ប្រេងឥន្ធនៈ

អ្នកជំនាញស្នើឱ្យរដ្ឋាភិបាលដាក់ចេញគោលនយោបាយគាំទ្រដល់ពលរដ្ឋ ដែលមានសមត្ថភាពកែច្នៃប្រេងឥន្ធនៈប្រើប្រាស់ដោយខ្លួនឯង


នាពេលថ្មីៗនេះសម្ទុះ នៃការកែច្នៃកាកសំណល់ប្លាស្ទិកឱ្យទៅជាប្រេងសាំង និងម៉ាស៊ូតពីសំណាក់ប្រជាពលរដ្ឋខ្មែរបានក្លាយជាប្រធានបទក្តៅគគុកនៅលើបណ្តាញសង្គម ស្របពេលតម្លៃប្រេងឥន្ធនៈកំពុងហក់ឡើងថ្លៃខ្ពស់។ ជុំវិញបញ្ហានេះ ក្រុមអ្នកជំនាញបានផ្តល់ជាយោបល់ថា រដ្ឋាភិបាលគួរតែមានគោលនយោបាយលើកទឹកចិត្ត និងការគាំទ្រផ្នែកបច្ចេកទេស ដើម្បីជំរុញឱ្យការផលិតនេះមានគុណភាពស្តង់ដា ដែលអាចឈានទៅដល់ការជួយផ្គត់ផ្គង់តម្រូវការក្នុងស្រុក ស្របពេលដែលពិភពលោកកំពុងជួបវិបត្តិខ្វះខាតប្រេងឥន្ធនៈ។
ប្រេងឥន្ធនៈ
ដោយ

លោកបណ្ឌិត ជ័យ តិច អ្នកសិក្សាស្រាវជ្រាវសេដ្ឋកិច្ចសង្គម បានលើកឡើងថា បញ្ហាតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់កំពុងក្លាយជាបញ្ហាចោទសម្រាប់ពិភពលោក ក៏ដូចជាកម្ពុជា ដែលកត្តានេះបានជំរុញឱ្យពលរដ្ឋមួយចំនួនបានរិះរកវិធីក្នុងការការផលិតសាំងចេញពីកាកសំណល់ផ្សេងៗដោយខ្លួនឯងសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន។ ជាក់ស្ដែង មានពលរដ្ឋចំនួនបានកែច្នៃឧបករណ៍ផលិតប្រេងសាំង និងម៉ាស៊ូតចេញពីកាកសំណល់ប្លាស្ទិកសម្រាប់បម្រើការប្រើប្រាស់ប្រចាំថ្ងៃ។ តែយ៉ាងណាប្រេងសាំង និងម៉ាស៊ូតដែលផលិតចេញពីប្លាស្ទិកមិនមានគុណភាពល្អដូចប្រេងសាំង និងម៉ាស៊ូតដាក់លក់នៅតាមស្ថានីយប្រេងឥន្ធនៈនោះទេ។ អ្នកជំនាញរូបនេះយល់ឃើញថា រដ្ឋាភិបាលគួរតែផ្តល់ការលើកទឹកចិត្ត និងបច្ចេកទេសគាំទ្រដល់អ្នកដែលមានសមត្ថភាពអាចផលិតប្រេងសាំង និងម៉ាស៊ូតបានដោយខ្លួនឯងក្នុងកាលៈទេសៈដែលពិភពលោកកំពុងជួបវិបត្តិថាមពលនាពេលបច្ចុប្បន្ននេះ។

ស្រដៀងគ្នានេះ លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងជាអ្នកតាមដានហេតុការណ៍សង្គម យល់ឃើញថា រដ្ឋាភិបាលគួរតែចុះត្រួតពិនិត្យដោយផ្ទាល់ដល់ទីតាំងផលិត ដើម្បីសិក្សាពីចំណុចខ្វះខាត និងជួយពង្រឹងសមត្ថភាពដល់ពលរដ្ឋដែលអាចផលិតប្រេងឥន្ធនៈចេញពីកាកសំណល់ប្លាស្ទិកទាំងនោះ។ លោកបណ្ឌិតបានបន្ថែមថា រដ្ឋគួរពិចារណាលើការផ្តល់ប្រាក់ឧបត្ថម្ភធន ឬជំនួយសម្ភារៈបច្ចេកទេស ដើម្បីប្រែក្លាយការច្នៃប្រឌិតលក្ខណៈគ្រួសារឱ្យទៅជាចំណែកមួយ នៃការដោះស្រាយវិបត្តិថាមពល។

ទន្ទឹមគ្នានេះ លោក សន ជ័យ នាយកប្រតិបត្តិ នៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា យល់ឃើញថា នៅក្នុងកាលៈទេសៈវិបត្តិប្រេងឥន្ធនៈលើសកលលោកនេះ ទីកន្លែងណា ដែលមានពលរដ្ឋអាចកែច្នៃផលិតប្រេងសាំងម៉ាស៊ូតបានដោយខ្លួនឯង រដ្ឋគួរតែមានគោលនយោបាយលើកទឹកចិត្ត និងផ្តល់បច្ចេកទេសដល់ពួកគេ ដើម្បីបង្កើតជាខ្សែច្រវាក់ផលិតកម្មខ្នាតតូចនាពេលអនាគត។

គួររំលឹកថា កន្លងមកមានពលរដ្ឋនៅខេត្តបាត់ដំបងម្នាក់បានជោគជ័យក្នុងការច្នៃសំរាមប្លាស្ទិកទៅជាប្រេងសាំង ដែលអាចប្រើប្រាស់បានសម្រាប់ម៉ូតូ គោយន្ត និងម៉ាស៊ីនបូមទឹក។ អ្នកជំនាញយល់ឃើញថា នេះគឺជារបត់ថ្មីដ៏សំខាន់ ដែលទាមទារឱ្យមានការតម្រង់ទិសពីរដ្ឋាភិបាល ដើម្បីធានាបាននូវសុវត្ថិភាព គុណភាព និងការប្រើប្រាស់ឱ្យបានកាន់តែទូលំទូលាយសម្រាប់សង្គមជាតិទាំងមូល៕

អត្ថបទ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


បូទីកា បង្កើតយុទ្ធនាការ «ចែកសាំង ចែកក្តីសង្ឃឹម» ផ្តល់សាំងឥតគិតថ្លៃ ១ថ្ងៃពេញ ក្នុងឱកាសអបអរខួប ២០ ឆ្នាំ

ដើម្បីជួយសម្រាលបន្ទុកចំណាយប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក្នុងបរិការណ៍ដែលប្រេងឥន្ធនៈកំពុងឡើងថ្លៃខ្លាំង និងក្នុងឱកាសអបអរខួប២០ឆ្នាំ ក្រុមហ៊ុន បូទី…

អ្នកជំនាញអះអាងថា ទោះតម្លៃទំនិញនៅលើទីផ្សារមិនទាន់ហក់ដល់កម្រិតគួរឱ្យបារម្ភ តែវាកំពុងវាយប្រហារជីវភាពពលរដ្ឋមានចំណូលទាប

ការហក់ឡើង នៃតម្លៃប្រេងឥន្ធនៈសកលនៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ កំពុងបង្កជាក្តីបារម្ភយ៉ាងខ្លាំងដល់បណ្តាប្រទេសជុំវិញពិភពលោក រួមទាំងកម្ពុជា ផងដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ