
លោក ហឹង ឆៃឡេង ប្រធានក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មសាមគ្គីតំបែរនៅខេត្តត្បូងឃ្មុំ សង្ឃឹមថា សហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា ដែលទើបបង្កើតឡើងកាលពីពេលថ្មីៗនេះនឹងរួមចំណែកជួយធ្វើឱ្យផលិតកម្មផ្លែស្វាយនៅកម្ពុជាកានតែមានភាពល្អប្រសើរ ព្រោះសហព័ន្ធនេះប្រមូលផ្ដុំដោយអ្នកជំនាញមកពីក្រសួង និងអ្នកពាក់ព័ន្ធនៅក្នុងផលិតកម្មផ្លែស្វាយ។
ជាមួយគ្នានេះលោក ហ៊ួ ធីនាង ប្រធានគ្រប់គ្រងទូទៅផ្នែកជីថ្នាំកសិកម្ម នៃក្រុមហ៊ុនអង្គរហ្គ្រីន ជឿជាក់ថា ទីផ្សារស្វាយនៅកម្ពុជានឹងមានភាពល្អប្រសើរជាងមុន ប្រសិនបើសហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា ដែលទើបបង្កើតថ្មីនេះមានដំណើរល្អ។ តែយ៉ាងណាអ្នកជំនាញរូបនេះ លើកទឹកចិត្តឱ្យកសិករខិតខំកសាងគុណតម្លៃលើការថែទាំដំណាំស្វាយឱ្យមានស្តង់ដា ដើម្បីទទួលបាននូវទំនុកចិត្ត និងការបញ្ចាទិញកាន់តែច្រើនពីទីផ្សារនៅក្រៅប្រទេស។
ដោយឡែកឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានគូសបញ្ជាក់ថា សហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជាដែលទើបបង្កើតឡើងមានសមាសភាពមកពីក្រុមអ្នកផលិត សហគមន៍កសិកម្ម អ្នកកែច្នៃ កសិពាណិជ្ជករ និងតួអង្គពាក់ព័ន្ធនានានៅក្នុងខ្សែច្រវាក់តម្លៃនៃដំណាំស្វាយកម្ពុជា សំដៅជំរុញការកែច្នៃ និងតភ្ជាប់ទៅកាន់ទីផ្សារនាំចេញប្រកបដោយប្រសិទ្ធភាពខ្ពស់។ ទន្ទឹមនេះ មន្រ្តីជាន់ខ្ពស់រូបនេះ លើកឡើងថា ក្រសួងកសិកម្មនឹងធ្វើការយ៉ាងជិតស្និតជាមួយសហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា ដើម្បីលើកកម្ពស់វិស័យស្វាយរបស់កម្ពុជា ឱ្យមានស្ថិរភាព ការប្រគួតប្រជែងខ្ពស់ និងមាននិរន្តរភាព៕
អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ