ថ្នាល់ និងកម្មវិធីរដ្ឋាភិបាលឌីជីលថទាំង៤នោះរួមមាន៖
១, ថ្នាលផ្ទុកឯកសារសាធារណៈផ្លូវការ GO.GOV.KH៖ ជាថ្នាលផ្ទុកឯកសារសាធារណៈផ្លូវការសម្រាប់ក្រសួង ស្ថាប័នអាចប្រើប្រាស់ក្នុងការផ្សព្វផ្សាយព័ត៌មាន ឬឯកសារជាសាធារណៈ ដែលអាចទប់ស្កាត់ព័ត៌មានឬឯកសារក្លែងក្លាយ ឬតំណភ្ជាប់ឆបោក (Phishing)។
២, ថ្នាលបង្កើតទម្រង់បែបបទអនឡាញ FORM.GOV.KH៖ ជាថ្នាលបង្កើតទម្រង់បែបបទអនឡាញ ដើម្បីប្រមូលព័ត៌មាន ការស្ទង់មតិ ត្រួតពិនិត្យ និងវាយតម្លៃ ការចុះឈ្មោះចូលរួមកម្មវិធីនានា ឬការប្រមូលមតិកែលំអនានា ដែលអាចប្រើប្រាស់ជំនួស Google Form ឬ Microsoft Form ជាដើម។ រាល់ទិន្នន័យទាំងអស់ត្រូវបានរក្សាទុកដោយធ្វើកូដនីយកម្ម (Encryption) ដោយសោសម្ងាត់ (Secret Key) ដែលមានសុវត្ថិភាពខ្ពស់ ហើយមានតែអ្នកដែលបង្កើត Form នីមួយៗតែប៉ុណ្ណោះ ដែលមានសោសម្ងាត់នោះ ទោះបីអ្នកបង្កើតថ្នាលនេះ ឬអ្នកគ្រប់គ្រងថ្នាលនេះ ក៏មិនអាចមើលទិន្នន័យទាំងនោះបានដែរ។
៣, ថ្នាលបញ្ជូនសារពហុទិសដៅ NOMSA.GOV.KH៖ ជាថ្នាលបញ្ជូនសារខ្លីជាព័ត៌មាន ឬជាការជូនដំណឹងផ្សេងៗ ដែលអាចប្រើប្រាស់ជំនួស SMS ឬកម្មវិធី Twilio ជាដើម ហើយមានប្រភពដើមច្បាស់លាស់។ ការផ្ញើសារខ្លីតាមរយៈថ្នាលនេះ អាចឱ្យសាធារណជនកត់សម្គាល់ដឹងថា សារខ្លីនេះផ្ញើចេញពីក្រសួង ស្ថាប័ន ឬវិស័យឯកជនណាមួយពិតប្រាកដ ដោយគ្មានការក្លែងបន្លំ និងមានទំនុកចិត្តខ្ពស់។
៤, កម្មវិធីបញ្ញាសិប្បនិម្មិតបំប្លែងអត្ថបទទៅជាសំឡេងសារិកា “SARIKA”៖ ជាកម្មវិធីបញ្ញាសិប្បនិម្មិត ដែលដំណើរការនៅលើបណ្តាញសង្គមតេឡេក្រាម (Telegram Bot) សម្រាប់បំប្លែងអត្ថបទទៅជាសំឡេងភាសាខ្មែរ។ កម្មវិធីនេះអាចប្រើប្រាស់ដើម្បីធ្វើមាតិកានិងផ្សព្វផ្សាយព័ត៌មាន ព្រមទាំងអាចអានឯកសារនានាជាសំឡេងផងដែរ។
បើតាម ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ការអភិវឌ្ឍថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល (DGPs) ទាំង ៤ នេះឡើង គឺដើម្បីជំរុញការចាប់យកឌីជីថលក្នុងការផ្តល់សេវាសាធារណៈ និងការបង្កើនប្រសិទ្ធភាពការងារ ជំរុញឱ្យមានការចូលរួមប្រើប្រាស់ប្រព័ន្ធឌីជីថល ជាពិសេស អាចបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋទូទៅមកលើសេវាសាធារណៈតាមប្រព័ន្ធឌីជីថល ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល ២០២១-២០៣៥ គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យក “បច្ចេកវិទ្យា” ជាពិសេស “បច្ចេកវិទ្យាឌីជីថល” ជាអាទិភាពគន្លឹះទី៥ សម្រាប់ឆ្លើយតបទៅនឹងនិន្នាការនៃបដិវត្តន៍ឧស្សាហកម្ម ៤.០ និងការធ្វើបរិវត្តកម្មសេដ្ឋកិច្ចនិងសង្គមឌីជីថលនៅកម្ពុជា។
សូមបញ្ជាក់ផងដែរថា ថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល (DGPs) ទាំង ៤ នេះត្រូវបានត្រួតពិនិត្យអនុលោមភាពបច្ចេកទេស និងវិធានសន្តិសុខសាយប័រយ៉ាងតឹងរ៉ឹង មុននឹងរាជរដ្ឋាភិបាលសម្រេចទទួលស្គាល់ជា ថ្នាលនិងកម្មវិធីឌីជីថលរបស់រាជរដ្ឋាភិបាល និងដាក់ឱ្យប្រើប្រាស់ ហើយ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏បានចាត់ក្រុមការងារបច្ចេកទេសតាមដាន ត្រួតពិនិត្យ និងវាយតម្លៃជាប្រចាំ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព គុណភាព និរន្តរភាព និងជំនឿទុកចិត្តខ្ពស់ ព្រមទាំងអាចចៀសវាងបានពីការវាយប្រហារសន្តិសុខសាយប័រណាមួយកើតឡើងជាយថាហេតុ៕