យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានជាង៥៤ម៉ឺនតោន មានការកើនឡើងប្រមាណ៥០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ខណៈការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរួចរបស់កម្ពុជា សម្រេចបានជិត៨៨តោនប៉ុណ្ណោះ មានការថយចុះជាង៨៧% បើធៀបនឹងឆមាសទី១កាលពីឆ្នាំមុន។
លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា វៀតណាម នៅតែជាទីផ្សារនាំចេញគ្រាប់ស្វាយចន្ទីឆៅធំជាងគេរបស់កម្ពុជា។ តែយ៉ាងណាមន្ត្រីជាន់ខ្ពស់រូបនេះកត់សម្គាល់ឃើញថា បរិមាណនាំចេញគ្រាប់ស្វាយចន្ទីឆៅរបស់កម្ពុជាទៅកាន់ទីផ្សារវៀតណាម ហាក់មានការថយចុះនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ពោលគឺកាលពីមុនគ្រាប់ស្វាយចន្ទីឆៅស្ទើរ១០០%នៃទិន្នផលសរុបត្រូវបាននាំចេញទៅប្រទេសវៀតណាម តែបច្ចុប្បន្ននៅសល់តែប្រមាណ៩០%ប៉ុណ្ណោះ។ ការថយចុះនេះ គឺដោយសារការកើនឡើងរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា។
បើតាមមន្ត្រីជាន់ខ្ពស់រូបនេះ ក្រសួងកសិកម្មកំពុងធ្វើយ៉ាងណាពង្រីកការកែច្នៃក្នុងស្រុកឱ្យកាន់តែទូលំទូលាយជាងនេះ ដោយចង់បានការកែច្នៃនៅក្នុងស្រុកឱ្យទៅជាផលិតផលសម្រេច ហើយនាំចេញទៅក្រៅប្រទេស ដ្បិតថា ការវិនិយោគទៅលើការកែច្នៃនេះ វានឹងបង្កើនតម្លៃបន្ថែមដល់ដំណាំស្វាយចន្ទី ហើយនឹងផលចំណេញបន្ថែមដល់ប្រជាកសិករ និងសហគ្រាស ក៏ដូចជាលើកមុខមាត់របស់ផលិតផលកម្ពុជា លើឆាកអន្តរជាតិ។
ជាមួយគ្នានេះ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានគូសបញ្ជាក់ថា គិតត្រឹមរយៈពេល៦ខែដើមឆ្នាំ២០២៤នេះ ស្ថានភាពនៅក្នុងឧស្សាហកម្មកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា ហាក់មិនមានការប្រែប្រួលនោះទេ បើធៀបទៅនឹងឆ្នាំមុន។ យ៉ាងណាមិញអ្នកជំនាញរូបនេះ កត់សម្គាល់ឃើញថា ការកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជាបច្ចុប្បន្នហាក់មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ដោយសារសហគ្រាសកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុកខ្វះទុនសម្រាប់បង្វិលក្នុងការទិញគ្រាប់ស្វាយចន្ទីទុកសម្រាប់កែច្នៃ។
ទោះបីមកទល់ពេលនេះមិនទាន់មានតួលេខច្បាស់លាស់ពីការប្រមូលទិន្នផលគ្រាប់ស្វាយចន្ទីសរុបប្រចាំឆ្នាំ២០២៤ ក៏ដោយ តែសមាគមស្វាយចន្ទីកម្ពុជា បានវាយតម្លៃថា នៅឆ្នាំ២០២៤ នេះ ការផលិតគ្រាប់ឆៅនៅកម្ពុជា អាចសម្រេចបានជាង៨០ម៉ឺនតោន ក្នុងនោះអាចនាំចេញទៅក្រៅប្រទេសជាង៧០ម៉ឺនតោន និងអាចរកចំណូលបានលើស១ពាន់លានដុល្លា៕