
ឯកឧត្តម ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា បើទោះបីជាកម្ពុជា ទទួលបានការវិនិយោគផ្ទាល់ពីបរទេសមានកំណើនខ្ពស់នៅក្នុងឆ្នាំ២០២៤ ក៏ពិតមែន ប៉ុន្តែវិស័យអចលនទ្រព្យកម្ពុជា ហាក់ពុំទាន់មានការរីកចម្រើនឡើងវិញគួរឱ្យកត់សម្គាល់នោះទេ។ មិនសូវមានការរីកចម្រើន ក៏ដោយសារតែគម្រោងវិនិយោគផ្ទាល់ពីបរទេសដែលកម្ពុជា ទទួលបានទាំងនោះ មានចំនួនតិចតួចប៉ុណ្ណោះ ដែលវិនិយោគលើវិស័យអចលនទ្រព្យ ខណៈការវិនិយោគលើវិស័យអចលនទ្រព្យភាគច្រើនជារបស់វិនិយោគិនក្នុងស្រុក។
ជាមួយគ្នានេះ លោក សេង សុភ័ក្រ អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានគូសបញ្ជាក់ថា ក្នុងចំណោមគម្រោងវិនិយោគថ្មីដែលកម្ពុជា ទទួលបានយ៉ាងគំហុកកាលពីឆ្នាំមុន ភាគច្រើនជាការវិនិយោគផ្តោតក្នុងវិស័យឧស្សាហកម្ម ដូចជាការសាងសង់រោងចក្រ និងសហគ្រាសនានាជាដើម ដែលវាមិនបានចូលរួមចំណែកជួយជំរុញដល់វិស័យអចលនទ្រព្យកម្ពុជា ឱ្យមានការរីកចម្រើនបានឆាប់រហ័សនោះទេ ពោលគឺជំរុញដល់ការរីកចម្រើនរបស់វិស័យសំណង់ប៉ុណ្ណោះ។ ម្យ៉ាងទៀតការវិនិយោគលើអចលនទ្រព្យប្រភេទលំនៅឋាន ឬគម្រោងអគារពាណិជ្ជកម្មផ្សេងៗហាក់មានចំនួនតិចតួចនៅឡើយ។
មិនខុសគ្នានោះទេ លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុនអ៊ែតវ៉ានស៍ រៀលអ៊ីស្ទេត បានវាយតម្លៃថា លំហូរទុនវិនិយោគពីបរទេសដែលកម្ពុជា ទទួលបានភាគច្រើន គឺចូលទៅផ្នែកផលិតកម្មកម្មន្តសាល និងផ្នែកកម្សាន្តមួយចំនួន ដែលជាហេតុធ្វើឱ្យភាពរីកចម្រើនក្នុងវិស័យអចលនទ្រព្យហាក់នៅមានកម្រិតតិចតួច។ តែយ៉ាងណា អ្នកជំនាញរូបនេះជឿជាក់ថា ក្រោយរាជរដ្ឋាភិបាលដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តមួយចំនួននៅឆ្នាំនេះ វានឹងអាចជំរុញឱ្យវិស័យអចលនទ្រព្យនៅកម្ពុជា អាចមានការរីកចម្រើនបានលឿនថែមមួយកម្រិតទៀត តួយ៉ាងដូចជាគម្រោងសំណង់អគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុជាដើម បច្ចុប្បន្នមានចលករកម្រើកឡើងវិញគួរឱ្យកត់សម្គាល់។
បើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅពេញមួយឆ្នាំ២០២៤ កម្ពុជា ទទួលបានគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន៤១៤គម្រោង ជាមួយទុនវិនិយោគជិត៧ពាន់លានដុល្លារ ដែលជាកំណើនខ្ពស់បំផុតជាប្រវត្តិសាស្ត្រមិនធ្លាប់នាពេលកន្លងមក។ យ៉ាងណាមិញ ត្រឹមរយៈនៅមួយខែដំបូងដើមឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន៦៨គម្រោងជាមួយទុនវិនិយោគសរុបប្រមាណ ៧៤៨លានដុល្លារផងដែរ។ តាមរយៈលទ្ធផលនេះធ្វើឱ្យថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា កម្ពុជានឹងទទួលបានគម្រោងវិនិយោគលើពី៥០០គម្រោងនៅឆ្នាំ២០២៥ នេះ៕