
ក្រោយសហរដ្ឋអាមេរិកប្រើយន្តហោះ B-2 និងមីស៊ីលធុនធ្ងន់វាយប្រហារទីតាំងផលិតសារធាតុនុយក្លេអ៊ែរបស់អ៊ីរ៉ង់ បានជំរុញឱ្យតម្លៃប្រេងឆៅនៅទីផ្សារអន្តរជាតិហក់ឡើងថ្លៃ១,៤%ឈានដល់៧៨ដុល្លារក្នុង១ធុងបារ៉ែល។ ទូរទស្សរដ្ឋអ៊ីរ៉ង់បានរាយការណ៍ថា សភាអ៊ីរ៉ង់បានអនុម័តឲ្យបិទច្រកសមុទ្រហ័រម៉ូស ដែលជាច្រកពាណិជ្ជកម្មដ៏សំខាន់ និងជាច្រកដែលនាវាដឹកប្រេងធំៗឆ្លងកាត់ដើម្បីចែកចែកប្រេងឆៅប្រមាណ២០%នៅលើពិភពលោក។
លោក អេនឌី លីប៉ូវ (Andy Lipow) អ្នកវិភាគសេដ្ឋកិច្ចនៅទីក្រុងហូស្តុន (Houston) បានអះអាងថា ប្រសិនបើច្រកសមុទ្រហ័រម៉ូស ត្រូវបានបិទខ្ទប់ទាំងស្រុងដោយអ៊ីរ៉ង់នោះ តម្លៃប្រេងនឹងកើនឡើងពី១២០ទៅ១៣០ដុល្លារក្នុងមួយបារ៉ែល។ ក្រោយអ៊ីរ៉ង់ដាក់ចេញសេណារីយូការទូត និងយោធានេះឡើងសហរដ្ឋអាមេរិក ក៏ព្រួយបារម្ភផងដែរ។
ពាក់ព័ន្ធបញ្ហានេះរដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) បានអំពាវនាវឱ្យប្រទេសចិនទប់ស្កាត់អ៊ីរ៉ង់កុំឱ្យបិទច្រកសមុទ្រហ័រម៉ូស ជាការសងសឹកចំពោះការវាយប្រហារតាមអាកាសរបស់ខ្លួន។ លោកត្រូវបានដកស្រង់សម្តីចុះផ្សាយដោយ Fox News ថា លោកលើកទឹកចិត្តឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំង រារាំងកុំឱ្យទីក្រុងតេហេរ៉ង់បិទច្រកសមុទ្រនេះ ព្រោះវាជាច្រកសមុទ្រដ៏សំខាន់សម្រាប់ប្រទេសជាច្រើនធ្វើពាណិជ្ជកម្មប្រេង។ លោកសង្កត់ធ្ងន់ថា ប្រសិនបើអ៊ីរ៉ង់បិទច្រកសមុទ្រនេះមែន វាប្រៀបបាននឹងការធ្វើអត្តឃាតសេដ្ឋកិច្ចខ្លួនឯង។
ក្រៅពីប្រេង មាសក៏បានហក់ឡើងដល់ជាង៤ពាន់ដុល្លារក្នុងមួយតម្លឹងផងដែរ។ ដោយឡែកតម្លៃហ៊ុននៅអាម៉េរិកបានស្រុតចុះក្នុងនោះផ្សារហ៊ុន S&P 500 បានធ្លាក់ចុះ០,៣%, Nasdaq ធ្លាក់ចុះ០,៥% ខណៈផ្សារហ៊ុននៅអាស៊ីដូចជានៅតៃវ៉ាន់ធ្លាក់ចុះ១,៤% កូរ៉េខាងត្បូងធ្លាក់ចុះ១% និងជប៉ុនធ្លាក់ចុះ០,២%៕
ដោយៈ សរ សុជាតិ