មីយ៉ាន់ម៉ា

អ្នកទោសជិត៦ពាន់នាក់ត្រូវបានរបបយោធាមីយ៉ាន់ម៉ាដោះលែង ក្នុងថ្ងៃបុណ្យគម្រប់ខួបថ្ងៃឯករាជ្យជាតិ


រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានដោះលែងអ្នកទោសនយោបាយរាប់ពាន់នាក់ រួមទាំងសេដ្ឋវិទូអូស្ត្រាលីលោក សៀន ថូនេល (Sean Turnell), អតីតឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេស លោកស្រី វីគី បូមែន (Vicky Bowman) និងផលិតករភាពយន្តជប៉ុន លោក តូរ៉ូ គូបូតា (Toru Kubota) ផងដែរ ដោយការដោះលែងនេះ គឺធ្វើឡើងនៅចំថ្ងៃប្រារព្ធខួបលើកទី ១០២ នៃទិវាឯករាជ្យជាតិរបស់មីយ៉ាន់ម៉ា។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
មីយ៉ាន់ម៉ាដោះលែងអ្នកទោសនយោបាយជាច្រើនពាន់នាក់!

បើយោងតាមលោកឧត្តមសេនីយ៍ ហ្សរ មីន ទុន (Zaw Min Tun) អ្នកនាំពាក្យក្រុមប្រឹក្សារដ្ឋនៃរបបដឹកភូមាបានឱ្យដឹងថា អ្នកទោសសរុប ៥,៧៧៤ នាក់ត្រូវបានដោះលែង រួមទាំងអ្នកទោសនយោបាយបរទេសសំខាន់ៗផ្សេងទៀត ហើយពួកគេបានត្រៀមនិរទេសខ្លួនពីប្រទេសមីយ៉ាន់ម៉ាផងដែរ។

លោក Turnell សេដ្ឋវិទូអូស្ត្រាលី ដែលត្រូវបានបោះលែងនេះ គឺបានបម្រើការជាទីប្រឹក្សារបស់អតីតមេដឹកនាំមីយ៉ាន់ម៉ាលោកស្រី Aung San Suu Kyi ហើយត្រូវបានអាជ្ញាធរចាប់ខ្លួនប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋប្រហារក្នុងខែកុម្ភៈ ឆ្នាំ ២០២១ ដោយត្រូវបានកាត់ទោសឱ្យជាប់ពទ្ធនាគាររយៈពេល៣ឆ្នាំ ពីបទបំពានច្បាប់សម្ងាត់ផ្លូវការសម័យអាណានិគមនៅក្នុងសេចក្តីសម្រេចរបស់តុលាការភូមាកាលពីខែកញ្ញាកន្លងទៅ។

អ្នកវិភាគនយោបាយឯករាជ្យ លោក David Mathieson បានប្រាប់សារព័ត៌មានបារាំង AFP ថា ការដោះលែងលោក ថូនែល នេះគឺជាព័ត៌មានគួរឱ្យសាទរ បន្ទាប់ពីលោកត្រូវបានឃុំខ្លួនជាចំណាប់ខ្មាំងដោយរបបសឹក ហើយក្រុមគ្រួសារ និងមិត្តភក្តិរបស់គាត់នឹងរីករាយយ៉ាងខ្លាំងអំពីរឿងនេះ។ ទោះយ៉ាងណា លោក ដេវីត បាននិយាយថា របបយោធា «នៅតែមិនទាន់បង្ហាញសញ្ញានៃកំណែទម្រង់ និងបញ្ឈប់អំពើរឃោរឃៅដែលខ្លួនបានប្រព្រឹត្តលើជនសីវ៉ិលនោះទេ»។

ក្នុងនោះដែរ របបយោធាក៏បានដោះលែងអតីតឯកអគ្គរដ្ឋទូតអង់គ្លេស លោកស្រី Bowman ដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំពីបទបំពានច្បាប់អន្តោប្រវេសន៍របស់ប្រទេសមីយ៉ាន់ម៉ា។ លោកស្រីបានបម្រើការជាឯកអគ្គរដ្ឋទូតអង់គ្លេសពីឆ្នាំ ២០០២ ដល់ឆ្នាំ ២០០៦ ក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានឃុំខ្លួនជាមួយស្វាមីរបស់លោកស្រីកាលពីខែសីហា ពីបទខកខានមិនបានប្រកាសថាលោកស្រីកំពុងរស់នៅក្នុងអាសយដ្ឋានខុសពីអាសយដ្ឋានដែលមាននៅក្នុងលិខិតបញ្ជាក់ការចុះឈ្មោះជនបរទេស។

មួយទៀតគឺ លោក Kubota អាយុ ២៦ ឆ្នាំត្រូវបានឃុំខ្លួនកាលពីខែកក្កដា រួមជាមួយពលរដ្ឋមីយ៉ាន់ម៉ាពីរនាក់ ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ១០ឆ្នាំ ពីបទជំរុញឲ្យមានកាតវ៉ារប្រឆាំងនឹងរបបយោធា ដោយបំពានច្បាប់ទូរគមនាគមន៍ និងច្បាប់អន្តោប្រវេសន៍របស់ប្រទេស។

បើតាមប្រភពមួយនៅស្ថានទូតជប៉ុនក្នុងប្រទេសមីយ៉ាន់ម៉ាបានលើកឡើងថា លោក Kubota ត្រូវដោះលែងនៅថ្ងៃទី ១៧ វិច្ឆិកានេះ ដោយអាជ្ញាធររបបយោធា ហើយលោកក៏នឹងធ្វើដំណើរចាកចេញពីមីយ៉ាន់ម៉ាទៅប្រទេសជប៉ុននៅថ្ងៃដដែលនោះ។

គិតត្រឹមខែមីនាឆ្នាំនេះ អ្នកកាសែតចំនួន ៤៨ នាក់កំពុងជាប់ឃុំនៅទូទាំងប្រទេស នេះបើតាមក្រុមអ្នកឃ្លាំមើលការរាយការណ៍អាស៊ាន។ គួរជម្រាបដែរថា មេដឹកនាំជាប់ឆ្នោត ដែលត្រូវបានទម្លាក់ដោយរដ្ឋប្រហារគឺលោកស្រី ស៊ូជី ត្រូវជាប់ពន្ធនាគាររយៈពេល ២៦ ឆ្នាំ ខណៈកំពុងរង់ចាំសាលក្រមសម្រាប់ការចោទប្រកាន់ចំនួន៥ទៀត។

យោងតាមសមាគមជំនួយសម្រាប់អ្នកទោសនយោបាយ បានឱ្យដឹងថា ទាហានរដ្ឋាភិបាលបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ជាង ២ពាន់នាក់ និងចាប់ខ្លួនមនុស្សជាង ១ពាន់នាក់ទៀតចាប់តាំងពីរដ្ឋប្រហារមក។ សមាគមនេះបាននិយាយថា ជនស៊ីវិលជាង១ពាន់នាក់កំពុងជាប់ពន្ធនាគារនៅក្រោមរបបយោធា ហើយគេនៅមិនទាន់ច្បាស់ថា តើពួកគេប៉ុន្មាននាក់ត្រូវបានដោះលែងនៅក្នុងការលើកលែងទោសកាលពីថ្ងៃព្រហស្បតិ៍នេះដែរ ឬក៏យ៉ាងណានោះទេ៕




អត្ថបទបន្ទាប់


ក្រោយកិច្ចប្រជុំអាស៊ាន និងជី២០ចប់ កូរ៉េខាងជើងបន្ដបាញ់មីស៊ីថែមទៀត ផ្គើនអាមេរិក និងសម្ព័ន្ធមិត្ត

ព័ត៌មាន
ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងទៀតហើយនៅថ្ងៃព្រហស្បតិ៍ ទី១៧ វិច្ឆិកា ពោលគឺនៅក្រោយពេលកិច្ចប្រជុំអាស៊ាន និងជី២០ត្រូវបានបញ្ចប់ ដែលវាជាក…

ប្រធានាធិបតីចិនស្តីបន្ទោសនាយករដ្ឋមន្ត្រីកាណាដានៅកណ្តាលចំណោម ក្រោយធ្វើឱ្យបែកធ្លាយកិច្ចសន្ទនាបិទទ្វារមួយនៅកិច្ចប្រជុំកំពូលG20

ព័ត៌មាន
ប្រធានាធិបតីចិនលោក ស៊ី ជីនពីង កាលពីថ្ងៃពុធទី១៦វិច្ឆិកា បានរិះគន់ចំៗ និងដោយផ្ទាល់មាត់តែម្តង ទៅកាន់នាយករដ្ឋមន្ត្រីកាណាដាលោក ចាស់ស្ទីន ទ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ