វិស័យកសិកម្ម

ក្រសួងកសិកម្មគ្រោងស្រាវជ្រាវរកពូជទុរេនផលិតក្នុងស្រុក ដើម្បីសម្គាល់អត្តសញ្ញាណរបស់កម្ពុជា


ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាចនឹងចាប់ផ្ដើមពិនិត្យមើលលើភាពចាំបាច់ក្នុងការធ្វើផលិតកម្មលើពូជទុរេន និងបង្កើនការស្រាវជ្រាវពាក់ព័ន្ធនឹងទុរេនក្នុងស្រុក ខណៈពូជទុរេន ដែលប្រជាពលរដ្ឋចូលចិត្តបរិភោគ និងកសិករកំពុងនិយមដាំដុះ ដូចជា ពូជម៉ុនថង ម៉ូសាងឃីង និងរី៦ ជាដើម សុទ្ធសឹងមានប្រភពមកពីបណ្ដាប្រទេសក្នុងតំបន់។
វិស័យកសិកម្ម
ដោយ

តែយ៉ាងណាមកទល់ពេលនេះ កម្ពុជា ពុំទាន់មានពូជទុរេនផ្ទាល់ខ្លួនណាមួយ ដែលមានឈ្មោះល្បី និងមានគេស្គាល់ឱ្យទូលំទូលាយនៅឡើយទេ ស្របពេលកម្ពុជា ទទួលបានភ្លើងខៀវក្នុងការនាំចេញទុរេនទៅកាន់ទីផ្សារចិន ប្រសិនបើការដាំដុះ និងគុណភាពទុរេនកម្ពុជា អាចឆ្លើយតបនឹងលក្ខខណ្ឌ និងភូតគាមអនាម័យតម្រូវរបស់គយចិន។

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ក្រសួងកសិកម្មគ្រោងចាប់ផ្ដើមពិនិត្យមើលលើភាពចាំបាច់ក្នុងការធ្វើផលិតកម្មលើពូជទុរេន ដែលមានប្រភពច្បាស់លាស់ និងមានការចុះបញ្ជីត្រឹមត្រូវ និងពិចារណាបង្កើនការស្រាវជ្រាវពូជទុរេនក្នុងស្រុក។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ បច្ចុប្បន្នដំណាំទុរេនស្ថិតក្នុងប្រភេទដំណាំកំពុងអភិវឌ្ឍន៍នៅឡើយ ហើយកន្លងមកដំណាំប្រភេទនេះ មានការដាំដុះតែក្នុងតំបន់មួយចំនួន និងពុំសូវទូលំទូលាយនោះទេ ព្រោះវាត្រូវការចំណាយទុនខ្ពស់ជាងដំណាំផ្សេង។ យ៉ាងណាមិញឯកឧត្តមសង្កេតឃើញថា ការធ្វើផលិតកម្មទុរេននៅកម្ពុជា មានការផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់ក្រោយកម្ពុជា និងចិន បានចុះអនុស្សរណៈ ស្ដីពី ពិធីសារភូតគាមអនាម័យ ដែលអាចបើកផ្លូវឱ្យកម្ពុជា នាំចេញទុរេនដោយត្រង់ទៅកាន់ទីផ្សារចិន​។

​ជាមួយគ្នានេះ លោក ធឿន ប៊ុនហុង អ្នកបច្ចេកទេសផលិតកម្មដំណាំទុរេន នៃក្រុមហ៊ុនអង្គរហ្គ្រីន ជឿជាក់ថា ក្រោយទុរេនកម្ពុជា អាចនាំចេញដោយត្រង់ទៅកាន់ទីផ្សារចិន នាពេលខាងមុខ នោះផ្ទៃដីដាំដុះដំណាំនេះនឹងមានការកើនឡើងថែមទៀតដើម្បីពង្រីកវិសាលភាពទីផ្សារទុរេនឱ្យកាន់តែធំបន្ថែមទៀត។ អ្នកជំនាញរូបនេះ សង្កេតឃើញថា កសិករដាំទុរេននាពេលបច្ចុប្បន្នមានការយល់ដឹងច្រើនលើផលិតកម្មទុរេន ដែលធ្វើឱ្យទិន្នផលមានការកើនឡើងពី១ឆ្នាំទៅ១ឆ្នាំ។

​ដោយឡែក លោក ឃឹម ប៊ុនឡែន ស្ថាបនិក និងជាប្រធានសហគមន៍ចម្ការស្តេចទុរេន កត់សម្គាល់ឃើញថា បច្ចុប្បន្នការដាំដុះដំណាំទុរេននៅកម្ពុជា ហាក់មានទំនោរកើនឡើង ក្រោយកម្ពុជា ទទួលបានភ្លើងខៀវក្នុងការនាំចេញទុរេនដោយត្រង់ទៅកាន់ទីផ្សារចិន។ តែយ៉ាងណាអ្នកជំនាញរូបនេះស្នើដល់រដ្ឋាភិបាល ឱ្យគិតគូរលើការបន្សុទ្ធពូជ ដើម្បីសម្គាល់អត្តសញ្ញាណ ខណៈពូជភាគច្រើនដែលកំពុងដាំដុះបច្ចុប្បន្នមានប្រភពមកពីប្រទេសជិតខាង។

​បើតាមការអះអាងរបស់អ្នកជំនាញ ពូជទុរេន ដែលប្រជាពលរដ្ឋចូលចិត្តបរិភោគ និងកសិករកំពុងនិយមដាំដុះបច្ចុប្បន្ន ដូចជា ពូជម៉ុនថង ម៉ូសាងឃីង និងរី៦ ជាដើម ត្រូវបានគេស្គាល់ថា មានប្រភពមកពីបណ្ដាប្រទេសក្នុងតំបន់ ខណៈកម្ពុជា ហាក់ពុំទាន់មានពូជទុរេនណាមួយ ដែលពេញនិយមខ្លាំង និងមានគេស្គាល់ឱ្យទូលំទូលាយនៅឡើយទេ។ សូមបញ្ជាក់ថា ផ្លែទុរេនស្រស់របស់កម្ពុជា ត្រូវបានភាគីគយចិន បើកភ្លៀងខៀវឱ្យនាំចូលទីផ្សារចិន ក្រោមការគោរពតាមលក្ខខណ្ឌ និងភូតគាមអនាម័យ៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


អ្នកជំនាញវាយតម្លៃថា ការផលិតគ្រាប់ស្វាយចន្ទីនៅកម្ពុជានឹងកើនលើសមួយលានតោនពី៣ទៅ៥ឆ្នាំខាងមុខ

ការដាំស្វាយចន្ទីនៅឆ្នាំនេះ បានកើនឡើងគួរឱ្យកត់សម្គាល់ក្រោយទីផ្សារ និងតម្លៃគ្រាប់ស្វាយចន្ទីមានស្ថិរភាពល្អប្រសើរ។ កំណើនការដាំដុះនេះធ្វើឱ្យអ្នកជំ…

Metfone បើកដំណើរការសេវាកម្មកាមេរ៉ា Home Camera – ដំណោះស្រាយសុវត្ថិភាពងាយស្រួល និងមានប្រសិទ្ធភាព

Metfone ណែនាំជាផ្លូវការនូវសេវាកម្ម Home Camera ថ្មីរបស់ខ្លួន ដោយផ្តល់ជូននូវដំណោះស្រាយត្រួតពិនិត្យសុវត្ថិភាពដ៏ងាយស្រួល និងមានប្រសិទ្ធភាព …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ