
វត្តមានរបស់ហ្វូងកូនក្រពើភ្នំ ក្នុងដែនជម្រកសត្វព្រៃស្រែពក ដែលជាតំបន់ការពារធម្មជាតិនៃតំបន់ព្រៃទេសភាពភាគខាងកើត របស់កម្ពុជានេះ គឺជាកំណត់ត្រាលើកដំបូងបង្អស់ និងដ៏កម្រមួយ នារយៈពេលជាងមួយទសវត្សមកនេះ។ បច្ចុប្បន្ន ហ្វូងកូនក្រពើទាំងនេះ កំពុងរស់នៅដោយសុវត្ថិភាព ក្នុងទីជម្រកធម្មជាតិរបស់ពួកវា ក្រោមការការពារយ៉ាងតឹងរ៉ឹង ពីសំណាក់មន្ត្រីឧទ្យានុរក្សដែនជម្រកស្រែពក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួង និងអង្គការខាងលើ ចេញថ្ងៃទី២១ កញ្ញា ២០២១នេះ។

កញ្ញា Milou Groeneberg ប្រធានផ្នែកស្រាវជ្រាវ និងតាមដានជីវចម្រុះនៃអង្គការ WWF បានលើកឡើងថា របកគំហើញមួយនេះ ត្រូវបានអ្នកវិទ្យាសាស្ត្រ ចាត់ទុកថា ជាការវិវឌ្ឍដ៏វិជ្ជមានមួយ នៃការសិក្សាអំពីសត្វក្រពើភ្នំ ក្នុងតំបន់ជម្រកសត្វព្រៃស្រែពក។ កញ្ញាបន្ថែមថា វត្តមានរបស់ពួកវា ក្នុងតំបន់ស្រែពកនេះ មិនត្រូវបានគេបញ្ជាក់ជាផ្លូវការនោះទេ បើផ្អែកតាមការស្រាវជ្រាវនានាកន្លងមក ក៏ដូចជាការកត់ត្រាតាមរយៈរូបភាព ក៏គ្មានដែរ ក្នុងទសវត្សចុងក្រោយមកនេះ។
កញ្ញា Milou បន្តយ៉ាងដូច្នេះថា៖ «ការរកឃើញ នៃសត្វកម្រប្រភេទនេះ នៅតំបន់នេះ គឺពិតជាផ្តល់នូវក្ដីសង្ឃឹម សម្រាប់កិច្ចការងារអភិរក្ស និងការពារការរស់រាន ក្នុងទីជម្រកធម្មជាតិរបស់ពួកវា ដែលមានសារសំខាន់ខ្លាំងណាស់ សម្រាប់ប្រទេសកម្ពុជា និងពិភពលោក»។

សត្វក្រពើភ្នំ គឺជាប្រភេទសត្វកម្រ និងត្រូវបានគេចាត់ទុកជាប្រភេទសត្វ កំពុងរងគ្រោះថ្នាក់ ជិតដាច់ពូជ។ កត្ដាគំរាមកំហែង ចំពោះការរស់រានរបស់ពួកវា មានដូចជា ការរេចរិល និងការបាត់បង់ទីជម្រក ការបរបាញ់ខុសច្បាស់ ដែលបណ្ដាលមកពីតម្រូវការ នៃការជួញដូរសត្វព្រៃខុសច្បាប់ ការចាប់ដោយខុសច្បាប់ ដើម្បីផ្គត់ផ្គង់កសិដ្ឋានចិញ្ចឹមក្រពើ ការចាប់យកទៅបង្កាត់ពូជជាមួយក្រពើផ្សេង ការសាងសង់ទំបន់វារីអគ្កិសនី និងការនេសាទដោយប្រើឧបករណ៍ខុសច្បាប់ជាដើម។
គួរឱ្យដឹងថា សត្វក្រពើភ្នំ ធ្លាប់មានរស់នៅ ពាសពេញតំបន់អាស៊ីអាគ្នេយ៍ ប៉ុន្ដែចាប់ពីដើមទសវត្សឆ្នាំ១៩៩០ មក វត្តមានរបស់សត្វប្រភេទជិតផុតពូជមួយនេះ ត្រូវបាត់បង់បន្តបន្ទាប់ គួរឱ្យបារម្ភ ពីដែនជម្រកធម្មជាតិរបស់ពួកវា។

ប្រទេសកម្ពុជា គឺជាទីជម្រកសំខាន់ជាសកលមួយ សម្រាប់ការរស់រាន នៃសត្វក្រពើភ្នំ ដែលត្រូវបានគេប៉ាន់ប្រមាណថា មានចំនួនសរុប ចម្លោះពី ២០០ ទៅ ៤០០ក្បាល កំពុងរស់នៅក្នុងទីជម្រកធម្មជាតិនានាក្នុងប្រទេស។ ចំណែកនៅលើពិភពលោក ចំនួនសត្វក្រពើភ្នំ ដែលស្ថិតក្នុងវ័យអាចបន្តពូជបាន មានប្រមាណមិនលើសពី ១.០០០ក្បាលនោះឡើយ៕
អត្ថបទដោយ៖ រ៉ាត់ ទី
