កូវីដ-១៩នៅឥណ្ឌា

កាសែតអាមេរិកNYT៖ ករណីស្លាប់ដោយសារកូវីដ-១៩នៅឥណ្ឌាអាចនឹងមានលើស ១លាននាក់


ករណីអ្នកស្លាប់ដោយសារកូវីដ-១៩ នៅតែបន្ដមានចំនួនរាប់ពាន់នាក់ក្នុងមួយថ្ងៃ តួយ៉ាងតួលេខគិតត្រឹមថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បង្ហាញឲ្យឃើញថា មានអ្នកស្លាប់ថ្មីជិត៤ពាន់នាក់បន្ថែមទៀតហើយ បើទោះបីជាចំនួនអ្នកឆ្លងថ្មីប្រចាំថ្ងៃមានការថមថយចុះជាងមុនយ៉ាងណាក្ដី។ ជុំវិញការរាតត្បាតកូវីដ-១៩នៅឥណ្ឌានេះដែរ តាមការវិភាគពីកាសែត New York Times ដ៏ល្បីរបស់អាមេរិកបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារកូវីដ-១៩នៅឥណ្ឌានេះ អាចនឹងកើនឡើងថែមទៀត ពោលគឺនឹងមានដល់ ១លាននាក់ ឬច្រើនជាង១លាននាក់ទៅទៀត។
ពលរដ្ឋឥណ្ឌាជញ្ជូនសពដែលស្លាប់ដោយសារកូវីដ១៩ ដោយពុំមានពាក់ខោអាវការពារនោះទេ - Reuters
ដោយ

ចំនួនអ្នកស្លាប់ដោយសារកូវីដ-១៩ បានកើនឡើងជារៀងរាល់ថ្ងៃដោយក្នុងមួយថ្ងៃមានជាង៣ពាន់ ទៅ៤ពាន់នាក់ ដែលវាបាននាំឲ្យប្រទេសនេះ បានជាប់ចំណាត់ថ្នាក់ទី៣ក្នុងពិភពលោក ដែលមានអ្នកស្លាប់ដោយសារកូវីដ-១៩ ច្រើនជាងគេបង្អស់ បន្ទាប់ពីអាមេរិក និងប្រេស៊ីល។

តួលេខគិតត្រឹមថ្ងៃទី ២៧ ខែឧសភា បង្ហាញថា នៅឥណ្ឌាអ្នកស្លាប់ដោយសារកូវីដ-១៩សរុប បានកើនឡើងដល់ជាង៣១​ម៉ឺន​នាក់ហើយ ខណៈដែលអ្នកឆ្លងសរុបវិញមានជាង២៧លាននាក់។

ការធ្វើតេស្ដរកកូវីដ-១៩នៅឥណ្ឌា គឺមានកម្រិតនៅឡើយ ដែលវាត្រូវបានគេជឿថាថា មានអ្នកស្លាប់បាត់បង់ជីវិតដោយសារកូវីដ-១៩មួយចំនួនទៀត មិនបានធ្វើតេស្ដរកកូវីដ-១៩នោះទេ ដូច្នេះហើយ តួលេខអ្នកស្លាប់ដែលមិនបានធ្វើតេស្ដរកកូវីដ-១៩នេះ គឺមិនបានដាក់បញ្ចូលក្នុងតួលេខផ្លូវការរបស់រដ្ឋាភិបាលនោះទេ។

តាមការប៉ាន់ស្មានរបស់កាសែត New York Times បានឲ្យដឹងថា នៅឥណ្ឌាចំនួនអ្នកស្លាប់ដោយសារកូវីដសរុបមកទល់ពេលនេះ អាចមានដល់ទៅជិត ៦០ម៉ឺននាក់ ខណៈដែលតួលេខផ្លូវការបង្ហាញថា មានតែជាង៣១ម៉ឺននាក់។

តាមការប៉ាន់ស្មានរបស់កាសែតអាមេរិកដដែលនេះ បានឲ្យដឹងទៀតថា តាមសេណារីយ៉ូទី១ដែលទំនងអាចកើតឡើង ចំនួនអ្នកស្លាប់សរុបពិតប្រាកដនៅឥណ្ឌាអាចនឹងបន្ដមានដល់ ១លាន៦សែននាក់ ហើយសម្រាប់សេណារីយ៉ូអាក្រក់បំផុតវិញ អាចនឹងមានដល់ទៅ ៤លាន២សែននាក់។ New York Times បានអះអាងដែរថា ការវិភាគប៉ាន់ស្មានរបស់ខ្លួននេះ គឺមានការចូលរួមពីអ្នកជំនាញរាប់សិបនាក់ឯណោះ។

កាសែតអាមេរិកមួយនេះ បានលើកឡើងជាការប្រៀបធៀបថា នៅអាមេរិកមានអ្នកស្លាប់ដោយសារកូវីដ-១៩ច្រើនជាងគេលើពិភពលោក ប្រមាណជិត៦០ម៉ឺននាក់ តែគេនៅតែមានការសង្ស័យថាចំនួននេះ គឺនៅតែមានតិចជាងចំនួនពិតជាក់ស្ដែង ខណៈដែលនៅអាមេរិកមានប្រជាជនសរុប៣៣២លាននាក់។ រីឯ ឥណ្ឌាវិញមានប្រជាជនជិត ១ពាន់៤រយលាននាក់ មានអ្នកស្លាប់តែប្រមាណជាង ៣១ម៉ឺននាក់ ដូច្នេះហើយ ទើបគេដាក់ការសន្និដ្ឋានថាអ្នកស្លាប់ដោយសារកូវីដ-១៩នៅឥណ្ឌា អាចនឹងមានលើសនេះឆ្ងាយណាស់។

ថ្មីៗនេះ អង្គការសុខភាពពិភពលោកក៏បានលើកឡើងដែរថា ចំនួនអ្នកស្លាប់ដោយសារកូវីដ-១៩ពិតប្រាកដនៅលើពិភពលោក អាចនឹងមានខ្ពស់ជាងការរាយការណ៍ដល់ទៅ ២ ឬ៣ដង ពោលគឺអាចមានប្រមាណពី ៦លាន ទៅ១០លាននាក់នៅទូទាំងពិភពលោក។

គួររំឭកបន្ដិចដែរថា កាលពីដើមខែនេះ មានការរាយការណ៍ជាច្រើនពីប្រទះឃើញការលេចចេញនូវសាកសពរាប់រយ ដែលគេបានកប់ចោលរាក់ៗនៅក្បែរច្រាំងទន្លេនៅក្នុងប្រទេសឥណ្ឌា ដែលក្នុងនោះ មានសាកសពខ្លះ ត្រូវបានគេសង្ស័យថា គឺជាអ្នកដែលបានស្លាប់ដោយសារតែកូវីដ-១៩ ហើយគ្រួសាររបស់ពួកគេបានយកសាកសពមកកប់ចោលនៅច្រាំងទន្លេនេះ ដោយសារតែមានការរឹតបន្ដឹងខ្លាំង ចំពោះការបូជាសាកសពអ្នកកើតកូវីដ-១៩ ពីសំណាក់អាជ្ញាធរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនប្រេង Total និង Chevron ផ្អាកទូទាត់ប្រាក់ទៅឲ្យរបបយោធាភូមា

ព័ត៌មាន
ក្រុមហ៊ុនប្រេងនិងឧស្ម័នរបស់បារាំង តូតាល់ និង ក្រុមហ៊ុនថាមពល របស់អាមេរិកឈ្មោះឈេហ្វរ៉ុន (Chevron) បានផ្អាកការទូទាត់ប្រាក់មួយចំនួន ដែលប…

ក្រុមហ៊ុន Tesla សុខចិត្តបង់លុយឲ្យមុន ឲ្យតែបានបន្ទះឈីបមកផលិតរថយន្ដ

ព័ត៌មាន
ការកង្វះខាតបន្ទះឈីប កំពុងក្លាយជាបញ្ហាសកលមួយ សម្រាប់ឧស្សាហកម្មផលិតគ្រឿងអេឡិចត្រូនិកធំៗ រាប់តាំងតែពីការផលិត ទូរស័ព្ទ ទូរទស្សន៍ កុំព្យូទ័រ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ