
ជាមួយគ្នានេះ អ្នកជំនាញក្នុងវិស័យទេសចរណ៍ ស្នើរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធបង្កើនការផ្សព្វផ្សាយ និងបង្កើតតំបន់ទេសចរណ៍ថ្មីៗបន្ថែមទៀត ដើម្បីស្រូបទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកកម្សាន្តនៅកម្ពុជា បានកាន់តែច្រើន។
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា ក្រោយដាក់ឱ្យដំណើរការ២ឆ្នាំកន្លងមកនេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបានអ្នកដំណើរឆ្លងកាត់ជាង២,៧លាននាក់ ខណៈបច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិនេះ ទទួលបានអ្នកដំណើរចេញចូលជាមធ្យមជាង៣ពាន់៤រយនាក់ក្នុង១ថ្ងៃ ជាមួយជើងហោះហើរចេញចូលចំនួន៣៦ជើងក្នុង១ថ្ងៃ។ បច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍ចំនួន១០ កំពុងប្រតិបត្តិការហោះហើរចេញ-ចូលព្រលានយន្តហោះនេះ ដោយក្នុងនោះមានក្រុមហ៊ុនក្នុងស្រុកចំនួន២ និងក្រុមហ៊ុនអន្តរជាតិ ចំនួន៨ និងរំពឹងទទួលបានក្រុមហ៊ុនអាកាសចរណ៍ថ្មីចំនួន៤បន្ថែមទៀតតភ្ជាប់មកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅត្រឹមដំណាច់ឆ្នាំ២០២៥ នេះ។
ជាមួយគ្នានេះ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំនៅកម្ពុជា បានបង្ហាញការសាទរចំពោះការរួមចំណែករបស់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្នុងការជួយជំរុញកំណើនភ្ញៀវទេសចរ និងអ្នកវិនិយោគនៅក្នុងរយៈពេលនៃការដាក់ឱ្យដំណើរការពីរឆ្នាំកន្លងមកនេះ។ តែយ៉ាងណាអ្នកជំនាញរូបនេះ ស្នើឱ្យរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធបង្កើនការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ និងបង្កើតផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ឱ្យមកកម្សាន្តនៅកម្ពុជា ស្របពេលស្ថានភាពពិភពលោកកំពុងជួបបញ្ហាប្រឈមជាច្រើន។
គួរជម្រាបថា អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ ដែលមានតម្លៃវិនិយោគប្រមាណ១,១ពាន់លានដុល្លារ អភិវឌ្ឍន៍ដោយក្រុមហ៊ុន AIAI នៅលើផ្ទៃដីប្រមាណ៧០០ហិកតា ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣៕
អត្ថបទ សោម ស្រីពេជ្រ