
ស្ថានភាពទីផ្សារពោតក្រហមនៅកម្ពុជា កំពុងប្រឈមនឹងបញ្ហាគួរឱ្យកត់សម្គាល់ តាំងពីមានបញ្ហាបិទព្រំដែនរវាងកម្ពុជា និងថៃមក។
លោកស្រី សាប សាវិ កសិករដាំពោតក្រហមនៅខេត្តបាត់ដំបង បានបញ្ជាក់ប្រាប់ខេមបូណូមីស នៅថ្ងៃទី ១៧ ខែសីហាឆ្នាំ២០២៥ ថា ស្ថានភាពការប្រមូលផលពោតក្រហម នៅឆ្នាំនេះ ហាក់មិនសូវមានឈ្មួញចុះប្រមូលទិញនោះឡើយ ក្រោយបាត់ទីផ្សារធំនៅថៃ ខណៈបច្ចុប្បន្នការប្រមូលផលពោតកំពុងចាល់នៅលើទីផ្សារ។ បើតាមកសិកររូបនេះ តម្លៃពោតស្នូលបច្ចុប្បន្នអាចលក់បានក្នុងតម្លៃ៣០០រៀលក្នុងមួយគីឡូក្រាមប៉ុណ្ណោះ ដែលជាតម្លៃទាបខ្លាំងបើធៀបនឹងតម្លៃកាលពីឆ្នាំមុន។
ទាក់ទងនឹងបញ្ហាទីផ្សារពោតក្រហមនេះដែរ ឧកញ៉ា ម៉ុង ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ម៉ុង ឬទ្ធីគ្រុប បានលើកឡើងថា ក្រុមហ៊ុនរបស់លោកឧកញ៉ាបានជួយប្រមូលទិញពោតក្រហមពីកសិករគ្រប់រដូវកាល តែយ៉ាងណាការជួយប្រមូលទិញនេះ ហាក់មិនអាចប្រមូលបានទាំងអស់នោះទេ ដោយសារតែបរិមាណនៃទិន្នផលពោតរបស់កសិករមានច្រើនខ្លាំងពេក។ អ្នកជំនួញកសិកម្មដ៏ល្បីឈ្មោះនៅកម្ពុជារូបនេះ បានលើកទឹកចិត្តឱ្យកសិករគួរតែសម្ងួតពោតស្តុកទុក ដើម្បីអាចបញ្ចេញលក់សន្សឹមៗ រហូតដល់ពេលផុតរដូវប្រមូលផល។
ក្នុងស្ថានភាពដែលកសិករដាំពោតក្រហមកំពុងជួបការលំបាក លោក សុខ វិន ប្រធានសហគមន៍កសិកម្មតាសែនខេត្តបាត់ដំបង បានសំណូមពរដល់រាជរដ្ឋាភិបាល ជួយដល់គាំទ្រកសិករបន្ថែមទៀត ពិសេសសម្របសម្រួលឱ្យមានការពន្យារពេលបង់ប្រាក់សងជាមួយគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ដើម្បីអាចជួយសម្រួលដល់ជីវភាពរបស់កសិករបានមួយកម្រិត នៅក្នុងកាលៈទេសៈលំបាកនេះ។
យោងតាមរបាយការណ៍ស្តីពីស្ថានភាពនៃការនាំចេញផលិតផលដំណាំរយៈពេល៧ខែឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានកសិកម្ម បរិមាណផលពោតក្រហមដែលគ្រោងនឹងប្រមូលផលក្នុងអំឡុងខែ សីហា ដល់ខែធ្នូ ឆ្នាំ២០២៥ មានប្រមាណ ៦១ម៉ឺនតោន ក្នុងនោះការប្រមូលផលច្រើនជាងគេក្នុងខែសីហា មានប្រមាណ ៦៦,៤៦% ហើយតាមការប៉ាន់ស្មាន ការប្រមូលផលពោតក្រហមក្នុងខែកក្កដានេះ មានប្រមាណ ១៣ម៉ឺនតោន។ របាយការណ៍គូសបញ្ជាក់បន្ថែមថា ក្នុងករណីមិនអាចនាំចេញពោតក្រហមទៅកាន់ប្រទេសថៃបាន នោះនឹងទទួលរងផលប៉ះពាល់តិចតួច ប៉ុន្តែបញ្ហានេះ អាចនឹងដោះស្រាយបានប្រសិនបើ អាចពិភាក្សាជាមួយក្រុមហ៊ុននាំចូលពោតក្រហមឱ្យផ្អាកប្រតិបត្តិការនាំចូលរបស់ខ្លួនមួយរយៈពេលខ្លី ដើម្បីឱ្យក្រុមហ៊ុន ផលិតចំណីសត្វក្នុងស្រុកជួយប្រមូលទិញពីកសិករសម្រាប់កែច្នៃជាចំណីសត្វ៕
អត្ថបទ៖ ជា ម៉ារ៉ា