ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ប្រាប់ខេមបូណូមីសថា គម្រោងព្រែកជីកហ្វូណនតេជោ នៅតែដំណើរការទៅមុខ និងមិនមានអ្វីត្រូវរាំងស្ទះនោះទេ ខណៈការដឹកជញ្ជូនទំនិញនៅក្នុងគម្រោងជាប្រវត្តិសាស្រ្តនេះ នឹងចាប់ផ្ដើមពីច្រកព្រែកជីកខេត្តកែបឆ្ពោះទៅកំពង់ផែក្រុងព្រះសីហនុ ហើយចូលទៅសមុទ្រអន្តរជាតិ។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ គម្រោងព្រែកជីក ហ្វូណនតេជោ នឹងត្រូវដាក់គ្រឿងចក្រជីកស្ដារ នៅចុងខែវិច្ឆិកា ឬដើមខែធ្នូ ខាងមុខនេះ ពោលគឺបន្ទាប់ពីទឹកស្រក។
ការបញ្ជាក់បែបនេះរបស់អ្នកនាំពាក្យក្រសួងសាធារណការ ធ្វើឡើងក្រោយមានការបង្ហោះវីដេអូអមជាមួយសារនៅលើបណ្តាញសង្គមនៅក្នុងប្រទេសវៀតណាម កាលពីពេលថ្មីៗថា រដ្ឋាភិបាលវៀតណាម កំពុងសាងសង់ផ្លូវថ្នល់ក្នុងសមុទ្រពីខេត្តហាទៀង ទៅកាន់កោះត្រល់ ដើម្បីបិទច្រកកុំឱ្យកប៉ាល់ដឹកទំនិញអាចចេញចូលព្រែកជីក ហ្វូណនតេជោ។ ពាក់ព័ន្ធបញ្ហានេះឯកឧត្តម ផន រឹម អះអាងថា ទោះមានការអភិវឌ្ឍន៍នេះ តែវានឹងមិនធ្វើឱ្យប៉ះពាល់ដល់គម្រោងព្រែកជីក ហ្វូណនតេជោ នោះទេ។
លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចយល់ឃើញថា គម្រោងព្រែកជីកហ្វូណនតេជោ វានឹងជួយលើកកម្ពស់ការប្រកួតប្រជែងក្នុងវិស័យដឹកជញ្ជូនរបស់កម្ពុជា ព្រមទាំងធ្វើឱ្យវិស័យជាច្រើនទៀតមានការរីកចម្រើន។ ការណ៍នេះ ត្រូវបានអ្នកជំនាញរូបនេះលើកឡើងថា នឹងធ្វើឱ្យកម្ពុជា មានឯករាជ្យភាពក្នុងការដឹកជញ្ជូន និងធ្វើឱ្យសេដ្ឋកិច្ចមានភាពប្រសើរនៅពេលគម្រោងជាប្រវត្តិសាស្រ្តនេះលេចចេញជារូបរាងនាពេលខាងមុខ។
ពាក់ព័ន្ធគម្រោងនេះដែរកាលពីពេលថ្មីៗនេះ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានគាំទ្រគម្រោងព្រែកជីក ហ្វូណនតេជោ របស់កម្ពុជា ខណៈគម្រោងនេះ នឹងបម្រើដល់វិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជាក្នុងការឈានដល់អភិវឌ្ឍន៍សេដ្ឋកិច្ចឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។
គួរបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណន តេជោ តម្លៃប្រមាណ១ពាន់៧រយលានដុល្លារ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ នេះ មិនត្រឹមតែផ្ដល់ផលប្រយោជន៍ដល់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងផ្ដល់ផលប្រយោជន៍ដល់តំបន់ និងពិភពលោកផងដែរ។ បើយោងតាមការសិក្សា តាមរយៈគម្រោងនេះ វានឹងជួយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ទៅក្នុងបរិស្ថាន និងកាត់បន្ថយថ្លៃដើមភស្តុភារកម្ម និងធ្វើឱ្យការវិនិយោគនៅកម្ពុជា កាន់តែមានភាពប្រសើរឡើង ដែលនឹងផ្ដល់ផលចំណេញដល់សេដ្ឋកិច្ចចន្លោះពី២០% ទៅ៣០% ហើយជីវភាពរបស់ពលរដ្ឋជាង១លាន៦សែននាក់ ដែលរស់នៅតាមបណ្ដោយព្រែកជីកនេះ ក៏នឹងមានភាពប្រសើរឡើងផងដែរ៕
អត្ថបទ៖ បូ ដូឡា