
សហរដ្ឋអាម៉េរិកអាចតម្រូវឱ្យមានការបង់ប្រាក់ធានាចន្លោះពី៥ពាន់ដុល្លាររហូតដល់១ម៉ឺន៥ពាន់ដុល្លារអាម៉េរិកសម្រាប់ជនបរទេស ដែលធ្វើដំណើរទៅកាន់សហរដ្ឋអាម៉េរិកក្រោមទិដ្ឋាការទេសចរណ៍ និងធុរកិច្ចមួយចំនួន ដែលវិធានការនេះគ្រោងនឹងដាក់ឱ្យអនុវត្តបណ្តោះអាសន្នក្នុងពេលឆាប់ខាងមុខនេះ។ ទំហំនៃការបង់ប្រាក់ធានានេះ វាអាស្រ័យលើការវាយតម្លៃរបស់អគ្គកុងស៊ុលរបស់ស្ថានទូតអាម៉េរិក។
អ្នកវិភាគបានចាត់ទុកចំណាត់ការនេះ គឺជាផ្នែកមួយនៃការពង្រឹងសន្តិសុខរបស់សហរដ្ឋអាម៉េរិក ដែលបានលើកឡើងដោយលោកប្រធានាធិបតី ដូណាល់ ត្រាំ នៅក្នុងយុទ្ធនាការបង្រ្កាប និងរឹតបន្តឹងលើជនអន្តោប្រវេសន៍ខុសច្បាប់។ ហើយវាជាគោលនយោបាយនេះ ដែលត្រូវបានដាក់ចេញបន្ថែមលើគោលនយោបាយដែលលោក ត្រាំ បានប្រកាសកាលពីខែមិថុនា ដែលបានរឹតត្បិតការធ្វើដំណើរចូលសហរដ្ឋអាម៉េរិកមកពីប្រទេសចំនួន១៩ ក្រោមហេតុផលសន្តិសុខជាតិ។
តាមការជូនដំណឹងរបស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក គោលនយោបាយថ្មីនេះនឹងអនុវត្តចាប់ពីថ្ងៃទី២០ ខែសីហា តទៅ។ តាមការជូនដំណឹងមន្ត្រីកុងស៊ុលនឹងមានជម្រើស៣សម្រាប់កំណត់លើអ្នកដាក់ពាក្យសុំទិដ្ឋាការ គឺមានតម្លៃ៥ពាន់ដុល្លារ ១ម៉ឺនដុល្លារ និង១ម៉ឺន៥ពាន់ ហើយកញ្ចប់ថវិកានេះ នឹងត្រូវប្រគល់ជូនអ្នកនោះវិញ ប្រសិនបើពួកគេចាកចេញពីសហរដ្ឋអាម៉េរិកស្របតាមលក្ខខណ្ឌនៃទិដ្ឋាការរបស់ពួកគេ៕
ដោយៈ សរ សុជាតិ