យោងតាមប្រភពព័ត៌មានដដែលនេះ ក្រុមហ៊ុនចំនួន៣របស់កម្ពុជា ដែលទទួលបានសិទ្ធិនាំចេញខ្សាច់ទៅវៀតណាម រួមមាន ក្រុមហ៊ុន ចតុមុខកម្ពុជា, ក្រុមហ៊ុន សុខ ធារ៉ា និងក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមេន (GLOBAL GREEN (CAMBODIA) ENERGY DEVELOPMENT CO., LTD)។
ស្របពេលខ្វះខាតធនធានខ្សាច់សម្រាប់ផ្គត់ផ្គង់ដល់គម្រោងអភិវឌ្ឍន៍ផ្លូវហាយវ៉េធំៗនៅតំបន់ភាគខាងត្បូង នៃប្រទេសវៀតណាម ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក ត្រាន់ ហុង ហា (Tran Hong Ha) កាលពីពេលថ្មីៗនេះបានប្រគល់ភារកិច្ចឱ្យក្រសួងដឹកជញ្ជូនវៀតណាម ជួយរកដំណោះស្រាយលើរឿងនេះ។
លោក ត្រាន់ ហុង ហា (Tran Hong Ha) ក៏បានណែនាំឱ្យក្រសួងដឹកជញ្ជូនវៀតណាម សហការជាមួយក្រសួងធនធានធម្មជាតិ និងបរិស្ថាន ដើម្បីត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាពនូវប្រភពផ្គត់ផ្គង់ខ្សាច់បន្ថែមសម្រាប់គម្រោងនីមួយៗ ដោយធានាបាននូវវឌ្ឍនភាពជាបន្តបន្ទាប់លើគម្រោងផ្លូវហាយវ៉េក្នុងស្រុក។
ទន្ទឹមនេះលោកក៏បានណែនាំឱ្យគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ វិនិយោគិន និងម្ចាស់គម្រោងសិក្សាសមិទ្ធលទ្ធភាពនៃការនាំចូលខ្សាច់ផងដែរ។
យោងតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមឱ្យដឹងថា កម្ពុជាមានធនធានខ្សាច់រហូតដល់ទៅរាប់ពាន់លានតោនឯណោះ ដែលភាគច្រើនមានប្រភពពីបាតទន្លេមេគង្គ និងទន្លេបាសាក់។ បច្ចុប្បន្ន ក្រុមហ៊ុនធំៗទាំង៣ខាងលើ ត្រូវបានរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យធ្វើអាជីវកម្មបូមខ្សាច់ពីទន្លេទាំងពីរនេះ។
សារព័ត៌មានវៀតណាមដដែលនេះ បានឱ្យដឹងទៀតថា ក្រុមហ៊ុននានារបស់កម្ពុជានាំចេញខ្សាច់បានប្រមាណជិត ២៤លានតោនទៅកាន់ប្រទេសវៀតណាមចាប់តាំងពីឆ្នាំ២០២១មក។ បើយោងតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ធនធានខ្សាច់របស់កម្ពុជា គឺមានគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការទាំងរយៈពេលខ្លី និងរយៈពេលវែងសម្រាប់គម្រោងអភិវឌ្ឍន៍នានានៅតំបន់ភាគខាងត្បូង នៃប្រទេសវៀតណាម៕
ដោយ: តែម សុខុម