លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវយល់ឃើញថា ហ្គាស គឺជាប្រភពថាមពលមួយដ៏ចាំបាច់សម្រាប់តម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ពិសេសនៅរាជធានីភ្នំពេញតែម្តង ដូច្នេះនៅពេលតម្លៃហ្គាសហក់ឡើងថ្លៃខ្ពស់ ហើយប្រឈមនឹងការខ្វះខាតការផ្គត់ផ្គង់ទៀតនោះ វាបានជះផលប៉ះពាល់យ៉ាងខ្លាំងដល់ការប្រកបរបរ និងការរស់នៅរបស់ប្រជាពលរដ្ឋ។ ស្ថិតក្នុងកាលៈទេសៈដ៏លំបាកនេះ អ្នកជំនាញរូបនេះសង្កេតឃើញថា តម្លៃហ្គាសដាក់លក់នៅលើទីផ្សារហាក់មានតម្លៃខុសៗគ្នា ដោយកន្លែងមួយចំនួនបានដំឡើងថ្លៃខ្ពស់ហួសហេតុ ហើយកន្លែងខ្លះលក់ក្នុងតម្លៃសមរម្យ ដូច្នេះលោកស្នើឱ្យក្រសួងពាក់ព័ន្ធគួរមានការកំណត់តម្លៃហ្គាសលក់រាយឱ្យបានច្បាស់លាស់ ដូចតម្លៃប្រេងសាំង និងម៉ាស៊ូតដែរ ដើម្បីទប់ស្តាត់ការកេងប្រវ័ញ្ចរបស់ឈ្មួញខិលខូចមួយចំនួនដែលឆ្លៀតឱកាសដំឡើងថ្លៃខ្ពស់នៅពេលមានវិបត្តិនេះ។
ឆ្លើយតបនឹងបញ្ហានេះ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ទទួលស្គាល់ថា តម្លៃហ្គាសដែលដាក់លក់នៅលើទីផ្សារកម្ពុជាបច្ចុប្បន្នពិតជាមានតម្លៃខុសៗគ្នាមែន ដោយសារក្រសួងពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធពុំទាន់មានយន្តការអន្តរាគមន៍ ឬការកំណត់តម្លៃហ្គាសសម្រាប់លក់រាយនៅឡើយ។ តែយ៉ាងណា ឯកឧត្តមអះអាងថា ក្រសួងពាក់ព័ន្ធនឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើបញ្ហានេះ ដើម្បីធានាផលិតភាពផ្គត់ផ្គង់ និងរក្សាតម្លៃកុំឱ្យកើនឡើងខ្ពស់ពេក។ ស្ថិតក្នុងស្ថានការណ៍ដ៏លំបាកនេះ ឯកឧត្តម ប៉ែន សុវិជាតិ ស្នើឱ្យពលរដ្ឋងាកទៅប្រើប្រាស់ឧបករណ៍អគ្គិសនីឱ្យបានច្រើន ដើម្បីជួយសន្សំសំចៃហ្គាស សម្រាប់បម្រើឱ្យការប្រើប្រាស់ចាំបាច់ជាពិសេសសម្រាប់អ្នករត់តាក់ស៊ី និងតុកតុកជាដើម។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ តម្លៃហ្គាសដែលដាក់លក់បច្ចុប្បន្ន គឺជាតម្លៃប្រកួតប្រជែងដែលក្រុមហ៊ុនបាននាំចូលមក តួយ៉ាងក្រុមហ៊ុនតេលាខ្មែរអាចលក់ហ្គាសចេញក្នុងតម្លៃទាបជាងគេ ដោយសារក្រុមហ៊ុននេះមានលទ្ធភាពនាំចូលច្រើនជាមួយតម្លៃល្អ។
សូមបញ្ជាក់ថា បច្ចុប្បន្នតម្លៃហ្គាសលក់ចេញនៅតាមទីតាំងមួយចំនួននៅកម្ពុជា បានហក់ឡើងខ្ពស់ដល់ជាង៤ពាន់រៀលទៅ៥ពាន់រៀលក្នុង១លីត្រ ខណៈតម្លៃហ្គាសលក់ចេញរបស់ក្រុមហ៊ុនតេលាខ្មែរ មានតម្លៃត្រឹមតែ៣ពាន់២រយរៀលក្នុង១លីត្រប៉ុណ្ណោះនៅថ្ងៃទី២៧ ខែមីនា នេះ៕
អត្ថបទ សោម ស្រីពេជ្រ