្រោង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែលមានត្រឹមតែ២៦៨គម្រោង ដែលមានទុនវិនិយោគប្រមាណជិត៥ពាន់លានដុល្លារ។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រំពឹងថា នៅពេញមួយឆ្នាំ២០២៤ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងអនុគម្រោងវិនិយោគលើ៤០០គម្រោងជាប្រវត្តិសាស្ត្រ៕