កម្ពុជាមានទុនបម្រុងអន្តរជាតិ ២១ពាន់លានដុល្លារអាមេរិក

ធនាគារជាតិ៖កម្ពុជាមានទុនបម្រុងអន្តរជាតិ ២១ពាន់លានដុល្លារអាមេរិក ជាកម្រិតខ្ពស់ជាងកម្រិតអប្បបរមាដែលប្រទេសកំពុងអភិវឌ្ឍន៍គួរមាន


ធនាគារជាតិនៃកម្ពុជា បានលើកឡើងថ្មីៗនេះថា បច្ចុប្បន្នកម្ពុជាមានទុនបម្រុងអន្តរជាតិសរុបប្រមាណ ២១ពាន់លានដុល្លារអាមេរិក ដែលកម្រិតនេះ គឺខ្ពស់ជាងកម្រិតអប្បបរមាដែលប្រទេសកំពុងអភិវឌ្ឍន៍គួរមាន។ ជាមួយនឹងទុនបម្រុងអន្តរជាតិប្រមាណ ២១ពាន់លានដុល្លារនេះដែរ អាចជួយឲ្យកម្ពុជាអាចធានាបាននូវការនាំចូលបានដល់ទៅជាង១០ខែឯណោះ។
ធនាគារជាតិនៃកម្ពុជា(រូបភាព ៖www.nbc.gov.kh)

យ៉ាងណាមិញ ក្នុងស្ថានភាពដែលកំណើនសេដ្ឋកិច្ចពិភពលោកបានងើបឡើងជាបន្តបន្ទាប់ ជាមួយនឹងល្បឿនខុសគ្នា និងមានភាពមិនច្បាស់លាស់ខ្ពស់នៅឡើយ ធនាគារកណ្ដាលមានតួនាទីសំខាន់ណាស់ក្នុងការពង្រឹងជំនឿទុកចិត្តលើសេដ្ឋកិច្ច និងគាំទ្រកំណើន តាមរយៈឧបករណ៍នយោបាយរូបិយវត្ថុ ការគៀងគរទុនបម្រុងអន្តរជាតិ និងវិភាគម៉ាក្រូប្រុងប្រយ័ត្ន។

ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តតួនាទីទាំងនេះ ធនាគារកណ្តាលក៏ត្រូវតែរក្សាបានឯករាជ្យភាពនៅក្នុងប្រតិបត្តិការរបស់ខ្លួនដែរ។ នេះបើតាមការគូសបញ្ជាក់របស់ ធនាគារជាតិនៃកម្ពុជា នៅក្នុងវេទិកាប្រចាំឆ្នាំមួយដែលរៀបចំដោយធនាគារពិភពលោក ស្ដីពីភាពជាដៃគូនៃការគ្រប់គ្រង និង ប្រឹក្សាលើទុនបម្រុងអន្តរជាតិ។

Story: ធនាគារជាតិនៃកម្ពុជាមានកិច្ចសហប្រតិបត្តិការល្អ ជាមួយធនាគារពិភពលោក ដែលក្នុងនោះមានការគ្រប់គ្រងទុនបម្រុងអន្តរជាតិផងដែរ ហើយធនាគារពិភពលោក បានផ្តល់ជំនួយបច្ចេកទេស និងកសាងសមត្ថភាពជំនាញ ដល់មន្ត្រីធនាគារជាតិនៃកម្ពុជាថែមទៀតផង។ បច្ចុប្បន្ន ទុនបម្រុងអន្តរជាតិរបស់កម្ពុជាមានចំនួនប្រមាណ ២១ ប៊ីលានដុល្លារអាមេរិក ដែលជាកម្រិតខ្ពស់ជាងកម្រិតអប្បបរមាដែលប្រទេសកំពុងអភិវឌ្ឍន៍គួរមាន។ 

ធនាគារជាតិនៃកម្ពុជាក៏បានយកចិត្តទុកដាក់លើការប្រែប្រួលអាកាសធាតុ ដោយបានវិនិយោគទុនបម្រុងមួយផ្នែកលើវិស័យដែលគិតគូរពីបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) និងបានបញ្ចូល ESG ទៅក្នុងការណែនាំនៃការវិនិយោគ។  ចំពោះការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា បានគាំទ្រការអភិវឌ្ឍប្រព័ន្ធទូទាត់ទំនើប និងបានដាក់ចេញប្រព័ន្ធទូទាត់បាគង ដោយប្រើប្រាស់បច្ចេកវិទ្យា Blockchain សម្រាប់ជាប្រព័ន្ធទូទាត់កន្លោង ដើម្បីលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ តម្លាភាព គណនេយ្យភាព និងអាចទូទាត់ឆ្លងគ្រឹះស្ថានបានដើម្បីសម្រួលការទូទាត់ទាំងក្នុងស្រុក និងសមាហរណកម្មទៅក្នុងតំបន់។

បើតាមរបាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា នៅឆ្នាំ២០២១នេះសេដ្ឋកិច្ចកម្ពុជាត្រូវបានស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗព្យាករថា នឹងមានការកើនឡើងក្នុងរង្វង់ ២%។ ដោយឡែក នៅឆ្នាំ២០២២វិញ ត្រូវបានព្យាករថា នឹងកើនក្នុងរង្វង់ ៤,៨% ដែលនាំឲ្យផលិតផលក្នុងស្រុកសរុបនាពេលបច្ចុប្បន្នមានទំហំជាទឹកប្រាក់ប្រមាណ ជាង៣០ពាន់លានដុល្លារអាមេរិក ហើយចំណូលរបស់ប្រជាជនម្នាក់ៗវិញនឹងមានដល់ ១.៨៤២ដុល្លារអាមេរិក កើនពី ១.៧៣០ដុល្លារអាមេរិក កាលពីឆ្នាំ២០២១។

ចំពោះអតិផរណាជាមធ្យមប្រចាំឆ្នាំវិញ នៅក្នុងឆ្នាំ២០២២ ត្រូវបានក្រសួងសេដ្ឋកិច្ចប៉ាន់ប្រមាណថា   នឹងមានក្នុងអត្រា ២,៨% ដោយសារតែរំពឹងទុកមានការវិលត្រលប់ទៅរកនិន្នាការធម្មតាវិញនៃថ្លៃម្ហូបអាហារ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អភិបាលខេត្តកំពង់ស្ពឺ៖ទឹកស្ទឹងព្រែកត្នោតបានវិលមករកភាពធម្មតាវិញហើយ

ព័ត៌មាន
ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺបានអះអាងថា ស្ថានភាពជំនន់ទឹកភ្លៀងក្នុងស្ទឹងព្រែកត្នោត បានវិលមករកសភាពធម្មតាវិញហើយ ក្រោយមានការកើនឡើងធ្វើឲ្យប៉ះពាល់…

តើអាជ្ញាធរខេត្តកោះកុង និងខេត្តព្រះសីហនុ កំពុងត្រៀមខ្លួនបែបណាខ្លះ ក្នុងផែនការបើកទទទួលទេសចរវ៉ាក់សាំងនាចុងខែវិច្ឆិកាខាងមុខ?

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យក ខេត្តព្រះសីហនុ និងកោះកុង ជាខេត្តគោលដៅដំបូងគេ ក្នុងការបើកទទួលទេសចរអន្តរជាតិឡើងវិញ ចាប់ពីថ្ងៃទី៣០ ខែវិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ