Foxconn ដកខ្លួនចេញពីគម្រោងរកស៊ីរួមគ្នាជាមួយឥណ្ឌា

ក្រុមហ៊ុនតៃវ៉ាន់ Foxconn ដកខ្លួនចេញពីគម្រោងរកស៊ីរួមគ្នាជាមួយឥណ្ឌាក្នុងតម្លៃជិត២០ពាន់លានដុល្លារ


ក្រុមហ៊ុនផលិតគ្រឿងកុំព្យូទ័រ ហ្វក់ខុន (Foxconn) របស់តៃវ៉ាន់បាននិយាយកាលពីថ្ងៃចន្ទថា ក្រុមហ៊ុននេះបានដើរចេញពីការបណ្តាក់ទុនរួមគ្នាក្នុងការផលិតបន្ទះឈីបតម្លៃជិត២០ពាន់លានដុល្លារជាមួយក្រុមហ៊ុនផលិតលោហធាតុនិងប្រេងរបស់ឥណ្ឌា គឺក្រុមហ៊ុន វេដានតា (Vedanta) ហើយ។ ការបែកគ្នារបស់ក្រុមហ៊ុនទាំងពីរជាបរាជ័យមួយក្នុងផែនការផលិតបន្ទះគ្រឿងអេឡិចត្រូនិកទំនើបសម្រាប់ប្រទេសឥណ្ឌា ដែលដាក់ចេញដោយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។
ក្រុមហ៊ុន ហ្វក់ខុន របស់តៃវ៉ាន់ដកខ្លួនចេញពីគម្រោងរកស៊ីរួមគ្នាជាមួយឥណ្ឌាក្នុងតម្លៃជិត២០ពាន់លានដុល្លារ

ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកទំនើប ដែលទទួលបានកិច្ចកិច្ចសន្យាច្រើនជាងគេនៅក្នុងពិភពលោករបស់តៃវ៉ាន់ គឺក្រុមហ៊ុន ហ្វក់ខុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុន វេដានតា (Vedanta) កាលពីឆ្នាំមុន ដើម្បីបង្កើតរោងចក្រផលិតនិងតាំងពិព័រណ៍គ្រឿងអេឡិចត្រូនិកនៅរដ្ឋហ្គូចារ៉ាត ក្នុងស្រុកកំណើតរបស់ លោក ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា។

ក្រុមហ៊ុន ហ្វក់ខុន បានចេញសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានសម្រេចចិត្តថានឹងមិនបន្តការរក់ស៊ីបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន វេដានតា ទៅមុខទៀតទេ ប៉ុន្តែក្រុមហ៊ុននេះក៏មិនបានបញ្ជាក់ពីមូលហេតុនៃការផ្ដាច់ការរកស៊ីនេះដែរ។

ក្រុមហ៊ុន ហ្វក់ខុន បាននិយាយថា ខ្លួនបានធ្វើការជាមួយក្រុមហ៊ុនរបស់ឥណ្ឌានេះអស់រយៈពេលជាងមួយឆ្នាំមកហើយ ដើម្បីនាំយក«គំនិតនៃការផលិតបន្ទះឈីបដ៏អស្ចារ្យមួយឱ្យចេញជាការពិត»ប៉ុន្តែភាគីទាំងពីរបានព្រមព្រៀងគ្នាថាបិទបញ្ចប់ការបណ្តាក់ទុនរួមគ្នានៅត្រឹមនេះ ហើយក្រុមហ៊ុន ហ្វក់ខុន នឹងដកឈ្មោះរបស់ខ្លួនចេញពីស្ថាប័នមួយដែលឥឡូវកំពុងគ្រប់គ្រងទាំងស្រុងដោយក្រុមហ៊ុន វេដានតា។

ក្រុមហ៊ុន វេដានតា បាននិយាយថា ខ្លួនបានប្តេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះគម្រោងផលិតបន្ទះគ្រឿងចម្លងអគ្គិសនីក្នុងកុំព្យូទ័រ និងបាន«រៀបចំក្រុមហ៊ុនដៃគូផ្សេងទៀត ដើម្បីបង្កើតរោងចក្រផលិតបន្ទះឈីបដំបូងបង្អស់របស់ប្រទេសឥណ្ឌា។ ក្រុមហ៊ុន វេដានតា បានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានបង្កើនការប្រឹងប្រែងរបស់ខ្លួនឡើងវិញដើម្បីបំពេញចក្ខុវិស័យលោក ម៉ូឌី។

ប្រភពដែលដឹងពីបញ្ហានេះបាននិយាយថា ការព្រួយបារម្ភអំពីការពន្យារពេលអនុម័តកញ្ចប់លើកទឹកចិត្តរបស់រដ្ឋាភិបាលឥណ្ឌា បានរួមចំណែកដល់ការសម្រេចចិត្តរបស់ក្រុមហ៊ុន ហ្វក់ខុន ក្នុងការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនេះ។ ប្រភពដដែលបានបន្ថែមថា ទីក្រុងញូវដែលីបានចោទជាសំណួរជាច្រើន ទាក់ទងនឹងការប៉ាន់ប្រមាណតម្លៃ ដែលត្រូវស្នើសុំការលើកទឹកចិត្តពីរដ្ឋាភិបាល។

លោក ម៉ូឌីបានដាក់ការផលិតបន្ទះឈីបជាអាទិភាពកំពូលសម្រាប់យុទ្ធសាស្រ្តសេដ្ឋកិច្ចរបស់ឥណ្ឌាក្នុងការស្វែងរក«យុគសម័យថ្មី»សម្រាប់ការផលិតគ្រឿងអេឡិចត្រូនិក ហើយការផ្លាស់ប្តូររបស់ក្រុមហ៊ុនហ្វក់ខុននេះបានបង្ហាញពីបរាជ័យចំពោះមហិច្ឆតារបស់លោកក្នុងការទាក់ទាញវិនិយោគិនបរទេសឱ្យផលិតបន្ទះសៀគ្វីកុំព្យូទ័រនៅក្នុងស្រុកជាលើកដំបូង។

លោក នែល សា (Neil Shah) អនុប្រធានផ្នែកស្រាវជ្រាវ ខោនធឺផញ់ (Counterpoint) បាននិយាយថា ការដកខ្លួនរបស់ក្រុមហ៊ុនតៃវ៉ាន់នេះគឺពិតជាបរាជ័យមួយសម្រាប់ការជំរុញគោលនយោបាយ«ផលិតក្នុងប្រទេសឥណ្ដា (Make in India) ហើយថា វាមិនត្រឹមតែឆ្លុះបញ្ចាំងពីផលអវិជ្ជមានដល់ក្រុមហ៊ុន វេដានតា តែប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងចោទជាបញ្ហានិងចម្ងល់សម្រាប់ក្រុមហ៊ុនផ្សេងៗទៀតផងដែរ៕

អត្ថបទ ៖ សុខ ជា




អត្ថបទបន្ទាប់


ក្រុមអ្នកវិភាគថា របបរាជានិយមថៃអាចមានឥទ្ធិពលលើការប្រជែងយកតំណែងនាយករដ្ឋមន្ត្រី ហើយអាចនាំឱ្យនយោបាយថៃជាប់គាំង

ព័ត៌មាន
តួនាទីរបបរាជានិយមក្នុងប្រទេសថៃជាចំណុចស្នូលដែលអាចនាំឱ្យមានភាពជាប់គាំងផ្នែកនយោបាយក្នុងប្រទេសថៃនាពេលខាងមុខ ហើយបណ្ដាលឱ្យប្រទេសនេះ ធ្លាក់ចូល…

តើឧស្សាហកម្មផ្នែកគ្រឿងបង្គុំអេឡិចត្រូនិកអាចជំនួសវិស័យកាត់ដេរ ឬយ៉ាងណាក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចនាអនាគត?

ព័ត៌មាន
បច្ចុប្បន្នវិស័យឧស្សាហកម្មបច្ចេកវិទ្យា និងអេឡិចត្រូនិច កាន់តែមានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ និងបានរួមចំណែកកាន់តែសំខាន់ក្នុងការទ្រទ្រង់កំណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ