ជម្លោះព្រំដែន

តើបារាំងអាចជាតួអង្គសំខាន់ក្នុងការដោះស្រាយជម្លោះព្រំដែនដ៏រ៉ាំរ៉ៃរវាងកម្ពុជា និងថៃឬយ៉ាងណា?


ស្របពេលរាជរដ្ឋាភិបាលកម្ពុជាបង្កើតក្រុមការងាររៀបចំឯកសារពាក់ព័ន្ធបញ្ហាតំបន់មុំបី ប្រាសាទតាម៉នធំ ប្រាសាទតាម៉នតូច និងប្រាសាទតាក្របី ដើម្បីប្តឹងទៅតុលារការយុត្តិធម៌អន្តរជាតិ បារាំងដែលធ្លាប់ដាក់អាណានិគមលើកម្ពុជាបានសន្យាជួយសម្របសម្រួលផ្តល់ជាឯកសារដល់ភាគីកម្ពុជា និងថៃ ដើម្បីដោះស្រាយជម្លោះព្រំដែនក្នុងករណីចាំបាច់ណាមួយ។
ជម្លោះព្រំដែន
ដោយ

ការលូកដៃសន្យាជួយពីសំណាក់ប្រទេសបារាំងនេះបានធ្វើឱ្យអ្នកជំនាញជឿជាក់ថា បញ្ហាជម្លោះខ្សែបន្ទាត់ព្រំដែនដ៏រ៉ាំរ៉ៃរវាងកម្ពុជាជាមួយថៃនឹងអាចដោះស្រាយបាន ព្រោះបារាំងជាតួអង្គដ៏សំខាន់មួយ ដែលមានឯកសារសំខាន់ៗជាច្រើនដូចជាឯកសារប្រវត្តិសាស្រ្តពាក់ព័ន្ធនឹងព្រំដែនកម្ពុជាជាមួយថៃជាដើម។

លោកបណ្ឌិត ប៉ា ចាន់រឿន អ្នកជំនាញផ្នែកទស្សនវិជ្ជា អប់រំ និងជាប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាបានចាត់ទុកការបង្ហាញចេតនាចង់ជួយសម្របសម្រួលដោះស្រាយវិវាទព្រំដែនរវាងកម្ពុជានិងថៃរបស់ប្រធានាធិបតីបារាំងលោក អេម៉ាញូអែល ម៉ាក្រុង ជាដំណឹងល្អមួយដោយសារបារាំងជាតួអង្គមួយសំខាន់ក្នុងប្រវិត្តសាស្រ្ត នៃការកំណត់ព្រំដែនកម្ពុជា និងថៃ។ បើតាមអ្នកជំនាញរូបនេះ ការដោះស្រាយបញ្ហាព្រំដែនកម្រិតអន្តរភាគី ដែលមានបារាំងជាអ្នកសម្របសម្រួលជារឿងល្អប្រសើរ តែបើមិនអាចដោះស្រាយបាន កម្ពុជាគួរទទួលយកការជួយផ្តល់ឯកសារពីបារាំង ដើម្បីទុកជាភស្តុតាងសម្រាប់តតាំងក្ដីនៅតុលាការយុត្តិធម៌អន្តរជាតិ។

ស្រដៀងគ្នានេះលោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវ និងជាអ្នកជំនាញទស្សនវិជ្ជា នៃរាជបណ្ឌិត្យសភាកម្ពុជាយល់ឃើញថា ប្រសិនបារាំងលូកដៃជួយសម្របសម្រួលដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជាជាមួយថៃវាជារឿងល្អ ដោយសារបារាំងធ្លាប់ជាប្រទេសអាណានិគមជាមួយកម្ពុជា ហើយបារាំង ក៏មានឯកសារប្រវិត្តសាស្ត្រសំខាន់ៗពាក់ព័ន្ធនឹងព្រំដែនជាមួយថៃផងដែរ។ អ្នកជំនាញរូបនេះបានចាត់ទុកការបង្ហាញបំណងចង់ជួយរបស់បារាំងនេះ វាក៏បានឆ្លើយតបនឹងគោលជំហររបស់រដ្ឋាភិបាលកម្ពុជាដែលប្រកាន់យកការដោះស្រាយកម្រិតទ្វេភាគី និងអន្តរភាគីមុននឹងឈានទៅតុលាការ ICJ ផងដែរ។ តែយ៉ាណាប្រសិនភាគីទាំងពីរឱ្យតម្លៃទៅតួអង្គបារាំងនោះការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ នឹងដាច់ស្រេចលែងមានភាពស្មុគស្មាញបន្តទៀត។

ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃការចូលរួមសន្និសីទអង្គការសហប្រជាជាតិស្ដីពីមហាសមុទ្រលើកទី៣របស់រដ្ឋាភិបាលកម្ពុជាថា ប្រធានាធិបតីបារាំងលោក អេម៉ាញូអែល ម៉ាក្រុង បានលើកឡើងថា បារាំងអាចជួយសម្របសម្រួលវិវាទព្រំដែនរវាងកម្ពុជានិងថៃតាមរយៈការផ្តល់ឯកសារដល់ភាគីទាំងពីរក្នុងករណីចាំបាច់។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានប្រកាន់គោលជំហរឥតងាករេក្នុងការយកបញ្ហាជម្លោះព្រំដែនដ៏រ៉ាំរ៉ៃជាមួយថៃទៅតតាំងក្តីនៅតុលាការយុត្តិធម៌ជាតិ បើទោះបីជាមានការជំទាស់ពីភាគីថៃក៏ដោយ ព្រោះកម្ពុជាចង់ពន្លត់ភ្លើងជាជាងនៅអង្គុយបក់ផ្សែងពាក់ព័ន្ធបញ្ហានេះ។ ជាក់ស្តែងកាលពីពេលថ្មីៗរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បានសម្រេចបង្កើតគណៈកម្មការរៀបចំឯកសារករណីតំបន់មុំបី ប្រាសាទតាម៉នធំ ប្រាសាទតាម៉នតូច និងប្រាសាទតាក្របី ដើម្បីដាក់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ៕

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


គម្រោងវិនិយោគចំនួន២៩៦ជាមួយទុន៧ពាន់លានដុល្លារក្នុងខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្តពីរដ្ឋ

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុបានគូសបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាប…

មិត្ដហ្វូនធានាស្ថិរភាពបណ្តាញ ខណៈពេលមានការរំខានពីខ្សែកាបក្រោមសមុទ្រនៅតំបន់ព្រំដែន

ដើម្បីឆ្លើយតបទៅនឹងការរំខានក្នុងតំបន់ដែលប៉ះពាល់ដល់ខ្សែខ្សែកាបអុបទិកអន្តរជាតិជាច្រើនខ្សែឆ្លងកាត់តំបន់ព្រំដែនប្រទេសថៃ ក្រុមហ៊ុន Metfone បាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ