ទំនាក់ទំនងចិន អាម៉េរិក

នៅចំពោះមុខវិនិយោគិនអាម៉េរិក លោក ស៊ី ជិនពីង ថា ចិនបើកចំហរប្រទេសជានិច្ចក្នុងការធ្វើជាដៃគូ


បន្ទាប់ពីមានជំនួបទល់មុខគ្នាកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ លោក ចូ បៃដិន និងលោក ស៊ី ជិនពីង បានបង្ហាញពីជំហរចង់ទាក់ទាញ និងបង្កើនការវិនិយោគបន្ថែមជាមួយប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក ក្រោយពីមេដឹកនាំទាំងពីរបានបញ្ជូនសញ្ញាស្រុះស្រួលគ្នា និងសារវិជ្ជមានសម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចចិន-អាម៉េរិក។
ទំនាក់ទំនងចិន អាម៉េរិក
ដោយ

នៅក្នុងវេទិកាសេដ្ឋកិច្ចមួយមុនកិច្ចប្រជុំ APEC មកដល់ លោក ចូ បៃដិន បានអួតសរសើរពីទំនាក់ទំនងរវាងអាម៉េរិក ជាមួយប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក និងបានអំពាវនាវឱ្យក្រុមហ៊ុនធំៗអាម៉េ​រិក ដែលកំពុងរកស៊ីនៅតំបន់នេះ គោរពសិទ្ធិកម្មករឱ្យបានស្មើៗគ្នា។

ខណៈលោក ស៊ី ជិនពីង វិញក្នុងជំនួបមួយដាច់ដោយឡែកជាមួយនាយកក្រុមហ៊ុនអាម៉េរិក បានគូសបញ្ជាក់ថា ចិននៅតែបើកចំហរជានិច្ចសម្រាប់កិច្ចសហប្រតិបត្តិការ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។

មុនពេលអាហារថ្ងៃត្រង់ និងថ្លែងសុន្ទរកថាទៅកាន់ប្រមុខរដ្ឋាភិបាលនៃក្រុមប្រទេស APEC ចំនួន២១ប្រទេសនៅឯកិច្ចប្រជុំកំពូលប្រចាំឆ្នាំក្នុងទីក្រុង San Francisco ប្រធានាធិបតីលោក ចូ បៃដិន បាននិយាយទៅកាន់ទស្សនិកជន និងនាយកក្រុមហ៊ុនអាម៉េ​រិកធំៗ ដែលកំពុងវិនិយោគនៅក្នុងតំបន់តំបន់អាស៊ីប៉ាស៊ីហ្វិក រួមមាន ក្រុមហ៊ុន Amazon ក្រុមហ៊ុនជើងហោះហើរ Delta Air Lines ក្រុមហ៊ុន Pepsi Apple និង Boeing ថា សហរដ្ឋអាម៉េ​រិក គឺជាដៃគូគួរឱ្យទុកចិត្តសម្រាប់អាស៊ីប៉ាស៊ីហ្វិក។

លោកថា ៦០% នៃការនាំចេញរបស់អាម៉េ​រិក បានទៅកាន់ប្រទេស APEC អាជីវកម្មអាម៉េ​រិក គឺជាប្រភពធំបំផុតនៃការវិនិយោគផ្ទាល់ពីបរទេសនៅក្នុងសេដ្ឋកិច្ចប្រទេសទាំងនោះ ដោយបាននវិនិយោគយ៉ាងហោចណាស់៤០ពាន់លានដុល្លារក្នុងឆ្នាំ២០២៣នេះ។

លោក ចូ បៃដិន បានបន្ថែមថា សហរដ្ឋអាម៉េ​រិក គឺជាដៃគូដែលអាចទុកចិត្តបានសម្រាប់អាស៊ីប៉ាស៊ីហ្វិក។ បើតាមលោក បៃដិន ចាប់តាំងពីឆ្នាំ២០២១មក រដ្ឋបាលរបស់លោកបានទាក់ទាញក្រុមហ៊ុនមកពីប្រទេសដៃគូ APEC ឱ្យមកវិនិយោគនៅអាម៉េ​រិក បានជាង២០០ពាន់លានដុល្លារ។

ក្នុងនោះ លោក ក៏បានគូសបញ្ជាក់ដែរថា រដ្ឋបាលលោកនឹងបន្តកែលម្អស្តង់ដារការងារ និងរក្សាការប្តេជ្ញាចិត្តចំពោះសហជីពផងដែរ។ ក្រៅពីនេះ លោក ចូ បៃដិនគ្រោងនឹងចូលរួមក្នុងព្រឹត្តិការណ៍ IPEF នាពេលខាងមុខ ដោយមានការចូលរួមពីមេដឹកនាំប្រទេសជប៉ុន វៀតណាម និងសិង្ហបុរីជាដើម ក្នុងការឈានទៅដល់កិច្ចព្រមព្រៀងខ្សែច្រវាក់ផ្គត់ផ្គង់។ គួរជម្រាបថា IPEF ឬដែលគេហៅថាក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលបានបង្កើតឡើងក្នុងឆ្នាំ២០១៧ និងមានសមាជិក១៤ប្រទេស។

ដោយឡែក ក្រោយជំនួបជាមួយលោក ចូ បៃដិន លោក ស៊ី ជិនពីង ប្រធានាធិបតីចិន ក៏មានជំនួបមួយដាច់ដោយឡែកមួយជាមួយនាយកក្រុមហ៊ុនអាម៉េរិក នៅថ្ងៃព្រហស្បតិ៍មុនកិច្ចប្រជុំ APEC នៅ San Francisco ផងដែរ។

លោក ស៊ី បាននិយាយទៅកាន់អ្នកចូលរួមថា ពិភពលោកត្រូវការចិន និងអាម៉េ​រិកធ្វើការជាមួយគ្នា ហើយការចាត់ទុកចិនជាការគំរាមកំហែងគឺជារឿងដ៏ខុសឆ្គង។ លោក ថា មិនថាចិនរីកចម្រើនទៅដល់ទីណាទេ ចិននឹងមិនចង់បានអនុត្តរភាព និងពង្រីកអំណាច និងឥទ្ធិពលលើអ្នកដទៃឡើយ ហើយក៏មិនចង់បានសង្គ្រាមត្រជាក់ ឬសង្គ្រាមក្តៅជាមួយនរណាម្នាក់ដែរ។ តែអ្វីដែលចិនចង់បាននោះ គឺការរួមរស់ដោយសន្តិភាពជាមួយគ្នា និងជាមួយអាម៉េ​រិក។

លោក ស៊ី ជិនពីង បានបញ្ជាក់ជាថ្មីថា ប្រទេសចិនបានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើជាដៃគូ និងជាមិត្តរបស់សហរដ្ឋអាម៉េ​រិក ហើយមានកន្លែងច្រើនសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីនឹងគ្នា។ ក្នុងចំណោមអ្នកចូលរួមដែលសុទ្ធសឹងជានាយកប្រតិបត្តិក្រុមហ៊ុនធំៗរបស់អាម៉េ​រិក ក៏មាន លោក Tim Cook នាយកក្រុមហ៊ុន Apple ផងដែរ។ បើតាមការឱ្យដឹង លោក ស៊ី ក៏បានជួបជាមួយលោក Elon Musk នាយកគ្រប់គ្រងក្រុមហ៊ុន Tesla នៅឯវេទិកានោះដែរ និងបានប្រាប់លោកម៉ាសថា លោកគាំទ្រការអភិវឌ្ឍ និងវិនិយោគរបស់ក្រុមហ៊ុន Tesla នៅក្នុងប្រទេសចិន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សមាគមមីក្រូហិរញ្ញវត្ថុរកមិនឃើញមានករណីគ្រឹះស្ថានហិរញ្ញវត្ថុគាបសង្កត់អតិថិជន ដូចការចុះផ្សាយរបស់សារព័ត៌មានបរទេស

ព័ត៌មាន
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ព្រមានចាត់វិធានការចំពោះគ្រឹះស្ថានហិរញ្ញវត្ថុ ឬបុគ្គលិករបស់គ្រឹះស្ថានហិរញ្ញវត្ថុណា ដែលអនុវត្តផ្ដល់កម្ចីមិនគោរពតា…

វិនិយោគិនចិនឈរកំពូលតារាងវិនិយោគនៅឡាវ ជាមួយទុនវិនិយោគជាង១៣ពាន់លានដុល្លារ

ព័ត៌មាន
ក្រុមហ៊ុនចិន កំពុងវិនិយោគលើគម្រោងអភិវឌ្ឍន៍ជាង៩រយគម្រោងនៅក្នុងប្រទេសឡាវ ជាមួយទុនវិនិយោគសរុបជាង១៣ពាន់លានដុល្លារ។ សារព័ត៌មាន Vientiane…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ