Advertisement
សេដ្ឋកិច្ច-នយោបាយ

អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ អំពាវនាវឲ្យទម្លាក់ការចោទប្រកាន់ អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី


លោកស្រី រ៉ូណា ស្ម៊ីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា បានអំពាវនាវដល់រដ្ឋាភិបាលនៅថ្ងៃសុក្រនេះ ឲ្យផ្តល់លំហរបន្ថែមទៀតសម្រាប់សេរីភាពសារព័ត៌មានទាំងអស់ និងស្នើឲ្យមានការទម្លាក់ការចោទប្រកាន់អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីពីរនាក់ផងដែរ។
លោកស្រី រ៉ូណា ស្ម៊ីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា (រូបភាព៖ RFA)
ដោយ
Advertisement

ការអំពាវនាវរបស់​លោកស្រីរ៉ូណា ស្ម៊ីត ដែលកំពុងតែធ្វើ​ទស្សនកិច្ច​នៅកម្ពុ​ជាផងដែរនោះ គឺធ្វើឡើង​ចំទិវាសេរីភាព​សារព័ត៌មានពិភពលោក ដែលលោកស្រី​បាននិយាយថា គាត់មាន​កង្វល់ដែលកម្ពុជា​បានធ្លាក់ចុះ​ពិន្ទុ​បន្ថែមទៀត​ នៅក្នុង​សន្ទស្សន៍សេរីភាព​សារព័ត៌មាន​ពិភពលោក​របស់​អ្នករាយការណ៍​គ្មានព្រំដែន។

លោកស្រីរ៉ូណា ស្ម៊ីត បានបង្ហោះ​សារតាម​រយ:ហ្វេស​ប៊ុក​ដូច្នេះថា«ខ្ញុំសូមលើក​ទឹកចិត្ត​ឲ្យរដ្ឋាភិបាល​ផ្តល់លំហរ​សម្រាប់​សេរីភាព​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ ទាំងតាម​អនឡាញ និងទាំង​អូហ្វឡាញ រួមទាំង​តាមរយៈ​ការអនុម័ត និងការអនុវត្ត​សេចក្តី​ព្រាង​ច្បាប់ស្តី​ពីសិទ្ធិទទួល​ព័ត៌មាន»។

លោកស្រីរ៉ូណា ស្ម៊ីត បានបន្តថា«ខ្ញុំសូម​ជំរុញ​លើកទឹកចិត្ត​ជាថ្មីម្តងទៀត ឲ្យទម្លាក់​ការចោទ​ប្រកាន់​លើអតីត​អ្នកសារព័ត៌មាន​វិទ្យុអាស៊ី​សេរី​ទាំងពីរនាក់​ផងដែរ។»

លោកស្រីរ៉ូណា ស្ម៊ីត បាននិយាយថា កម្ពុជាបាន​ធ្លាក់ចុះ​មួយពិន្ទុ​បន្ថែមទៀត មកត្រឹមលេខ ១៤៣ កាលពីឆ្នាំ​២០១៨ បន្ទាប់ពី​ធ្លាក់ចុះ១០ ពិន្ទុពី ១៣២ នៅឆ្នាំ២០១៧ នៅក្នុង​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ពិភពលោក​របស់អ្នក​រាយការណ៍​គ្មានព្រំដែន។

អតីតអ្នក​កាសែត​របស់វិទ្យុ​អាស៊ីសេរី លោក យាង សុធារិន និងសហការី​របស់​លោកគឺ លោក អ៊ួន ឈិន ត្រូវបានគេ​ចាប់ខ្លួន​កាលពី​ខែវិច្ឆិកា ឆ្នាំ២០១៧ និងចោទពីបទ​ផ្តល់ព័ត៌មាន ដែលបំផ្លិចបំផ្លាញ​ដល់ការ​ការពារជាតិ​ទៅក្រៅប្រទេស និងពីបទផលិត​រូបអាសអាភាស។ ពួកគាត់ទាំងពីរ​នាក់​បានបដិសេធ​ការចោទ​ប្រកាន់​ទាំងអស់នេះ។

បន្ទាប់ពីការបោះឆ្នោត​ជាទូទៅរួចហើយ​នៅឆ្នាំមុន អ្នកទាំងពីរ​ត្រូវបានគេ​ដោះលែងក្រៅឃុំ​បណ្តោះអាសន្ន​នៅខែខែសីហា​ឆ្នាំ២០១៨ ក៏ប៉ុន្តែការចោទ​ប្រកាន់​ផ្លូវតុលាការ​នៅដដែល។

វិទ្យុអាស៊ីសេរី ដែលរដ្ឋាភិបាល តែងតែចោទថា​មានភាព​លម្អៀង​ចំពោះ​គណបក្ស​ប្រឆាំង​នោះ បានបិទការិយាល័យ​របស់ខ្លួននៅ​ភ្នំពេញកាលពី​ខែកញ្ញា ឆ្នាំ ២០១៧។

ទស្សនកិច្ចរបស់​លោកស្រីរ៉ូណា ស្ម៊ីត មានរយៈពេល ១១ថ្ងៃ ចាប់ពីថ្ងៃទី ២៩ ខែមេសា ដល់ថ្ងៃទី ៩ខែឧសភា ឆ្នាំ ២០១៩ ដោយរួមមាន​ជំនួបជាមួយ​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល និងតំណាង​សង្គម​ស៊ីវិលផងដែរ។

នាទិវាសេរីភាព​សារព័ត៌មាន​ពិភពលោកនេះ​ផងដែរ សម្តេចនាយករដ្ឋមន្រ្តី​ហ៊ុន សែនក៏បាននិយាយ​ក្នុងសារលិខិត​ថា រដ្ឋាភិបាលបានជំរុញឲ្យ​ក្រសួងស្ថាប័ន​ពាក់ព័ន្ធពន្លឿន​ការធ្វើសេចក្តី​ព្រាងច្បាប់ស្តី​ពីសិទ្ធិទទួល​ព័ត៏មាន​ និងធ្វើវិសោធនកម្ម​ច្បាប់ស្តី​ពីរបបសារព័ត៏​មានឲ្យ​មាន​សង្គតិភាព​ទៅនឹង​សេចក្តីព្រាង​ច្បាប់ស្តីពី​សិទ្ធិទទួល​ព័ត៌មាន​ដើម្បីដាក់​ជូនស្ថាប័ន​និតិប្បញ្ញត្តិអនុម័ត​ឲ្យ​បានឆាប់។

សម្តេច ហ៊ុន សែន ក៏បាននិយាយ​ផងដែរថា សេរីភាពសារព័ត៌មាន​នៅកម្ពុជា​មានការបើក​ទូលាយ ហើយបាន​អំពាវនាវ​ឲ្យ​អ្នកសារព័ត៌មាន​ទាំងអស់​ត្រូវក្លាហាន​និយាយ​ការពិត ធ្វើការរិះគន់​ក្នុងន័យស្ថាបនា ដើម្បីចូលរួម​កសាង​សង្គមឲ្យ​មានភាព​យុត្តិធម៌៕

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការវិនិយោគលើដំណាំកៅស៊ូ មិនមានស្ទុះ ដោយសារតែកត្តាតម្លៃមិនសូវល្អ នៅឆ្នាំ២០១៩នេះ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានកៅស៊ូបានអះអាងថា អាជីវកម្ម ផលិតកម្មដំណាំកៅស៊ូ រួមទាំងតម្លៃនៅតែមិនមានសន្ទុះនៅឡើយ នៅក្នុងរយៈពេល ៣ខែដំបូង...

ខុនដូក្បែរសាលា និងមន្ទីរពេទ្យ នៅក្រុងបាងកក នៅតែពេញនិយមទិញ ដោយភ្ញៀវចិន

ព័ត៌មាន
តម្រូវការខុនដូ ពីសំណាក់អតិថិជន ជនជាតិចិន នៅតែមានកំណើនល្អ ក្នុងទីផ្សារប្រទេសថៃ ពិសេសនៅក្នុងតំបន់ជិតសាលារៀន និងមន្ទីរពេទ្យ ក្នុងទីក្រ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ