
ក្រុមអ្នកវិភាគបានលើកឡើងនៅក្នុងកំណត់ហេតុមួយកាលពីថ្ងៃទី៧ ខែមេសា ថា ក្រោមសេណារីយ៉ូកាន់តែធ្ងន់ធ្ងរនៃការធ្លាក់ចុះផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក និងការបង្កើនផលិតកម្មពេញលេញរបស់អង្គការផលិតប្រេង OPEC+ វានឹងធ្វើឱ្យតម្លៃប្រេងនៅលើទីផ្សារអង់គ្លេស អាចធ្លាក់ចុះក្រោម៤០ដុល្លារក្នុងមួយធុងបារ៉ែល នៅចុងឆ្នាំ២០២៦។ ជាមួយគ្នានេះ ធនាគារ Goldman Sachs បានព្យាករថា សន្ទស្សន៍តម្លៃប្រេងនៅលើទីផ្សារអង់គ្លេសនឹងធ្លាក់ចុះមកនៅត្រឹម៥៥ដុល្លារក្នុងមួយធុងបារ៉ែលក្នុងរយៈពេលពេលដូចគ្នានេះ។
ទីផ្សារប្រេងពិភពលោកបានរង្គោះរង្គើនៅក្នុងការជួញដូរថ្មីៗនេះ ដោយសារការកើនឡើងកម្តៅនៃសង្រ្គាមពាណិជ្ជកម្មដែលបញ្ឆេះឡើងដោយរដ្ឋបាលលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក គួបផ្សំមានការព្រួយបារម្ភពីហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ច និងការធ្លាក់ចុះតម្រូវការថាមពល។ មួយវិញទៀតដោយសារអង្គការ OPEC+ គ្រោងបង្កើនផលិតកម្មរបស់ខ្លួនច្រើនជាងការរំពឹងទុក បន្ទាប់ពីរឹតបន្តឹងការផ្គត់ផ្គង់អស់រយៈពេលជាយូរ។
នៅក្នុងសេណារីយ៉ូនេះ ធនាគារមួយចំនួនរួមទាំងធនាគារ Goldman Sachs ធនាគារ Morgan Stanley និងធនាគារ Societe Generale SA ក៏បានកាត់បន្ថយការព្យាករតម្លៃប្រេងរបស់ពួកគេផងដែរ។
នៅក្នុងកំណត់ហេតុមានចំណងជើងថា តើតម្លៃប្រេងអាចនឹងធ្លាក់ចុះដល់កម្រិតណា ក្រុមអ្នកវិភាគនៅធនាគារ Goldman Sachs បាននិយាយដោយឧបមាថា ប្រសិនបើអាម៉េរិក ជួបការធ្លាក់ចុះសេដ្ឋកិច្ច បូករួមទាំងការធ្លាក់ចុះតម្រូវការថាមពលដូចបានរៀបរាប់ខាងលើមែននោះ សន្ទស្សន៍តម្លែប្រេងអាចនឹងមានតម្លៃ៥៨ដុល្លារក្នុងមួយធុងបារ៉ែលនៅក្នុងខែធ្នូ ឆ្នាំនេះ ហើយនឹងមានតម្លៃ៥០ដុល្លារក្នុងខែដូចគ្នានៅឆ្នាំ២០២៦។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃចន្ទ បច្ចុប្បន្នសន្ទស្សន៍តម្លៃប្រេងនៅលើទីផ្សារអង់គ្លេស មានតម្លៃជាង៦៥ដុល្លារក្នុងមួយធុងបារ៉ែល ក្រោយពីបានធ្លាក់ចុះរយៈពេល៤ឆ្នាំជាប់ៗគ្នា ៕
អត្ថបទ៖ សុខ មង្គល