វិស័យកសិកម្ម

កសិករដាំស្ពៃក្ដោប នៅខេត្តបាត់ដំបង ប្រឈមនឹងការខាត ក្រោយស្ពៃក្តោមធ្លាក់ថ្លៃមកនៅត្រឹម៣០០រៀល ទៅ៥០០រៀលក្នុង១គីឡូក្រាម


ក្រុមកសិករដាំស្ពៃក្តោបនៅខេត្តបាត់ដំបង បានត្អូញត្អែរពីការធ្លាក់ចុះតម្លៃស្ពៃក្ដោបនៅរដូវប្រមូលផលនេះ ដែលតម្លៃនេះអាចធ្វើឱ្យពួកគេប្រឈមនឹងការខាត។ បើតាមការអះអាងរបស់កសិករ ស្ពៃក្ដោបបច្ចុប្បន្នបានធ្លាក់ចុះមកនៅត្រឹមចន្លោះ៣០០រៀល ទៅ៥០០រៀល ក្នុង១គីឡូក្រាមប៉ុណ្ណោះ ខណៈកាលពីប៉ុន្មានខែមុនអាចលក់បានចន្លោះពី៦០០រៀលទៅ៧០០រៀលក្នុង១គីឡូក្រាម។ តើមានមូលហេតុអ្វីបណ្ដាលឱ្យតម្លៃស្ពៃក្ដោបនៅខេត្តបាត់ដំបង ធ្លាក់ថ្លៃបែបនេះ?
វិស័យកសិកម្ម
ដោយ

លោក ពន របាំង កសិករដាំស្ពៃក្តោបម្នាក់ នៅខេត្តបាត់ដំបង បានអះអាងថា ស្ពៃក្តោបនៅតំបន់លោកបច្ចុប្បន្នបានធ្លាក់ចុះមកនៅត្រឹម៣០០រៀល ក្នុង១គីឡូក្រាមប៉ុណ្ណោះ បើលក់នៅចម្ការផ្ទាល់ ខណៈកាលពីប៉ុន្មានខែមុនអាចលក់បានចន្លោះពី៦០០រៀល ទៅ៧០០រៀល ក្នុង១គីឡូក្រាម។ បើតាមការលើកឡើងរបស់កសិកររូបនេះ តម្លៃស្ពៃក្តោបបច្ចុប្បន្នមិនអាចផ្តល់ប្រាក់ចំណេញដល់រូបលោកនោះទេ។ កសិកររូបនេះបានឱ្យដឹងដែរថា កន្លងមកលោកធ្លាប់ដាំដំណាំកិច្ចសន្យាជាមួយក្រុមហ៊ុនមួយ ប៉ុន្តែមិនបានផ្ដល់ផលចំណេញដល់រូបលោកនោះទេ ដោយសារក្រុមហ៊ុននោះមិនមានបច្ចេកទេសក្នុងការស្ដុកបន្លែទុក ដោយយកទៅម្ដងបន្តិចៗនាំឱ្យផលដំណាំរបស់លោកខូចគុណភាព។

​ជាមួយគ្នានេះ លោក ក្រាក សុភាព អ្នកដាំស្ពៃក្ដោបម្នាក់នៅខេត្តបាត់ដំបងដែរនោះ បានគូសបញ្ជាក់ថា តាមរយៈបទពិសោធន៍របស់លោកជាង២០ឆ្នាំមកនេះ បញ្ហាដែលធ្វើឱ្យស្ពៃក្ដោបធ្លាក់ថ្លៃ គឺដោយសារមានការនាំចូលបន្លែពីបរទេសច្រើនពេក ខណៈអ្នកដាំក្នុងស្រុកមានការកើនឡើងជាបន្តបន្ទាប់។

​ដោយឡែកលោកស្រី ប៊ូន ច័ន្ទប៉ូលីន អ្នកលក់ស្ពៃក្ដោបមួយរូបនៅខេត្តបាត់ដំបង បានឱ្យដឹងថា តម្លៃស្ពៃក្តោបដែលលោកស្រីប្រមូលទិញពីកសិករមានតម្លៃ៥រយរៀលក្នុង១គីឡូក្រាម និងលក់ចេញវិញក្នុងតម្លៃ១ពាន់រៀល ក្នុង១គីឡូក្រាម ដោយចំណេញអាចផ្តល់ប្រាក់ចំណេញតិចតួចប៉ុណ្ណោះ បន្ទាប់ពីកាត់ថ្លៃចំណាយលើការដឹកជញ្ជូន និងការវិចខ្ចប់។ ស្របពេលដំណាំបន្លែកំពុងជួបបញ្ហាធ្លាក់ថ្លៃ អ្នកលក់ស្ពៃក្តោបរូបនេះសំណូមដល់ប្រជាពលរដ្ឋជួយគាំទ្របន្លែក្នុងស្រុកទាំងអស់គ្នា ដើម្បីឱ្យកសិករមានទឹកចិត្តដាំដុះបន្តទៀត។

​ពាក់ព័ន្ធនឹងស្ថានភាពទីផ្សារស្ពៃក្ដោប នៅខេត្តបាប់ដំបងនេះដែរ លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានបញ្ជាក់ឱ្យដឹងថា មូលហេតុដែលធ្វើឱ្យស្ពៃក្ដោបធ្លាក់ថ្លៃនាពេលបច្ចុប្បន្ននេះ ក៏ព្រោះតែកសិករប្រមូលផលស្ពៃក្ដោបដំណាលពេលគ្នា គួបផ្សំគុណភាពស្ពៃក្ដោបនៅឆ្នាំនេះហាក់មិនសូវល្អ ប៉ុន្តែបញ្ហាធ្លាក់ថ្លៃនេះមិនមែនដោយសារការនាំចូលបន្លែពីក្រៅប្រទេសនោះទេ។ យ៉ាងណាមិញលោក ឈឹម វជិរា លើកទឹកចិត្តដល់ប្រជាកសិករគួរងាកមកដាំស្ពៃក្តោបជាលក្ខណៈសហគមន៍ ដើម្បីមានភាពងាយស្រួលក្នុងការជួយអន្តាគមន៍។

​គួរជម្រាបថា ទិន្នផលស្ពៃក្ដោបដែលកំពុងជួបបញ្ហាធ្លាក់ថ្លៃនាពេលបច្ចប្បន្ននេះ ជាប្រភេទស្ពៃក្ដោបខ្មែរ ឬហៅម្យ៉ាងទៀតថា KK Cross ដែលមានរស់ជាតិផ្អែម និងស្រួយឆ្ងាញ់ជាងស្ពៃក្ដោបដែលនាំចូលពីក្រៅប្រទេស៕

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


ធនាគារជាតិ ព្យាករថា ការផ្តល់កម្ចីក្នុងប្រព័ន្ធធនាគារនឹងមានកំណើន៦% នៅឆ្នាំនេះ តើអ្នកជំនាញមានការវាយតម្លៃបែបណា?

ធនាគារជាតិនៃកម្ពុជា បានអះអាងថា នៅឆ្នាំ២០២៥ នេះ ប្រព័ន្ធធនាគារនៅកម្ពុជានឹងបន្តអភិវឌ្ឍដោយភាពរឹងមាំ និងបន្តដើរតួនាទីយ៉ាងសកម្មក្នុងការគាំទ្…

តើនាយករដ្ឋមន្ត្រីកាណាដា និងសម្តេច Charles របស់អង់គ្លេស បានជជែកគ្នាពីបញ្ហាអ្វីខ្លះ?

នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ឌ្រូដូ (Justin Trudeau) បានបញ្ជាក់ថា អាទិភាពកំពូលរបស់លោកក្នុងការជួបពិភាក្សាជាមួយព្រះមហាក្សត្រ Charles…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ