
ក្រោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធនៅតាមព្រំដែនបង្កើនការរឹតបន្តឹងលើការត្រួតពិនិត្យរកសារធាតុគីមីលើផ្លែទុរេននាំចូលពីប្រទេសជិតខាងកាលពីពេលថ្មីៗ មានសាធារណមតិជាច្រើនបានលើកឡើងថា រាជរដ្ឋាភិបាលគួរតែអនុវត្តការរឹតបន្តឹងនេះលើការនាំចូលបន្លែ ផ្លែឈើ និងត្រីសាច់ផ្សេងៗទៀត។
លោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវ និងជាអ្នកជំនាញទស្សនវិជ្ជា នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ទោះបីកម្ពុជា មិនអាចបិទការនាំចូលបន្លែ ផ្លែឈើ និងត្រីសាច់ពីប្រទេសជិតខាងដោយសារកម្ពុជា មានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយបណ្តាប្រទេសទាំងនោះក៏ដោយ តែការនាំចេញ ឬនាំចូលត្រូវតែអនុវត្តឱ្យតឹងរ៉ឹងតាមយន្តការភូតគាមអនាម័យ។ អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា ការអនុវត្តយន្តការភូតគាមអនាម័យ និងការត្រួតពិនិត្យសុវត្ថិភាពចំណីអាហារពីសំណាក់មន្រ្តីពាក់ព័ន្ធមួយចំនួនកន្លងមកហាក់ពុំទាន់មានប្រសិទ្ធភាពនៅឡើយទេ ដូច្នេះលោកយល់ថា មន្ត្រីពាក់ព័ន្ធទាំងនោះគួរតែអនុវត្តយន្តការនេះឱ្យបានហ្មត់ចត់ និងគ្រប់ច្រកជាប្រចាំ ដើម្បីឱ្យពលរដ្ឋមានទំនុកចិត្តមកលើមន្រ្តីអនុវត្តច្បាប់។
ជាមួយគ្នានេះ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព យល់ឃើញថា នៅក្នុងស្ថានភាពបច្ចុប្បន្នអាជ្ញាធរ គួររឹតបន្តឹងលើការនាំចូល បន្លែ ត្រីសាច់ផ្សេងទៀត ដើម្បីបង្ការផលប៉ះពាល់ដល់អ្នកបរិភោគ។ បើតាមអ្នកជំនាញរូបនេះ ស្ថាប័នជំនាញគួរមានការត្រួតពិនិត្យ និងបិទស្លាកសញ្ញាសុវត្ថិភាពនៅកន្លែងធ្វើអាជីវកម្ម ក៏ដូចជាយកសំណាកផលិតផលទៅពិសោធន៍ឱ្យបានទៀងទាត់ និងចាត់វិធានការលើអ្នកនាំចូលដែលបង្កផលប៉ះពាល់ដល់សុខភាពពលរដ្ឋ។ លោកជឿជាក់ថា នៅពេលមានការរឹតបន្តឹងលើការនាំចូល នោះនឹងធ្វើឱ្យអ្នកផ្គត់ផ្គង់ និងអ្នកនាំចូលពីប្រទេសជិតខាងមានការប្រុងប្រយ័ត្នជាងមុន ហើយវាក៏ជាផ្នែកមួយជួយលើកកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុកផងដែរ។
ពាក់ព័ន្ធបញ្ហានេះដែរ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ការនាំចេញ នាំចូលទំនិញរវាងប្រទេសជិតខាងត្រូវបានធ្វើឡើងតាមគោលការណ៍សហគមន៍សេដ្ឋកិច្ចអាស៊ាន ឬកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ ប្រសិនបើកម្ពុជា រឹតបន្តឹងការនាំចូលដោយគ្មានមូលហេតុផលច្បាស់លាស់នោះទំនិញរបស់កម្ពុជា ក៏នឹងរងការរឹតបន្តឹងដោយគ្មានមូលហេតុច្បាស់លាស់ដូចគ្នាដែរ។ ជាក់ស្ដែងការរឹតបន្តឹងលើការនាំចូលទុរេនពីប្រទេសជិតខាងត្រូវបានអនុវត្តឡើងដោយមានទឡ្ហីករណ៍ច្បាស់លាស់តាមរយៈព័ត៌មាន និងការពិសោធន៍ជាក់ស្ដែងដែលបានរកឃើញនូវសារធាតុបង្កហានីភ័យដល់សុខភាព ទើបអាជ្ញាធរគ្រប់ជាន់ថ្នាក់ចាត់វិធានការទប់ស្កាត់ការហូរចូលក្នុងគោលដៅការពារអ្នកប្រើប្រាស់ និងសុខភាពពលរដ្ឋ។ បើតាមឯកឧត្តម ប៉ែន សុវិជាតិ ក្រសួង និងស្ថាប័នពាក់ព័ន្ធនៅតែបន្តចាត់វិធានការហាមឃាត់ជាចាំបាច់ប្រសិនបើរកឃើញមានទំនិញដែលបង្កហានិភ័យដល់សុខភាព និងធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានណែនាំឱ្យពង្រឹងប្រសិទ្ធភាពគ្រប់គ្រងការនាំចូលផ្លែទុរេនស្រស់ពីប្រទេសជិតខាង ដើម្បីចូលរួមទប់ស្កាត់ការនាំចូលផ្លែទុរេនស្រស់ប្រើប្រាស់សារធាតុគីមី ដែលប៉ះពាល់ដល់សុខភាពប្រជាជន។ ហើយក្នុងករណីលទ្ធផលនៃការវិភាគបង្ហាញថា ទុរេនមានផ្ទុកសារធាតុប៉ះពាល់ដល់សុខភាព ឬខូចគុណភាព ត្រូវចាត់ចែងប្រមូល ឬឃាត់ទុកទំនិញទាំងនោះ និងធ្វើរបាយការណ៍ស្នើសុំការចាត់វិធានការបន្ត។ ការដាក់ចេញវិធានការនេះ ធ្វើឡើងស្របពេលមានសេចក្ដីរាយការណ៍ពីការចាល់ផ្លែទុរេននៅប្រទេសជិតខាងកម្ពុជា ក្រោយចិនរឹតបន្តឹងការត្រួតពិនិត្យរកសារធាតុគីមីម្យ៉ាង ដែលអាចបង្កជាជំងឺមហារីក៕
អត្ថបទ៖ បូ ដូឡា