ទីក្រុងប៉េកាំង បានកោតសរសើរកម្ពុជា យ៉ាងខ្លាំង ចំពោះកិច្ចសហប្រតិបត្តិការល្អក្នុងការធ្វើបត្យាប័នបញ្ជូនខ្លួនលោក ចេន ហ្ស៊ី ដែលត្រូវបានចោទប្រកាន់ពីបទធ្វើជាមេខ្លោងធំនៃបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន ទៅកាន់ប្រទេសចិន ជាជាងទៅប្រទេសផ្សេង។ លោក ចេន ហ្ស៊ីស្ថាបនិកក្រុមហ៊ុនយក្ស Prince Holding Group ដែលជាក្រុមហ៊ុនមេរបស់ធនាគារ Prince Bank និងបក្ខពួកពីរនាក់ផ្សេងទៀតត្រូវបានចាប់ខ្លួននៅកម្ពុជា តាមសំណើរបស់រដ្ឋាភិបាលក្រុងប៉េកាំង។ នេះបើតាមក្រសួងមហាផ្ទៃកម្ពុជា។
មុនពេលធ្វើបត្យាប័នបញ្ជូនខ្លួនទៅកាន់ប្រទេសចិន កម្ពុជា បានដកសញ្ជាតិខ្មែរពីលោក ចេន ហ្ស៊ី ដោយបើកផ្លូវឱ្យមហាយក្សចិន គ្រប់គ្រងដែនយុត្តាធិការដោះស្រាយសំណុំរឿងរបស់មេខ្លោងឧក្រិដ្ឋអនឡាញរូបនេះ ដែលត្រូវបានសហរដ្ឋអាម៉េរិក តាមចាប់ខ្លួនផងដែរ។ ប៉ូលិសចិន បានចោទប្រកាន់លោក ចេន ហ្ស៊ី ពីបទធ្វើជាមេខ្លោងធំនៃបណ្ដាញឧក្រិដ្ឋកម្មឆ្លងដែនរួមមានការឆបោក ប្រតិបត្តិការអាជីវកម្មខុសច្បាប់ និងការលាក់បាំងប្រាក់ចំណូលដែលបានពីឧក្រិដ្ឋកម្មជាដើម។ បើតាមការអះអាងរបស់អាជ្ញាធរចិន លោក ចេន ហ្ស៊ី កំពុងត្រូវបានឃុំខ្លួន ហើយសមាជិកសំខាន់ៗផ្សេងទៀតនៃបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនដ៏ធំនេះ ត្រូវបានចុះក្នុងបញ្ជីឈ្មោះឧក្រិដ្ឋជនដែលមហាយក្សចិន កំពុងតាមចាប់ខ្លួន។
ក្រសួងការបរទេសចិន បានលើកឡើងថា ការបង្ក្រាបល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ ឬអ៊ីនធឺណិត និងការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ គឺជាការទទួលខុសត្រូវរួមគ្នារបស់អន្តរជាតិ ហើយបានកោតសរសើរកម្ពុជា ដែលបានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងល្អនៅក្នុងការធ្វើបត្យាប័នបញ្ជូនខ្លួនលោក ចេន ហ្ស៊ី ទៅកាន់ប្រទេសចិន។ សារព័ត៌មានអន្តរជាតិនានាធ្លាប់បានចុះផ្សាយជាហូរហែរួចមកហើយថា លោក ចេន ហ្ស៊ី បានក្លាយជាប្រធានក្រុមហ៊ុន Prince Holding Group តាំងពីឆ្នាំ២០១៥ ដោយគ្រប់គ្រងប្រតិបត្តិការរបស់ក្រុមហ៊ុនរាប់សិប ចាប់ពីវិស័យអចលនទ្រព្យរហូតដល់សេវាកម្មហិរញ្ញវត្ថុនៅទូទាំងប្រទេសជាង៣០។
ក្រោយលោក ចេន ហ្ស៊ី ត្រូវបានចាប់ខ្លួន ធនាគារ Prince ដែលលោកបានបង្កើតឡើង ត្រូវបានធនាគារជាតិនៃកម្ពុជា (NCB) ដាក់ឱ្យស្ថិតនៅក្រោមការរំលាយចោល និងលក់ឡាយឡុងទ្រព្យសកម្ម។ ក្រៅពីប្រទេសចិន លោក ចេន ហ្ស៊ី ក៏ប្រឈមនឹងចំណាត់ការផ្លូវច្បាប់នៅក្នុងប្រទេសដទៃទៀតដែរ។ សហរដ្ឋអាម៉េរិក កាលពីឆ្នាំ២០២៥ បានចោទប្រកាន់លោកពីបទឆបោក និងការលាងលុយកខ្វក់ ហើយបានរឹបអូសរូបិយប័ណ្ណគ្រីបតូ Bitcoin រហូតដល់ទៅ ១៥ពាន់លានដុល្លារ។ អាម៉េរិក និងចក្រភពអង់គ្លេស បានដាក់ទណ្ឌកម្ម ខណៈដែលអាជ្ញាធរនៅក្នុងប្រទេសជាច្រើននៅអាស៊ី បានបង្កកទ្រព្យសម្បត្តិដែលជាប់ទាក់ទងនឹងបណ្តាញឧក្រិដ្ឋកម្មឆ្លងដែនរបស់លោក ចេន ហ្ស៊ី។
ទោះជាយ៉ាងណាក្រុមហ៊ុន Prince Holding Group បានបដិសេធថា ខ្លួនមិនបានប្រព្រឹត្តខុសនោះទេ ដោយនិយាយថា ខ្លួនដំណើរការដោយស្របច្បាប់នៅក្នុងវិស័យជាច្រើននៅប្រទេសកម្ពុជា និងនៅបរទេស៕
ដោយ: តែម សុខុម