របាយការណ៍របស់អគ្គនាយកដា្ឋនកៅស៊ូ បានបង្ហាញថា នៅពេញមួយឆ្នាំ២០២៤ កន្លងទៅ កម្ពុជាផលិតផលជ័រកៅស៊ូបានជាង៤០ម៉ឺនតោន កើនឡើងប្រមាណ៤% បើធៀបនឹងឆ្នាំ២០២៣ និងរកចំណូលបានជាង៦៦៣លានដុល្លារពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូទៅកាន់ទីផ្សារអន្តរជាតិ នៅពេញមួយឆ្នាំ២០២៤ មានការកើនឡើងជាង៣៤%។
ក្នុងនោះការនាំចេញជ័រកៅស៊ូ សម្រេចបានទឹកប្រាក់ជាង៦៥៨លានដុល្លារ ជាមួយបរិមាណនាំចេញជិត៣៣ម៉ឺនតោន ខណៈការនាំចេញឈើកៅស៊ូមានទឹកប្រាក់ជាង៥លានដុល្លារ ជាមួយបរិមាណនាំចេញជាង២ម៉ឺន៥ពាន់ម៉ែត្រគូប។ ទន្ទឹមនឹងការនាំចេញមានការកើនឡើង តម្លៃជ័រកៅស៊ូនៅឆ្នាំមុន ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ពោលគឺតម្លៃជ័រកៅស៊ូជាមធ្យមអាចលក់បានជាង១ពាន់៦រយដុល្លារក្នុង១តោន កើនឡើង ៣២៤ដុល្លារក្នុង១តោនបើធៀបនឹងឆ្នាំ២០២៣។
លោក ម៉ែន សុភក្តិ ប្រធានសមាគមអភិវឌ្ឍន៍កៅស៊ូកម្ពុជា បានគូសបញ្ជាក់ថា បច្ចុប្បនន្នតម្លៃជ័រកៅស៊ូនៅកម្ពុជា និងទីផ្សារអន្តរជាតិ ពិតជាមានការកើនឡើងគួរឱ្យកត់សម្គាល់ប្រាកដមែន ដោយបច្ចុប្បន្នតម្លៃជ័រកៅស៊ូនៅកម្ពុជា អាចលក់ចេញបានក្នុងរង្វង់ជាង១ពាន់៩រយដុល្លារទៅជាង២ពាន់ដុល្លារក្នុង១តោន។ ការកើនឡើងតម្លៃ និងការនាំចេញជ័រកៅស៊ូរបស់កម្ពុជានេះ ត្រូវបានអ្នកជំនាញរូបនេះអះអាងថា គឺដោយសារការផ្គត់ផ្គង់ផលិតផលជ័រកៅស៊ូនៅលើទីផ្សារអន្តរជាតិ មានតិចជាងតម្រូវការប្រើប្រាស់ ស្របពេលទិន្នផលជ័រកៅស៊ូរបស់កម្ពុជា នៅឆ្នាំ២០២៤ មានការកើនឡើងប្រមាណ១០%។
បើតាមការបញ្ជាក់របស់អគ្គនាយកដា្ឋនកៅស៊ូ រោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា ចំនួន៣ ក៏បានស្រូបទាញជ័រកៅស៊ូក្នុងស្រុកសម្រាប់ធ្វើជាវត្ថុធាតុដើមសរុបបាននប្រមាណ៥ម៉ឺន៨ពាន់តោន ឬប្រមាណ៤ពាន់៨រយតោនក្នុង១ខែផងដែរ។
គួរជម្រាបថា បច្ចុប្បន្នកម្ពុជា មានផ្ទៃដីដាំកៅស៊ូសរុបជាង៤២ម៉ឺនហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានជាង៣៣ម៉ឺនហិកតា និងផ្ទៃដីថែទាំមានជាង៩ម៉ឺនហិកតា។ ដោយឡែក សម្រាប់ផ្ទៃដីកៅស៊ូកសិឧស្សាហកម្មមានចំនួនជាង២២ម៉ឺនហិកតា និងផ្ទៃដីកៅស៊ូគ្រួសារមានចំនួនជាង២០ម៉ឺនហិកតា៕