សារព័ត៌មាន Euro News បានរាយការណ៍ថា តម្លៃប្រេងឆៅបានហក់ឡើងដល់១១៩ដុល្លារក្នុង១បារ៉ែល កាលពីថ្ងៃទី១៩ ខែមីនា ដែលកម្រិតខ្ពស់បំផុតមួយ ចាប់តាំងពីសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ។ ទោះជាយ៉ាងណា ក្រោយមានការអន្តរាគមន៍ តម្លៃនេះបានធ្លាក់ចុះមកនៅត្រឹម១១៤ដុល្លារវិញក្នុងមួយបារ៉ែល។ ការហក់ឡើង នៃតម្លៃប្រេងនេះបានកើតឡើងភ្លាមៗ បន្ទាប់ពីអ៊ីស្រាអែល បានវាយប្រហារលើរោងចក្រថាមពលដ៏សំខាន់របស់អ៊ីរ៉ង់ ហើយអ៊ីរ៉ង់បានបើកការវាយប្រហារសងសឹកលើប្រភពថាមពលនៅប្រទេសកាតា។
ទីក្រុងតេអេរ៉ង់ បានព្រមានថា ខ្លួននឹងលែងមានការអត់ធ្មត់ ប្រសិនបើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ខ្លួនត្រូវបានវាយប្រហារម្តងទៀត។ អ៊ីរ៉ង់ បានគំរាមថា បើខ្លួននៅតែរងគ្រោះ នោះហេដ្ឋារចនាសម្ព័ន្ធថាមពលទាំងឡាយនៅក្នុងតំបន់ឈូងសមុទ្រពែក្ស ក៏នឹងលែងមានសុវត្ថិភាពដូចគ្នាដែរ។
ប្រធានទីភ្នាក់ងារថាមពលកាតា លោក សាអាដ អាល់ កាអាប៊ី (Saad Al-Kaabi) បានលើកឡើងថា ការវាយប្រហាររបស់អ៊ីរ៉ង់ បានធ្វើឱ្យកាតាខាតបង់ចំណូលប្រមាណ២០ពាន់លានដុល្លារក្នុងមួយឆ្នាំ និងកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ការផ្គត់ផ្គង់ថាមពលទៅកាន់តំបន់អឺរ៉ុប និងអាស៊ី។ លោកបានបញ្ជាក់ទៀតថា តំបន់ South Pars របស់អ៊ីរ៉ង់ ដែលអ៊ីស្រាអែលបានវាយប្រហារនោះ គឺជាប្រភពផលិត និងផ្គត់ផ្គង់ឧស្ម័នប្រហែល២០% ទៅកាន់ពិភពលោក។
អ្នកជំនាញរូបនេះបានសម្តែងការសោកស្តាយយ៉ាងខ្លាំង ដោយលោកមិននឹកស្មានថា តំបន់ផលិតកម្មថាមពលនៅមជ្ឈិមបូព៌ាត្រូវរងការវាយប្រហារបែបនេះឡើយ ជាពិសេសពីសំណាក់ប្រទេសអ៊ិស្លាមក្នុងអំឡុងខែរ៉ាម៉ាដននេះ។ លោកបន្ថែមថា ការខូចខាតនៅ South Pars អាចតម្រូវឱ្យអ៊ីរ៉ង់ចំណាយថវិកាប្រមាណ២៦ពាន់លានដុល្លារ និងប្រើពេលពី១០ ទៅ២០ឆ្នាំ ដើម្បីស្តារឡើងវិញ។
ជុំវិញភាពតានតឹងនេះលោក ចាស៊ឹម ម៉ូហាម៉េដ អាល់ប៊ូដៃវី (Jasem Mohamed Albudaiwi) អគ្គលេខាធិការក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) បានថ្កោលទោសថា ការវាយប្រហាររបស់អ៊ីរ៉ង់ លើហេដ្ឋារចនាសម្ព័ន្ធថាមពលបានបង្ហាញពីចរិតលក្ខណៈឈ្លានពាន និងការមិនអើពើចំពោះសន្តិសុខ ស្ថិរភាពតំបន់ និងពិភពលោកទាំងមូល៕
ដោយៈ សរ សុជាតិ