អ្នកជំនាញ ក្នុងវិស័យកសិកម្មអះអាង វាដល់ពេលវេលាហើយ ដែលវិនិយោគគួរតែពង្រីកការវិនិយោគបន្ថែមឲ្យកាន់តែច្រើនលើការកែច្នៃផលិតផលកសិកម្មនាំចេញនេះ ដ្បិតថា បច្ចុប្បន្ន កម្ពុជាមានឱកាសវិនិយោគ និងនាំចេញកាន់តែប្រសើរ។ តួយ៉ាង តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន,កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង និងកិច្ចព្រមព្រៀងពាណិជ្ជកម្មតំបន់ដ៏ធំ RCEP ជាដើម សុទ្ធតែជាការបង្កើនឱកាសកម្ពុជានាំចេញផលិតផលកសិកម្ម ទៅកាន់ទីផ្សារអន្តរជាតិដោយត្រង់ ដែលទាមទារឱ្យកម្ពុជា ត្រូវមានរោងចក្រកែច្នៃដោយខ្លួនឯងកាន់តែច្រើនថែមទៀត។
ដើម្បីជំរុញការផលិតកម្មកសិកម្មកែច្នៃនៅកម្ពុជា ក្រុមអ្នកជំនាញបានគាំទ្រ និងជំរុញឱ្យវិនិយោគិន បង្កើនការវិនិយោគរោងចក្រកែច្នៃបន្ថែមទៀត។
ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវ-អង្ករកម្ពុជា បានយល់ឃើញថា ដ្បិតការនាំចេញផលិតផលកសិកម្មកម្ពុជា កាន់តែមានចំនួនច្រើន តែភាគច្រើននៃផលិតផលទាំងនោះ ត្រូវនាំចេញទៅកាន់ប្រទេសទី៣ ព្រោះតែ បច្ចុប្បន្ន កម្ពុជា នៅមិនទាន់អាចប្រកួតប្រជែងនឹងប្រទេសជិតខាងនៅឡើយ ដូចជា ប្រទេសថៃ និងវៀតណាម ជាដើម។ មិនអាចប្រកួតប្រជែងបាន ព្រោះតែកម្ពុជាខ្វះសមត្ថភាពកែច្នៃ និងនាំចេញដោយខ្លួនឯង។
បើតាមឧកញ៉ា សុង សារ៉ន បច្ចុប្បន្ន កម្ពុជា មានរោងចក្រកែច្នៃផលិតផលកសិកម្មតិចតួចនៅឡើយ ដែលទាមទារឱ្យវិនិយោគគិនបង្កើនការវិនិយោគលើរោងចក្រកែច្នៃ ព្រោះតែសព្វថ្ងៃ រោងចក្រកែច្នៃផលិតផលកសិកម្មនៅកម្ពុជា មិនទាន់អាចឆ្លើយតបនឹងតម្រូវការនោះទេ ពិសេសការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ ចិន និងកូរ៉េខាងត្បូង រួមទាំងកិច្ចព្រមព្រៀង RCEP រឹតតែត្រូវការឱ្យកម្ពុជា បង្កើនលទ្ធភាពក្នុងការកែច្នៃនិងវេចខ្ចប់ សម្រាប់នាំចេញទៅកាន់ទីផ្សារដោយផ្ទាល់។
ដោយឡែក ឧកញ៉ា ហ៊ុន ឡាក់ អ្នកជំនួញផ្នែកកសិកម្មដ៏លេចធ្លោរមួយរូបនៅកម្ពុជា បានអះអាងដែរថា បច្ចុប្បន្ន វិស័យកែច្នៃផលិតផលនៅកម្ពុជា ហាក់មិនទាន់អាចឆ្លើយតបនឹងតម្រូវការនៅឡើយ ស្របពេលដែលកម្ពុជា កាន់តែបង្កើនមានឱកាសសម្រាប់នាំចេញកសិផលដោយផ្ទាល់។ ឧកញ៉ា ហ៊ុន ឡាក់ បានរៀបរាប់ដូច្នេះ ផលិតផលកសិកម្មកែច្នៃ គឺជាបញ្ហាដែលចោទខ្លាំងនៅក្នុងវិស័យកសិកម្ម ដែលទាមទារឱ្យកម្ពុជា ជំរុញទាំងផលិតភាពនិងការកែច្នៃ ដើម្បីនាំចេញ ដោយលោកបន្តថា ក្នុងនាមជាប្រទេសកសិកម្ម មិនអាចចាំតែផលិតនោះទេ។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២១ កម្ពុជាបាននាំចេញផលិតផលកសិកម្មសរុបប្រមាណ ៨លានតោន ទៅកាន់ទីផ្សារអន្តរជាតិ ដែលគិតជាទឹកប្រាក់ជិត ៥ពាន់លានដុល្លារ។ ក្នុងចំណោមការនាំចេញ ទាំងនោះ មានផលិតផលកសិកម្មមួយចំនួនតូចប៉ុណ្ណោះ ដែលបាននាំចេញទៅកាន់ទីផ្សារដោយត្រង់ ដូចជា អង្ករ ផ្លែស្វាយស្រស់ និងចេកស្រស់ជាដើម ទីផ្សារធំ គឺនាំចេញទៅចិន។
ថ្មីៗនេះដែរ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ក៏ទើបតែបានអនុម័តគម្រោងវិនិយោគកសិកម្មដំណាំស្វាយនិងចេកមួយ ដែលមានទុនវិនិយោគប្រមាណ៥១លានដុល្លារ ស្ថិតនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលអាចផ្ដល់ការងារដល់ពលរដ្ឋរហូតជិត២ពាន់កន្លែង។ លោក ឌី រ៉ាដូ អភិបាលរងខេត្តឧត្តរមានជ័យ បានឱ្យខេមបូណូមីសដឹងថា ជុំវិញគម្រោងនេះ លោកមិនទាន់ទទួលបានព័ត៌មានលម្អិតនៅឡើយទេ ប៉ុន្តែ លោករីករាយព្រោះវា នឹងអាចបង្កើតឱកាសការងារបន្ថែមដល់ពលរដ្ឋក្នុងខេត្តផ្ទាល់ និងរួមចំណែកអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា ពិសេសបច្ចុប្បន្ន ការកែច្នៃនិងវេចខ្ចប់ គឺជាតម្រូវការចាំបាច់ក្នុងផលិតកម្មកសិកម្ម៕