អាជីវកម្ម Franchise

មុន​ទិញ Franchise បន្ត ត្រូវ​គិត​ដល់​ប៉ុន្មាន​ចំណុច​នេះ បើ​មិន​ចង់​ឡុងចុង!


ការ​ទិញ​សិទ្ធិ​អាជីវកម្ម​ពី​អ្នក​ដទៃ​មក​លក់​បន្ត ឬ​ហៅ​ថា ការ​ទិញ Franchise នៅ​កម្ពុជា គឺ​ជា​និន្នាការ​អាជីវកម្ម​មួយ​ដែល​កំពុង​មាន​ការ​ពេញ​និយម​ខ្លាំង​គួរ​ឲ្យកត់​សម្គាល់ ខណៈ​ដែល​ប្រភេទ​អាជីវកម្ម​នេះ ត្រូវ​បាន​គេ​​ស្គាល់​ថា មាន​ការ​គ្រប់គ្រង​លក្ខណៈ​ជា​ប្រព័ន្ធ ឬ​ជា​ទម្រង់​គ្រប់គ្រង​រួម​មួយ ដែល​ងាយ​ក្នុង​ការ​យក​ទៅ​បើក​បន្ត។
លោក គួច សុខលី នាយក​ប្រតិបត្តិ​ក្រុមហ៊ុន CBM Corporation។
ដោយ

ទោះ​យ៉ាង​ណា បើ​តាម​ការ​អះអាង​ពី​អ្នក​ជំនាញ ការ​ទិញ Franchise ពី​អ្នក​នាំចូល​ផ្ដាច់​មុខ (Master Franchisee) ដើម្បី​យក​មក​បើក​លក់​បន្ត​នៅ​កម្ពុជា​នេះ គឺ​ទាមទារ​ឲ្យ​មាន​ការ​សិក្សា​ឲ្យ​បាន​ជាក់លាក់​ជា​មុន​សិន បើ​មិន​ចង់​ខាត​បង់​ធ្ងន់ធ្ងរ។ 

លោក គួច សុខលី នាយក​ប្រតិបត្តិ​ក្រុមហ៊ុន CBM Corporation ដែល​បាន​នាំចូល​ម៉ាក​ភោជនីយដ្ឋាន ៥​ម៉ាក​ផ្សេង​គ្នា មក​ពី​ក្រៅ​ប្រទេស បាន​លើក​ឡើង​ថា ការ​ទិញ Franchise ពី​ម្ចាស់​ដើម​អាជីវកម្ម (Franchisor) ឬ​អ្នក​ចូល​ផ្ដាច់​មុខ (Master Franchisor) ដើម្បី​យក​មក​បើក​លក់​បន្ត គឺ​មិន​មែន​មាន​ន័យ​ថា ទិញ​មក​ហើយ​ដឹង​តែ​អាច​រក​ប្រាក់​ចំណេញ​បាន​មក​វិញ​បាន​ភ្លាមៗ ឬ​សុទ្ធតែ​អាច​ទទួល​បាន​ជោគជ័យ​គ្រប់​អាជីវកម្ម Franchise នោះ​ទេ ព្រោះ​ដើម្បី​អាច​ជ្រើសរើស​ម៉ាក​អាជីវកម្ម Franchise បាន​ល្អ និង​អាច​ជោគជ័យ​លើ​ទីផ្សារ វា​ចាំបាច់​ត្រូវ​មាន​ការ​សិក្សា​ពី​លក្ខណ​សម្បត្តិ​អាជីវកម្ម តម្រូវការ​ទីផ្សារ​និង​សមត្ថភាព​របស់​ក្រុមហ៊ុន​​ដែល​បាន​នាំចូល Franchise នោះ ឲ្យ​បាន​ត្រឹមត្រូវ​ជា​មុន​សិន។

លោក គួច សុខលី បាន​គូស​បញ្ជាក់​ថា សម្រាប់​អ្នក​ដែល​មាន​បំណង​ចង់​ទិញ Franchise យក​ទៅ​បើក​អាជីវកម្ម​បន្ត ពួកគាត់​ត្រូវ​ស្វែងយល់​ឲ្យ​ច្បាស់​ពី​ម៉ាក​អាជីវកម្ម​នោះ ឲ្យ​បាន​ច្បាស់​លាស់ និង​ត្រូវ​ប្រាកដ​ថា ម៉ាក​​នោះ​គឺ​ជា​តម្រូវការ​របស់​អ្នក​ប្រើប្រាស់​យូរ​អង្វែង។

មួយ​វិញ​ទៀត អ្នក​ក៏​ត្រូវ​ដឹង​ដែរ​ថា តើ​អ្នក​ដែល​គាត់​ប្រតិបត្តិ ឬ​ក្រុមហ៊ុន​ដែល​នាំចូល​អាជីវកម្ម Franchise នោះ គាត់​ជា​នរណា? មាន​សមត្ថភាព និង​បទ​ពិសោធន៍​កម្រិត​ណា​ក្នុង​ការ​ប្រតិបត្តិ​អាជីវកម្ម? ហើយ​អ្នក​​ប្រតិបត្តិ​អាជីវកម្ម ឬ​ក្រុមហ៊ុន​នាំចូល Franchise នោះ នឹង​ជួយ​ទំនុក​បម្រុង​អ្វី​ខ្លះ​ដល់​អ្នក​ដែល​ទិញ​សិទ្ធិ​យក​ទៅ​បើក​លក់​បន្ត? ទាំង​អស់​នេះ គឺ​ជា​សំណួរ​មួយ​ដែល​អ្នក​ត្រូវ​ស្វែងរក​ចម្លើយ ឲ្យ​បាន​មុន​នឹង​សម្រេច​ចិត្ត​ទិញ Franchise។

មូលហេតុ​ដែល​អ្នក​ត្រូវ​សិក្សា​លម្អិត​ពី​សមត្ថភាព និង​ការ​ផ្ដល់​ជូន​របស់​ម្ចាស់​ដើម​អាជីវកម្ម (Franchisor) ឬ​ក្រុមហ៊ុន​ដែល​នាំចូល​មក​ផ្ដាច់​មុខ (Master Franchisee) គឺ​ដោយសារ​តែ​ការ​ទិញ​ត ដើម្បី​បើក​អាជីវកម្ម ឬ​​ហៅ​ថា ទិញ​ជា Sub-Franchisee នេះ នៅ​ពេល​ដែល​អ្នក​ទិញ​រួច អ្នក​នឹង​ត្រូវ​ប្រតិបត្តិ​អាជីវកម្ម​នោះ ទៅ​តាម​គោលការណ៍ និង​គម្រោង​ផែនការ​របស់​ម្ចាស់​ដើម ឬ​ក្រុមហ៊ុន​ដែល​នាំចូល​ផ្ដាច់​មុខ​នោះ ពោល​គឺ​មិន​មាន​សិទ្ធិ​ធ្វើ​អ្វី​តាម​ដែល​ខ្លួន​ចង់​ធ្វើ​នោះ​ឡើយ (ប្រសិន​បើ​គ្មាន​ការ​អនុញ្ញាត) ដូចជា​ការ​ធ្វើការ​ផ្សព្វផ្សាយ និង​ការ​បន្ថែម​មុខ​ផលិត ឬ​សេវា​កម្ម​ជាដើម។

សូម​បញ្ជាក់​ដែរ​ថា បើ​តាម​អ្នក​ជំនាញ​ក្នុង​វិស័យ​នេះ ធ្លាប់​បាន​អះអាង​ថា បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​មិន​តិច​ជាង​១០​ក្រុមហ៊ុន​នោះ​ទេ ដែល​បាន​នាំចូល​និង​កំពុង​ប្រតិបត្តិ​អាជីវកម្ម Franchise នៅ​កម្ពុជា។ 

ហើយ​លំហូរ​នៃ​​ការ​នាំចូល​អាជីវកម្ម Franchise ពី​ក្រៅ​ប្រទេស​នេះ​ទៀត​សោត ក៏​ជា​ការ​ឆ្លុះ​បង្ហាញ​ឲ្យ​ឃើញ​ពី​អំណាច​នៃ​ការ​ទិញ​របស់​ប្រជាជន និង​ភាព​ល្អ​ប្រសើរ​នៃ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ផង​ដែរ។ មិន​តែ​ប៉ុណ្ណោះ លំហូរ​​ចូល​នៃ​អាជីវកម្ម Franchise ក៏​បាន​ផ្ដល់​ការងារ និង​ជំនាញ​បច្ចេក​ទេស​ជា​ច្រើន​សម្រាប់​ប្រជាជន ក៏​ដូចជា​សហគ្រិន​ក្នុង​ស្រុក​ផង​ដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


៥​ឆ្នាំ​ទៅ​មុខ កម្ពុជា​ត្រូវការ​អ្នក​បើក​បរ​យន្តហោះ ៦០​នាក់​បន្ថែម​ទៀត

ព័ត៌មាន
ប្រទេស​កម្ពុជា​នឹង​ត្រូវ​ការ​អាកាស​យានិក (អ្នក​បើក​បរ​យន្តហោះ)​ យ៉ាង​ហោច ៦០​នាក់​បន្ថែម​ទៀត ក្នុង​រយៈពេល ៥​ឆ្នាំ​ខាង​មុខ ខណៈ​ដែល​វិស…

អតីត​សមាជិក​សភា​​ជាប់​ពន្ធនាគារ​មួយ​ជីវិត​ពី​បទ​ឆបោក​ក្នុង​គម្រោង​អភិវឌ្ឍ​លំនៅដ្ឋាន

ព័ត៌មាន
តុលាការ​ក្រុង​ហាណូយ​បាន​ផ្ដន្ទាទោស​អតីត​សមាជិក​រដ្ឋសភា​មួយ​រូប ឲ្យ​ជាប់​ពន្ធ​នាគារ​អស់​មួយ​ជីវិត ពី​បទ​​ឆបោក​លុយ​កាក់​រាប់​លាន​ដុល្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ