លោក យូន ស៊ុកយុល

ទីបំផុត ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល ត្រូវបានព្យួរតំណែង


នៅទីបំផុតប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk Yeol) នៅតែគេចមិនផុតពីជោគវាសនាអាក្រក់ ដោយតំណែងរបស់លោកនៅពេលនេះត្រូវបានព្យួរ និងមានអ្នកចូលកាន់ជំនួសជាបណ្ដោះអាសន្ន ហើយរង់ចាំតែការសម្រេចផ្ដាច់ព្រ័ត្រដោយតុលាការធម្មនុញ្ញប៉ុណ្ណោះ ក្រោយពីសភាកូរ៉េខាងត្បូង បានបោះឆ្នោតដោយសំឡេងច្រើនលើសលប់ចោទប្រកាន់លោកជាផ្លូវការ ចំពោះការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នក្រោមច្បាប់អាជ្ញាសឹក ដែលបានបង្កការភ្ញាក់ផ្អើលពេញប្រទេស និងពិភពលោកទាំងមូលកាលពីពេលថ្មីៗនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេ អេស៊ា។
លោក យូន ស៊ុកយុល
ដោយ

សភាកូរ៉េខាងត្បូង កាលពីថ្ងៃទី១៤ ខែធ្នូ បានបោះឆ្នោតដោយទទួលបានសំឡេងភាគច្រើនលើសលប់សម្រេចចោទប្រកាន់ប្រធានាធិបតី យូន ស៊ុកយុល ជាផ្លូវការ បន្ទាប់ពីលោកបានប៉ុនប៉ងអនុវត្តច្បាប់អាជ្ញាសឹក ដែលបង្កឱ្យមានចលាចលខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រប្រជាធិបតេយ្យនាសម័យទំនើបរបស់ប្រទេសនេះ និងបង្កការភ្ញាក់ផ្អើលពេញពិភពលោកកាលពីពេលថ្មីៗនេះ។

សភាកូរ៉េខាងត្បូង បានបោះឆ្នោតចោទប្រកាន់លោក យូន ស៊ុកយុល ជាផ្លូវការជាមួយសំឡេង២០៤សំឡេង ខណៈ៨៥សំឡេងបោះឆ្នោតជំទាស់ ហើយក៏មានអនុប្បវាទចំនួន៣សំឡេង និង៨សំឡេងទៀតត្រូវបានចាត់ទុកថាមិនបានការ។

សូមបញ្ជាក់ថា សភាពេញអង្គរបស់កូរ៉េខាងត្បូង មានសំឡេងសរុបចំនួប៣០០សំឡេង ហើយដើម្បីអាចអនុម័តអ្វីមួយបានតម្រូវឱ្យមានសំឡេងភាគច្រើន ពោលគឺ២ភាគ៣ ឬស្មើនឹង២០០សំឡេង។

ពេលនេះលោក យូន ស៊ុកយុល ត្រូវបានព្យួរពីតំណែងហើយ ហើយត្រូវរង់ចាំការសម្រេចផ្ដាច់ព្រ័ត្រដោយតុលាការធម្មនុញ្ញកូរ៉េខាងត្បូង ថាតើត្រូវរក្សាទុកជាបានការដដែល ឬក៏ត្រូវច្រានចោលលទ្ធផលនៃការបោះឆ្នោតរបស់សភា។ ​នៅពេលនេះ នាយករដ្ឋមន្ត្រី ហាន ឌុកស៊ូ (Han Duck-soo) បានចូលកាន់តំណែងជាប្រធានាធិបតីស្តីទី។

គួររំឭកថា លោក យូន ស៊ុកយុល បានធ្វើឱ្យកូរ៉េខាងត្បូង ក៏ដូចសហគមន៍អន្តរជាតិ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីល្ងាចថ្ងៃទី៣ ខែធ្នូ កន្លងទៅថ្មីៗនេះ ក្រោយលោកប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ហើយបានហៅកម្លាំងយោធាឱ្យចេញមកតាមដងផ្លូវដើម្បីត្រៀមអនុវត្តច្បាប់អាជ្ញាសឹក។ ទោះជាយ៉ាងណា លោកបានដកការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ននេះចេញវិញនៅរំលងអធ្រាត្រឈានចូលព្រឹកស្អែក បន្ទាប់ពីរដ្ឋសភាបានកោះប្រជុំជាបន្ទាន់ដើម្បីជំទាស់នឹងការសម្រេចរបស់លោក៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បញ្ជាក់ថា កោះគុត ជាដែនអធិបតេយ្យភាពរបស់ថៃ ១០០% ហើយថា កុំជឿលើព័ត៌មានក្លែងក្លាយដែលបង្កើតឡើងដោយ AI

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្តីថៃ និងជាអ្នកដែលផ្តួចផ្តើមផ្ទាល់ឱ្យឈានដល់ការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការដោះស្រ…

អាម៉េរិក គ្រោងដាក់ទណ្ឌកម្មលើកប៉ាល់ដឹកប្រេងខុសច្បាប់ និងពិចារណាដាក់ទណ្ឌកម្មលើបណ្ដាធនាគារចិន

រដ្ឋមន្ត្រីក្រសួងរតនាគារអាម៉េរិក លោកស្រី ជេណេត យេលេន (Janet Yellen) បានប្រកាសថា សហរដ្ឋអាម៉េរិកអាចនឹងដាក់ទណ្ឌកម្មបន្ថែមទៀតលើកប៉ាល់ដឹកប្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ