ហិរញ្ញវត្ថុនៅកម្ពុជា

ធនាគារជាតិ និងក្រសួងអប់រំដាក់ឱ្យអនុវត្តកម្មវិធីបញ្ជ្រាបចំណេះផ្នែកហិរញ្ញវត្ថុពីថ្នាក់ទី៥ ដល់ទី១២


លោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានចាត់ទុកចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺជាជំនាញដែលត្រូវប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ ហើយក្នុងបរិបថ ដែលសេដ្ឋកិច្ចកំពុងវិវត្តន៍ជាប្រចាំការផ្តល់ឱ្យសិក្សានុសិស្សនូវជំនាញហិរញ្ញវត្ថុ ដូចជាការយល់ដឹងដឹងអំពីការប្រាក់ ការវិនិយោគ និងការចាត់ចែងហិរញ្ញវត្ថុចាប់ពីវ័យកុមារ គឺជាការចាំបាច់ ដើម្បីឱ្យពួកគេមានសមត្ថភាពក្នុងការសម្រេចចិត្តត្រឹមត្រូវ ក្នុងការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អនាគតហិរញ្ញវត្ថុរបស់ពួកគេ។
ហិរញ្ញវត្ថុនៅកម្ពុជា
ដោយ

ដោយមើលឃើញពីសារៈសំខាន់ទាំងនេះ ធនាគារជាតិនៃកម្ពុជា និងក្រសួងអប់រំយុវជន និងកីឡាបានសហការគ្នា និងឈានដល់ការចុះហត្ថលេខាលើលើអនុស្សរណៈនៃការយោគយល់គ្នាជាលើកទី២ ដើម្បីបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅដំណាក់កាលទី៣ នៅថ្ងៃទី១ ខែកម្ភៈ ឆ្នាំ២០២៤។
ថ្លែងក្នុងសិក្ខាសាលាស្តីពី«ការអនុវត្តគម្រោងបញ្រ្ជាបចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅក្នុងកម្មវិធីសិក្សាចំណេះទូទៅដំណាក់កាលទី៣»នាថ្ងៃទី១ ខែកម្ភៈ ឆ្នាំ២០២៤ លោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាបានគូសបញ្ជាក់ថា ការអនុវត្តគម្រោងបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅបានឈានដល់ដំណាក់កាលទី៣ ដែលជាដំណាក់កាលចុងក្រោយ មានទ្រង់ទ្រាយធំ និងមានរយៈពេលដល់ទៅ៣ឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦។

បើតាមថ្នាក់ដឹកនាំរូបនេះ ការងារជាអាទិភាពគន្លឹះក្នុងដំណាក់កាលទី៣នេះ គឺការបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់ថ្នាក់ចំនួន៧ ដែលនៅសល់រួមមានថ្នាក់ទី៥, ៦, ៨, ៩, ១០, ១១ និង១២ ក៏ដូចជាការបណ្តុះបណ្តាលគ្រូបង្គោល និងធ្វើតេស្តសាកល្បងនៅតាមសាលារៀនជាក់ស្តែងផងដែរ។

បើតាមលោកជំទាវ ជា សិរី ការបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ ជាវិធីសាស្រ្តរួមមួយ ដែលនឹងជួយបណ្តុះស្មារតី នៃការទទួលខុសត្រូវ ការគិតពិចារណា និងជំនាញដោះស្រាយបញ្ហា ដែលជាគុណសម្បត្តិដ៏មានតម្លៃសម្រាប់ភាពជោគជ័យសម្រាប់បុគ្គលម្នាក់ៗ។

ម៉្យាងទៀត ការបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ គឺជាការវិនិយោគនាពេលអនាគត ព្រោះវាមិនត្រឹមតែជួយបុគ្គលក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់សុខុមាលភាព និងស្ថិរភាពសង្គមផងដែរ។

ជាមួយគ្នានេះ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡាបានចាត់ទុកចំណេះដឹងហិរញ្ញវត្ថុ គឺជាកត្តាគន្លឹះមួយក្នុងការជួយអភិវឌ្ឍវិស័យហិរញ្ញវត្ថុប្រកបដោយចីរភាព និងរួមចំណែកដល់ការអភិវឌ្ឍជីវភាពរស់នៅរបស់ប្រជាជន និងសេដ្ឋកិច្ចជាតិផងដែរ។

ហើយតាមរយៈ ការអនុវត្តនូវដំណាក់កាលទី៣នេះ គឺមានគោលដៅបញ្ជ្រាបចំណេះដឹងអក្ខរកម្មហិរញ្ញវត្ថុ មិនត្រឹមតែផ្តោតលើលេខនព្វន្ត និងការគណនាប៉ុណ្ណោះទេ ប៉ុន្តែវានឹងរួមបញ្ចូលនូវជំនាញ និងចំណេះដឹងជាច្រើនដែលចាំបាច់សម្រាប់សុខុមាលភាពហិរញ្ញវត្ថុផ្ទាល់ខ្លួន ដូចជាគំនិតថវិកា ការសន្សំ ការវិនិយោគក្នុងវិស័យធនាគារ និងការខ្ចីប្រាក់ជាដើម។ សម្រាប់ថ្នាក់ដឹកនាំរូបនេះ ជំនាញទាំងនេះពិតជាមានសារៈសំខាន់សម្រាប់បុគ្គលម្នាក់ៗ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ប្រកបដោយប្រសិទ្ធភាព ចៀសវាងអន្ទាក់បំណុល និងធ្វើការសម្រេចចិត្តខុសផ្នែកហិរញ្ញវត្ថុ។

គួរជម្រាបថា ការអនុវត្តគម្រោងបញ្រ្ជាបចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅក្នុងកម្មវិធីសិក្សាចំណេះទូទៅដំណាក់កាលទី១ បានចាប់ផ្ដើមជាផ្លូវការក្នុងឆ្នាំ២០១៧ ខណៈដំណាក់កាលទី២ បានចាប់ផ្ដើមនៅក្នុងខែធ្នូ ឆ្នាំ២០១៩ បន្ទាប់ពីធនាគារជាតិនៃកម្ពុជា និងក្រសួងអប់រំយុវជន និងកីឡា បានចុះអនុស្សរណៈនៃការយោគយល់គ្នាលើកទី១ ហើយក្នុងដំណាក់កាលនោះ មានមុខវិជ្ជាពាក់ព័ន្ធសម្រាប់ថ្នាក់ទី៤ លើមុខវិជ្ជាគណិតវិទ្យា បំណិនជីវិតតាមមូលដ្ឋាន និងសិក្សាសង្គម និងថ្នាក់ទី៧លើមុខវិជ្ជាគណិតវិទ្យា បំណិនជីវិតតាមមូលដ្ឋាន គេហសេដ្ឋកិច្ចវិទ្យា និងសីលធម៌-ពលរដ្ឋវិជ្ជា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សមាគមស្វាយចន្ទីដាក់ពង្រាយតំណាងនៅតាមប្រទេសសំខាន់ៗ ដើម្បីជំរុញទីផ្សារ និងការវិនិយោគ

ព័ត៌មាន
សមាគមស្វាយចន្ទីកម្ពុជា បានដាក់ពង្រាយតំណាងរបស់ខ្លួននៅតាមបណ្ដាប្រទេសគោលដៅសំខាន់ៗមួយចំនួន ដើម្បីជួយជំរុញទីផ្សារគ្រាប់ស្វាយចន្ទីកម្ពុជា ក៏ដូច…

ត្រឹម១ខែកម្ពុជាអនុម័តគម្រោងវិនិយោគចំនួន៣២ ជាមួយទុនវិនិយោគជាង១៨២លានដុល្លារ ខណៈទុនវិនិយោគជាង៧៨% មកពីចិន

ព័ត៌មាន
នៅក្នុងរយៈពេលត្រឹមតែ១ខែដើមឆ្នាំ២០២៤ កម្ពុជាបានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន៣២គម្រោង ដែលមានទុនវិនិយោគសរុបជាង១៨២លានដុល្លា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ