វិនិយោគិន

តើការឆ.បោកក្រោមរូបភាពវិនិយោគនៅមួយរយៈចុងក្រោយ អាចជះឥទ្ធិពលមិនល្អដល់ការវិនិយោគរបស់ជនបរទេសនៅកម្ពុជា ដែរឬទេ?


នៅមួយរយៈចុងក្រោយនេះអាជ្ញាធរកម្ពុជា បានចាត់វិធានការច្បាប់លើជន ដែលរកស៊ីមិនត្រឹមត្រូវ ឬប្រព្រឹត្តអំពើឆបោកក្រោមរូបភាពវិនិយោគជាបន្តបន្ទាប់។ ជាក់ស្ដែងកាលពីពេលថ្មីៗ លោក គុយ វ៉ាត ដែលគេស្គាល់ថា ជាម្ចាស់ភោជនីយដ្ឋាន Park Cafe និងជាអតីតអគ្គនាយកក្រុមហ៊ុន CIC ដែលមានបញ្ហាចម្រូងចម្រាសពាក់ព័ន្ធការវិនិយោគ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទចេញសែកគ្មានប្រាក់ និងឆបោកទឹកប្រាក់រាប់សិបលានដុល្លារ។ តើក្រុមហ៊ុនរកស៊ីមិនត្រឹមត្រូវ ឬប្រព្រឹត្តអំពើឆបោកក្រោមរូបភាពវិនិយោគអាចជះឥទ្ធិពលមិនល្អដល់ការវិនិយោគរបស់ជនបរទេសនៅកម្ពុជា ដែរឬទេ?
វិនិយោគិន
ដោយ

ពាក់ព័ន្ធការឃាត់ខ្លួនលោក គុយ វ៉ាត ពីបទឆបោកសាច់ប្រាក់ក្រោមរូបភាពវិនិយោគ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព យល់ឃើញថា អាជ្ញាធរគួរតែចាត់វិធានការឱ្យបានទូលំទូលាយជាងនេះ តាមរយៈការស្វែអរកឱ្យឃើញនូវអ្នកពាក់ព័ន្ធដទៃទៀត ដើម្បីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ។

បើតាមប្រធានមជ្ឈមណ្ឌលរូបនេះ ការចាត់វិធានការលើក្រុមហ៊ុនរកស៊ីមិនត្រឹមត្រូវ ឬប្រព្រឹត្តអំពើឆបោក នឹងធ្វើឱ្យអ្នកវិនិយោគមកពីបរទេសទទួលបាននូវទំនុកចិត្តមកវិញ។ ទន្ទឹមនឹងនេះអ្នកជំនាញរូបនេះស្នើឱ្យអាជ្ញាធរចាត់វិធានការឱ្យមានតម្លាភាព និងគិតគូដល់ពលរដ្ឋជាអ្នករងគ្រោះ ដែលបានខាតបង់ថវិកាដោយសារការឆបោកនេះ តាមរយៈការផ្តល់ដំណោះស្រាយ ឬសំណងសមរម្យណាមួយដល់ពួកគេ។

លោក យង់ គិមអេង កត់សម្គាល់ឃើញថា អ្នកពាក់ព័ន្ធអំពើឆបោកមួយចំនួននាពេលកន្លងទៅ គឺពុំត្រូវបានជាប់ទោសយូរឆ្នាំនោះឡើយ ហើយបញ្ហានេះអាចនឹងធ្វើឱ្យកើតមានអំពើឆបោកកាន់តែច្រើនបន្ថែមទៀតផងដែរ។

​ពាក់ព័ន្ធបញ្ហានេះដែរ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ការចេញសែកស្អុយ គឺប្រឈមមុខនឹងបទព្រហ្មទណ្ឌ ដែលត្រូវទទួលទោសតាមការប្រព្រឹត្ត។ ក្រៅតែពីចាប់ខ្លួនអ្នកប្រព្រឹត្តកំហុសដាក់ពន្ធធនាគារ អ្នកជំនាញរូបនេះយល់ថា អាជ្ញាធរគួរមានវិធានការលើសពីនេះបន្ថែមទៀត ដើម្បីផ្តល់ភាពយុត្តិធម៌ដល់ជនរងគ្រោះ ក៏ដូចជាស្តារទំនុកចិត្តរបស់អ្នកវិនិយោគ។ សម្រាប់លោកបណ្ឌិត ហុង វណ្ណៈ ការកើតមានអំពើឆបោកជាបន្តបន្ទាប់ក្រោមភាពវិនិយោគនេះចង់ ឬមិនចង់វានឹងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកវិនិយោគនានានៅកម្ពុជា។

​គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះលោក គុយ វ៉ាត ម្ចាស់ភោជនីយដ្ឋាន Park Cafe និងជាអតីតអគ្គនាយកក្រុមហ៊ុន CIC ដែលមានបញ្ហាចម្រូងចម្រាសពាក់ព័ន្ធការឆបោកក្រោមរូបភាពវិនិយោគ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទចេញសែកគ្មានប្រាក់ និងឆបោកទឹកប្រាក់រាប់សិបលានដុល្លារ។ ភ្លាមៗក្រោយការចាប់ខ្លួននេះ សមាគមឧកញ៉ាកម្ពុជា បានចេញលិខិតមួយដោយអះអាងថា លោក គុយ វ៉ាត មិនមានគោរមងារជា“ឧកញ៉ា”ដូចការផ្សព្វផ្សាយនៅតាមបណ្តាញសង្គមនោះទេ៕

អត្ថបទ៖ បូ ដូឡា​

None



អត្ថបទបន្ទាប់


អ្នកវិភាគព្រមានពីការហក់ឡើងតម្លៃប្រេង ប្រសិនបើជម្លោះនៅតំបន់មជ្ឈឹមបូព៌ាកាន់តែឡើងកម្តៅ

ក្រោយទ័ពអាកាសរបស់អ៊ីស្រាអែល បើកការវាយប្រហារលើគោលដៅនានារបស់លីបង់ ជាមួយនឹងយន្តហោះចម្បាំងជាង១00គ្រឿង ហើយក្រុមប្រដាប់អាវុធ ហេសបូឡា គាំទ្រ…

អតិថិជនដែលមានបញ្ហាលំហូរសាច់ប្រាក់ និងការបង់សងត្រឡប់ទទួលបានការជួយសម្រួលពីគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ

ក្នុងបរិការណ៍សេដ្ឋកិច្ចកម្ពុជា ស្ថិតក្នុងភាពមិនច្បាស់លាស់នៃការងើបឡើងវិញ បានធ្វើឱ្យពលរដ្ឋមួយចំនួន ដែលខ្ចីលុយពីគ្រឹះស្ថានធនាគារ និងមីក្រូហិរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ