សមាគមស្វាយចន្ទីកម្ពុជា

សមាគមស្វាយចន្ទីដាក់ពង្រាយតំណាងនៅតាមប្រទេសសំខាន់ៗ ដើម្បីជំរុញទីផ្សារ និងការវិនិយោគ


សមាគមស្វាយចន្ទីកម្ពុជា បានដាក់ពង្រាយតំណាងរបស់ខ្លួននៅតាមបណ្ដាប្រទេសគោលដៅសំខាន់ៗមួយចំនួន ដើម្បីជួយជំរុញទីផ្សារគ្រាប់ស្វាយចន្ទីកម្ពុជា ក៏ដូចជាទាក់ទាញវិនិយោគិនឱ្យមកបោះទុនវិនិយោគលើវិស័យកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា។
សមាគមស្វាយចន្ទីកម្ពុជា
ដោយ

បើតាមការអះអាងរបស់ប្រធានសមាគមស្វាយចន្ទីកម្ពុជា ក្រោយការដាក់ពង្រាយតំណាងនៅបរទេសរួចមក គឺទទួលបានការចាប់អារម្មណ៍ និងមានអ្នកបញ្ជាទិញផលិតផលស្វាយចន្ទីកម្ពុជាជាបន្តបន្ទាប់ ដែលជាសញ្ញាល្អសម្រាប់វិស័យស្វាយចន្ទីកម្ពុជា។ ការណ៍នេះបញ្ហាទីផ្សារមិនមែនជាបញ្ហាចោទសម្រាប់វិស័យស្វាយចន្ទីកម្ពុជានោះទេ ហើយអ្វីដែលជាបញ្ហាចោទនោះ គឺកម្ពុជាពុំទាន់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការផលិតកែច្នៃគ្រាប់ស្វាយចន្ទីឱ្យឆ្លើយតបនឹងតម្រូវការរបស់អ្នកបញ្ជាទិញ។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានគូសបញ្ជាក់ថា គោលបំណងនៃការតែងតាំង និងពង្រាយតំណាងរបស់សមាគមស្វាយចន្ទីកម្ពុជានៅតាមប្រទេសគោលដៅសំខាន់ៗមួយចំនួនលើពិភពលោក គឺដើម្បីទាក់ទាញអ្នកវិនិយោគ និងពង្រីកទីផ្សារផលិតផលគ្រាប់ស្វាយចន្ទីរបស់កម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ មកទល់ពេលនេះ សមាគមបានតែងតាំង និងពង្រាយតំណាងប្រចាំនៅប្រទេសចិន ឥណ្ឌា និងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច ក្រោមការសហការពីក្រុមហ៊ុនវិនិយោគបរទេសនៅកម្ពុជា។ ក្រៅពីប្រទេសទាំងនេះ សមាគមស្វាយចន្ទីកម្ពុជា ក៏មានប្រធានតំណាង និងការិយាល័យតំណាងនៅប្រទេសជប៉ុនផងដែរ។

លោក អួន ស៊ីឡុត កត់សម្គាល់ឃើញថា ក្រោយមានការដាក់ពង្រាយតំណាងនៅតាមប្រទេសគោលដៅធំៗរួមមក ឃើញថា មានវិនិយោគិន និងអតិថិជនបរទេសជាច្រើនបានចាប់អារម្មណ៍វិនិយោគ និងបញ្ជាទិញគ្រាប់ស្វាយចន្ទីរបស់កម្ពុជា។ សម្រាប់ប្រធានសមាគមរូបនេះ កត្តាទីផ្សារ និងការបញ្ជាទិញមិនមែនជាបញ្ហាចោទសម្រាប់វិស័យស្វាយចន្ទីកម្ពុជានោះទេ តែអ្វីដែលជាបញ្ហានោះ គឺការផលិត និងការកែច្នៃគ្រាប់ស្វាយចន្ទីរបស់កម្ពុជាមិនទាន់អាចឆ្លើយតបនឹងតម្រូវការបញ្ជាទិញ ដ្បិតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជានៅមានចំនួនតិចតួច និងនៅមានកម្រិតនៅឡើយ។

សម្រាប់គោលដៅនាពេលខាងមុខ ត្រូវបានលោក អួន ស៊ីឡុត គូសបញ្ជាក់ថា គឺសមាគមចង់បានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីចូលរួមអនុវត្តន៍គោលនយោបាយជាតិស្វាយចន្ទីកម្ពុជា ឆ្នាំ២០២២-២០២៧ ដែលជំរុញការកែច្នៃក្នុងស្រុកឱ្យបាន២៥% ឬប្រមាណ១៧ម៉ឺន៥ពាន់តោនក្នុង១ឆ្នាំ ខណៈបច្ចុ្ប្បន្នក្នុងចំណោមទិន្នផលគ្រាប់ស្វាយចន្ទីឆៅសរុបរបស់កម្ពុជា មានតែ៥%ប៉ុណ្ណោះ ដែលត្រូវបានកែច្នៃក្នុងស្រុក ក្រៅពីនេះនាំចេញទៅលក់នៅក្រៅប្រទេស។ សូមបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានកន្លែងកែច្នៃ និងរោងចក្របកគ្រាប់ស្វាយចន្ទីចំនួន៤២កន្លែង ក្នុងនោះមានរោងចក្រធុនមធ្យមចំនួន៣ ស្ថិតនៅក្នុងខេត្តកំពង់ចាម ត្បូងឃ្មុំ និងខេត្តព្រះវិហារ៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ចង់ពង្រីកការវិនិយោគលើវិស័យវាយនភ័ណ្ឌនៅកម្ពុជា

ព័ត៌មាន
សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន បានបង្ហាញចំណាប់អារម្មណ៍លើការស្វែងយល់ពីការអភិវឌ្ឍសេដ្ឋកិច្ច និងកាលានុវត្តភាពសម្រាប់ការវិនិយោគនៅកម្ពុជា ជ…

ធនាគារជាតិ និងក្រសួងអប់រំដាក់ឱ្យអនុវត្តកម្មវិធីបញ្ជ្រាបចំណេះផ្នែកហិរញ្ញវត្ថុពីថ្នាក់ទី៥ ដល់ទី១២

ព័ត៌មាន
លោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានចាត់ទុកចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺជាជំនាញដែលត្រូវប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ