លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមសេដ្ឋកិច្ច បានគូសបញ្ជាក់ថា ការចូលរួមជាសមាជិកក្រុមប្រឹក្សាសន្តិភាព ដែលផ្តួចផ្តើមបង្កើតឡើងដោយលោក ដូណាល់ ត្រាំ នៅក្នុងបរិបទដែលប្រទេសកម្ពុជា កំពុងរងការឈ្លានពានពីប្រទេសថៃនេះ ពិតជាមានសារសំខាន់ និងចាំបាច់បំផុតសម្រាប់កម្ពុជា។ បើតាមអ្នកជំនាញរូបនេះ ការក្លាយជាសម្ពន្ធមិត្តជិតស្និទ្ធជាមួយអាម៉េរិក តាមរយៈក្រុមប្រឹក្សានេះ កម្ពុជានឹងអាចទាញផលប្រយោជន៍បានយ៉ាងច្រើន ពិសេសការធានាការពារសន្តិសុខជាតិរបស់ខ្លួន ដែលជាប្រទេសតូច ពោលគឺសហរដ្ឋអាម៉េរិកនឹងអាចបង្កើតកិច្ចសហប្រតិបត្តិការផ្នែកយោធា ការផ្ទេរបច្ចេកវិទ្យា និងការបណ្តុះបណ្តាលជំនាញប្រើប្រាស់សព្វាវុធជាដើមដល់កម្ពុជា។ លើសពីនេះ កម្ពុជា ក៏អាចទាញអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចពីក្រុមប្រឹក្សានេះ តាមរយៈការចរចាបញ្ចុះពន្ធនាំចូលទំនិញទៅអាម៉េរិកឱ្យសល់០% ផងដែរ។
ជាមួយគ្នានេះ លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ បានគូសបញ្ជាក់ថា ការចូលរួមរបស់លកម្ពុជា ក្នុងក្រុមប្រឹក្សាសន្តិភាពនេះ គឺបានបង្ហាញពីជំហររបស់កម្ពុជា ក្នុងការចូលរួមគាំទ្រគំនិតផ្តួចផ្តើមសកលនានា ដែលសំដៅធានាការពារសន្តិភាព និងស្ថិរភាពសកល ដ្បិតថា កម្ពុជា ជាប្រទេសដែលធ្លាប់រងគ្រោះដោយសារសង្រា្គមជាច្រើនឆ្នាំ។ លើសពីនេះ ការចូលក្នុងក្រុមប្រឹក្សាសន្តិភាពនេះ វាកាន់តែឆ្លើយតបយ៉ាងសំខាន់ទៅនឹងសភាពការណ៍ជាក់ស្តែងខាងផ្នែកសន្តិសុខជាតិ ដែលកម្ពុជា កំពុងជួបប្រទះការឈ្លានពានទឹកដីពីសំណាក់យោធាថៃ។ អ្នកជំនាញរូបនេះបានបន្ថែមថា ការចូលរួមនេះ វាក៏នឹងក្លាយជាយន្តការបន្ថែមសម្រាប់កម្ពុជា ក្នុងការជំរុញឥទ្ធិពលការទូត និងសេដ្ឋកិច្ចកាន់តែមានភាពប្រសើរឡើង ហើយធ្វើឱ្យសំឡេងកម្ពុជា នៅក្នុងកិច្ចការតំបន់ និងសកលកាន់តែមានសារសំខាន់ផងដែរ។
គួរបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៧ ខែមករានេះ បានប្រកាសនៅលើទំព័រហ្វេសប៊ុកផ្លូវការថា កម្ពុជា សម្រេចចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព តាមការអញ្ជើញរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ដើម្បីបង្ហាញពីឆន្ទៈរបស់កម្ពុជា ក្នុងការគាំទ្រ និងរួមចំណែកដល់ការលើកកម្ពស់ការរក្សាសន្តិភាពសកល។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា សុច្ឆន្ទៈ ស្រឡាញ់សន្តិភាព ការគាំទ្រ និងរួមចំណែកដល់ការកសាង និងរក្សាសន្តិភាព គឺជាគោលការណ៍ដែលកម្ពុជា តែងតែប្រកាន់ខ្ជាប់ជារៀងរហូតមក ជាពិសេសតាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ ទៅបំពេញបេសកកម្មនៅតាមបណ្តាប្រទេសមួយចំនួន ដែលរងគ្រោះដោយសារសង្រ្គាម។
បើតាមការអះអាងរបស់សម្តេចធិបតី ការចូលរួមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាពសម្រាប់អាណត្តិ៣ឆ្នាំ មិនតម្រូវឱ្យបង់ថវិកាទេ ហើយចំពោះការបង់ថវិកា១ពាន់លានដុល្លារអាម៉េរិកនោះ គឺសម្រាប់ករណីចូលជាសមាជិករយៈពេលវែង ឬអចិន្ត្រៃយ៍តែប៉ុណ្ណោះ៕
អត្ថបទ សោម ស្រីពេជ្រ