
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានគូសបញ្ជាក់ថា កត្តាដែលជួយឱ្យគ្រាប់ស្វាយចន្ទីស្រស់នៅកម្ពុជា អាចរក្សាបានស្ថិរភាពលើស៥ពាន់រៀល ក្នុង១គីឡូក្រាម នៅមួយរយៈចុងក្រោយនេះ គឺដោយសារការធ្លាក់ចុះទិន្នផលគ្រាប់ស្វាយចន្ទី ដោយសារការប្រែប្រួលអាកាសធាតុ និងការប្រើវិធានការប្រមូលទិញពីក្រុមហ៊ុនក្នុងស្រុក ដើម្បីកាត់បន្ថយលំហូរគ្រាប់ស្វាយចន្ទីស្រស់ទៅក្រៅប្រទេស។ ម្យ៉ាងទៀតដោយសារចម្ការស្វាយចន្ទីធំៗ និងក្រុមហ៊ុនប្រមូលទិញជាច្រើននៅក្នុងខេត្តកំពង់ធំ បានចូលរួមសហការជាមួយសមាគមក្នុងការទប់ស្កាត់ការធ្លាក់ថ្លៃគ្រាប់ស្វាយចន្ទីស្រស់។
ជាមួយគ្នានេះ លោក ងួន គួយ អ្នកដាំស្វាយចន្ទីម្នាក់នៅខេត្តស្ទឹងត្រែង បានលើកឡើងថា តម្លៃគ្រាប់ស្វាយចន្ទីស្រស់បច្ចុប្បន្ន គឺមានភាពប្រសើរដល់កសិករ ខណៈឈ្មួញចាប់ផ្ដើមប្រមូលទិញហាលស្តុកទុកជាបណ្ដើរៗនិងមានភាពខុសប្លែកជាងរាល់ឆ្នាំ។ ទន្ទឹមនេះ លោកជឿជាក់ថា ការធ្លាក់ចុះទិន្នផលដោយសារការប្រែប្រួលអាកាសធាតុក្នុងឆ្នាំនេះ វានឹងជួយឱ្យតម្លៃគ្រាប់ស្វាយចន្ទីមានកើនឡើងបន្ថែមទៀតនាពេលខាងមុខ។
សមាគមស្វាយចន្ទីកម្ពុជា បានព្យាករថា ការផលិតគ្រាប់ស្វាយចន្ទីរបស់កម្ពុជា នៅឆ្នាំ២០២៥ នេះនឹងអាចសម្រេចបានចន្លោះពី៧០ម៉ឺនតោន ទៅ៩០ម៉ឺនតោន ដែលអាចធ្លាក់ចុះចន្លោះពី១០ ទៅ៣០% បើធៀបនឹងទិន្នផលនៅឆ្នាំ២០២៤។ ការព្យាករបែបនេះ ធ្វើឡើងក្រោយបញ្ហាអាកាសធាតុ បានធ្វើឱ្យប៉ះពាល់ដល់ការបង្កើនផលគ្រាប់ស្វាយចន្ទីនៅឆ្នាំនេះ។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤ កន្លងទៅ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីបានចំនួនជាង៨៥ម៉ឺនតោន មានការកើនឡើង២៦% បើធៀបនឹងឆ្នាំ២០២៣ ដោយបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ ប្រមាណជាង៨១ម៉ឺនតោន ក្នុងនោះនាំចេញទៅទីផ្សារវៀតណាម ជាង៧៩ម៉ឺនតោន ដោយគិតជាទឹកប្រាក់មានប្រមាណជាង១ពាន់១រយលានដុល្លារ កើនឡើង៣១%។ គិតត្រឹមឆ្នាំ២០២៤ កម្ពុជាមានផ្ទៃដីដាំដុះដំណាំស្វាយចន្ទីសរុបជាង៥៨ម៉ឺនហិកតា។ នេះបើយោងតាមទិន្នន័យផ្ទៃដីដាំដុះដំណាំស្វាយចន្ទីជាតិ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕
អត្ថបទ៖ បូ ដូឡា