យោងតាមទិន្នន័យរបស់ក្រសួងទេសចរណ៍ នៅក្នុងរយៈពេល៣ខែ ដើមឆ្នាំ២០២៤នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបជិត១លាន៦សែននាក់ មានការកើនឡើងជាង២២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ និងមានការថយចុះប្រមាណ១៥% បើធៀបនឹងឆ្នាំ២០១៩ ជាពេលមុនពេលមានវិបត្តិកូវីដ-១៩ រាតត្បាត។ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិទាំងនេះ ភ្ញៀវទេសចរថៃបានឈរកំពូលតារាង ដែលបានមកកម្សាន្តនៅកម្ពុជាច្រើនជាងគេ ហើយតាមពីក្រោយដោយទេសចរវៀតណាម និងចិន។
លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជាយល់ឃើញថា តួលេខភ្ញៀវទេសចរអន្តរជាតិដែលកម្ពុជាទទួលបាននៅត្រីមាសទី១ឆ្នាំនេះនៅមិនទាន់អាចបញ្ជាក់ថា មានសញ្ញាល្អនៅឡើយទេសម្រាប់វិស័យទេសចរណ៍កម្ពុជា។ យ៉ាងណាមិញ លោក ជឿជាក់ថា ប្រសិនបើគ្មានបញ្ហារំខានពីខាងក្រៅណាមួយកើតមានទេនោះ វិស័យទេសចរណ៍កម្ពុជានៅឆ្នាំនេះ នឹងមានភាពប្រសើរដូចការរំពឹងទុករបស់រាជរដ្ឋាភិបាល តាមរយៈយន្តការនានាដែលដាក់ចេញសម្រាប់ទាក់ទាញ និងជំរុញវិស័យទេសចរណ៍។ តែយ៉ាណាអ្នកជំនាញរូបនេះអះអាងថា វិស័យទេសចរណន៍សកលរួមទាំងនៅកម្ពុជាបន្តស្ថិតក្នុងស្ថានភាពស្រពេចស្រពិលនៅឡើយ ដោយសារបន្តរងការរំខានពីបញ្ហាសង្គ្រាមនៅមជ្ឈឹមបូព៌ា បញ្ហាសង្គ្រាមនៅអ៊ុយក្រែន បាតុភូតធម្មជាតិ និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយរវាងប្រទេសមហាអំណាចធំៗ។
ជាការកត់សម្គាល់របស់លោក ហូ វណ្ឌី ភ្ញៀវទេសចរអន្តរជាតិដែលបានចូលមកកម្សាន្តនៅកម្ពុជានៅដើមឆ្នាំនេះ ភាគច្រើនចូលមកកម្សាន្តនៅខេត្តសៀមរាប រាជធានីភ្នំពេញ និងខេត្តជាប់មាត់សមុទ្រ ប៉ុន្តែសម្រាប់ខាងភូមិភាគឦសានវិញ នៅមានភាពស្ងប់ស្ងាត់នៅឡើយ។ ភាពស្ងប់ស្ងាត់នេះ ក៏ដោយសារកត្តារាំងស្ទះនៃការធ្វើដំណើរ ពោលគឺត្រូវការចំណាយពេលយូរ ដែលទាមទារឱ្យមានការសាងសង់ព្រលានយន្តហោះ និងតភ្ជាប់ជើងហោះហើរនៅតំបន់នោះឱ្យបានឆាប់រហ័ស សម្រាប់ជួយស្រោចស្រង់វិស័យទេសចរណ៍របស់កម្ពុជា។
សូមបញ្ជាក់ថា តាមការំពឹងទុករបស់ក្រសួងទេសចរណ៍ ចរន្តភ្ញៀវទេសចរអន្តរជាតិដែលចូលមកកម្ពុជានៅក្នុងឆ្នាំ២០២៤នេះ នឹងអាចត្រឡប់ដូចមុនពេលមិនទាន់មានវិបត្តិកូវីដ-១៩ ដែលមានចំនួនប្រមាណ ៦លាន៦សែននាក់។ កាលពីឆ្នាំ២០២៣កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង៥លាន៥សែននាក់ កើនឡើងជិត១៥០% បើធៀបនឹងឆ្នាំ២០២២ និងថយចុះប្រមាណជិត២០% បើធៀបនឹងពេលមុនមានវិវបត្តិកូវីដ-១៩៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ