ប្រជាជនកម្ពុជា

តើការចាត់ចំណាត់ថ្នាក់ប្រជាជនកម្ពុជាមានសុភមង្គលទាប និងមានជំងឺផ្លូវចិត្តខ្ពស់ជាងគេនៅអាស៊ានអាចឆ្លុះបញ្ជាំងការពិតកម្រិតណា?


បើយោងតាមការចុះផ្សាយរបស់គេហទំព័រ Our World in data និងការសិក្សារបស់មជ្ឈមណ្ឌលសិក្សាស្រាវមួយរបស់សាកលវិទ្យាល័យ Oxford របស់អង់គ្លេស បានបង្ហាញថា កម្ពុជាជាប់ចំណាត់ថ្នាក់លេខ១ ដែលពលរដ្ឋមានសុភមង្គមទាបជាងគេ និងមានអ្នកកើតជំងឺផ្លូវចិត្តខ្ពស់ជាងគេនៅតំបន់អាស៊ាន។មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងអ្នកជំនាញទស្សនវិទ្យាបានចាត់ទុកការចាត់ថ្នាក់របស់អង្គការនេះថា ហាក់មានភាពមិនប្រក្រតី និងមិនបានឆ្លុះបញ្ចាំងពីទិដ្ឋភាពជាក់ស្តែងរបស់អាស៊ាន។ តើការចាត់ចំណាត់ថ្នាក់នេះឆ្លុះបញ្ចាំងការពិតរបស់កម្ពុជាដែរឬទេ?
ប្រជាជនកម្ពុជា
ដោយ

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានចាត់ទុករបាយការណ៍ ដែលចេញផ្សាយដោយ Our World in Data និងការសិក្សារបស់មជ្ឈមណ្ឌលស្រាវជ្រាវនៃសាកលវិទ្យាល័យ Oxford កាលពីពេលថ្មីៗ ដែលថា ពលរដ្ឋកម្ពុជាមានសុភមង្គលទាបជាងគេ និងកើតជំំងឺផ្លូវចិត្តច្រើនជាងគេនៅតំបន់អាស៊ាន ហាក់មានភាពមិនប្រក្រតី និងមិនគួរឱ្យជឿជាក់បាន។

មិនគួរឱ្យជឿជាក់បាន ក៏ដោយសារតែរបាយការណ៍នេះបានចាត់ចំណាត់ថ្នាក់មីយ៉ាន់ម៉ា ដែលកំពុងហែកហួរដោយសង្គ្រាមផ្ទៃក្នុង និងមានប្រជាជនជាច្រើនរត់ភៀសខ្លួនទៅកាន់ប្រទេសនានា បែរជាមានប្រជាជនមានភាពសប្បាយរីករាយជាងកម្ពុជាទៅវិញ។ តែយ៉ាងណា ឯកឧត្តម បានចាត់ទុកការចាត់ចំណាត់ថ្នាក់ប្រទេសណាមួយរបស់អង្គការមួយចំនួន គឺជាការងាររបស់អង្គការទាំងនោះ ហើយការចាត់ចំណាត់ថ្នាក់ថ្មីៗៗនេះមិនបានធ្វើឱ្យប៉ះពាល់ដល់កម្ពុជានោះទេ ដ្បិតថា របាយការណ៍នេះមិនត្រូវបានទទួលស្គាល់ដោយប្រទេសនៅក្នុងតំបន់អាស៊ាន ឬប្រទេសណាមួយ។

ស្រដៀងគ្នានេះលោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវ និងជាអ្នកជំនាញទស្សនវិជ្ជា នៃរាជបណ្ឌិត្យសភាកម្ពុជាបានចាត់ទុករបាយការណ៍ស្រាវជ្រាវខាងលើ ហាក់គ្មានប្រភព និងការស្រាវជ្រាវបែបវិទ្យាសាស្ត្រច្បាស់លាស់ ដែលអាចជឿទុកចិត្តបាន។ ទន្ទឹមនេះ អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា ដោយសារបច្ចុប្បន្នមានការប្រកួតប្រជែងខ្លាំងខាងផ្នែកភូមិសាស្ត្រនយោបាយ អាចជំរុញឱ្យប្រទេសមួយចំនួនប្រើប្រាស់ការស្រាវជ្រាវធ្វើជាឧបករណ៍ក្នុងការវាយប្រហារមកលើប្រទេសមួយទៀត ក៏មានដែរ។ យ៉ាងណាក៏ដោយអ្នកជំនាញរូបនេះទទួលស្គាល់ថា បញ្ហាផ្លូវចិត្តរបស់ប្រជាជនកម្ពុជាមួយចំនួនអាចកើតមានពិតប្រាកដមែននៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលអាចបង្កឡើងដោយវិបត្តិជំងឺកូវីដ-១៩ សេដ្ឋកិច្ចគ្រួសារ សុខភាពផ្លូវចិត្ត និងវិបត្តិសង្គមមួយចំនួន។

បើយោងតាមការចុះផ្សាយរបស់គេហទំព័រ Our World in Data កាលពីពេលថ្មីៗ កម្ពុជាត្រូវបានចាត់ចំណាត់ថ្នាក់ជាប្រទេសមានពលរដ្ឋកើតជំងឺផ្លូវចិត្តខ្ពស់ជាងគេនៅតំបន់អាស៊ាន ដែលមានរហូតដល់១២% ដែលតាមពីក្រោយដោយឡាវ ម៉ាឡេស៊ី និងហ្វីលីពីន ខណៈដែលមីយ៉ាន់ម៉ាដែលកំពុងហែកហួរដោយសង្គ្រាមផ្ទៃក្នុងបានឈរចំណាត់ថ្នាក់លេខ៤ ជាមួយពលរដ្ឋមានវិបត្តិផ្លូវចិត្ត១០,៥៧%។ ទន្ទឹមនេះ ការសិក្សាថ្មីមួយរបស់មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវនៃសាកលវិទ្យា Oxford បានវាយតម្លៃថា កម្ពុជាមានពលរដ្ឋមិនសូវមានសុភមង្គលខ្ពស់ជាងគេបើធៀបនឹងប្រទេសអាស៊ាន៨ផ្សេងទៀត ដោយមិនរាប់បញ្ចូលព្រុយណេ៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃ គ្រោងសង់អគារពិព័រណ៍ភូមិពិមាន ក្នុងពិព័រណ៍ឆ្នាំ២០២៥ នៅជប៉ុន ដើម្បីផ្សព្វផ្សាយប្រទេសថៃ ជាមជ្ឈមណ្ឌលវេជ្ជសាស្ត្រពិភពលោក

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ លោក ឆុលណាន់ ស្រ៊ីកែវ (Cholnan Srikaew)បានអះអាងថា ប្រទេសថៃ នឹងសាងសង់អគារពិព័រណ៍មានឈ្មោះថា “ភូមិពិមាន” (…

លោក បៃដិន ចុះហត្ថលេខាលើច្បាប់ចំណាយជាង១ទ្រីលានដុល្លារ ដើម្បីបញ្ចៀសការបិទរដ្ឋាភិបាល

ព័ត៌មាន
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន បានចុះហត្ថលេខាលើច្បាប់ ស្ដីពីកញ្ចប់ថវិកាចំណាយ ដែលមានទំហំ១,២ទ្រីលានដុល្លារ ដោយធ្វើឱ្យរដ្ឋាភិបាលអាម៉េរ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ