ឧកញ៉ា ច្រាយ សុន ប្រធានសហព័ន្ធដំឡូងមីកម្ពុជា បានគូសបញ្ជាក់ថា ការកកស្ទះដំឡូងមីនៅតាមច្រកព្រំដែនកម្ពុជា-វៀតណាម កាលពីពេលថ្មីៗនេះ គឺដោយសារតែអាជ្ញាធរវៀតណាម បានអនុវត្តអនុក្រឹត្យ ស្ដីពីសុវត្ថិភាពចំណីអាហារ ដោយគ្មានការជូនដំណឹងមកកម្ពុជា ក្រោយ ឈ្មួញវៀតណាម រកឃើញដំឡូងមីនាំចូលពីកម្ពុជា មិនមានគុណភាព មានលាយដី និងគ្រួស ស្របពេលកើតមានការរាតត្បាត នៃជំងឺឆ្លងមួយចំនួនជាដើម។ លោកឧកញ៉ាបានសង្កត់ធ្ងន់ថា នេះជាការដាស់តឿនមួយសម្រាប់កសិករ និងឈ្មួញកណ្ដាល ដែលត្រូវតែលះបង់ទម្លាប់ចាស់ចោលជាបន្ទាន់ ដោយងាកមកផលិត និងនាំចេញឱ្យស្របតាមស្ដង់ដា បច្ចេកទេស។ បច្ចុប្បន្ន សហព័ន្ធដំឡូងមីកម្ពុជា កំពុងចាប់ដៃជាមួយសមាគមរោងចក្រម្សៅមីវៀត ណាម ដើម្បីបន្ធូរបន្ថយសភាពការណ៍ និងអនុញ្ញាតឱ្យរថយន្តមួយចំនួនអាចឆ្លងកាត់បានជាបណ្តើរៗ។
ប្រធានសហព័ន្ធដំឡូងមីកម្ពុជា បានអះអាងថា ការរឹតបន្តឹងការនាំចូលដំឡូងមីរបស់កម្ពុជា ពីសំណាក់អាជ្ញាធរវៀតណាម ទំនងជាមិនបង្កផលប៉ះពាល់ដល់កិច្ចសន្យាទិញលក់ដំឡូងមីរវាង កម្ពុជា និងវៀតណាម នៅឆ្នាំ២០២៦ នោះទេ ដោយសារអាជ្ញាធរវៀតណាម អាចអនុវត្តការរឹតបន្តឹងក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ តែទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញរូបនេះ ដាស់តឿនដល់ដល់កសិករ និងឈ្មួញកណ្ដាលឱ្យគិតគូរលើគុណភាពដំឡូងមីជាចម្បង បើមិនចង់រងផលប៉ះពាល់។
បើតាមការអះអាងរបស់ ឧកញ៉ា ច្រាយ សុន ក្រៅពីវៀតណាម កម្ពុជាកំពុងធ្វើពិពិធកម្មទីផ្សារដំឡូងមី ដោយមិនពឹងផ្អែកលើទីផ្សារតែមួយនោះទេ ខណៈបច្ចុប្បន្នមានប្រទេសជាច្រើនកំពុងសិក្សា និងត្រៀមបញ្ជាទិញដំឡូងមីកម្ពុជា ក្នុងបរិមាណជាង១៥លានតោននាពេលខាងមុខ។ បើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម កាលពីឆ្នាំ២០២៥ កម្ពុជារកចំណូលបានជាង៦៥៦លានដុល្លារពីការនាំចេញដំឡូងមីទៅទីផ្សារអន្តរជាតិ និងបានសម្របសម្រួលចុះ MoU និងកិច្ចសន្យាទិញ-លក់ដំឡូងមីប្រមាណ១០លានតោន សម្រាប់នាំចេញទៅទីផ្សារចិន និងវៀតណាម ផងដែរ៕
អត្ថបទ៖ បូ ដូឡា