នេះបើតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មាន ប្លូមប៊ឺក។
បើយោងតាមប្រភពមួយចំនួន ដែលដឹងពីស្ថានភាពនៃកិច្ចប្រជុំកំពូលនេះ បានបញ្ជាក់ថា ភាពតានតឹងរវាងចិន និងឥណ្ឌាបានគំរាមកំហែងដល់ការរារាំងមេដឹកនាំក្រុមប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ ឬហៅថា ជី២០ ទំនងជាមិនអាចចេញសេចក្តីថ្លែងការណ៍រួមគ្នាបានទេ ហើយបើដូច្នោះមែន វានឹងក្លាយជាលើកដំបូងហើយ ដែលប្លុកនេះ មិនអាចចេញសេក្ដីថ្លែងការណ៍រួមគ្នា បើគិតតាំងពីវាត្រូវបានចាប់កំណើតកាលពីឆ្នាំ១៩៩៩មក។
ប្រភពដែលសុំលាក់អត្តសញ្ញាតទាំងនេះបាននិយាយថា នៅក្នុងការដំណើរការឆ្ពោះទៅរកកិច្ចប្រជុំកំពូលនៅទីក្រុងញូវដែលី ដែលនឹងចាប់ផ្តើមនៅចុងសប្តាហ៍ក្រោយនេះ ប្រទេសចិនបានរារាំងយ៉ាងខ្លាំង ចំពោះសេចក្តីព្រាងសំណើ ដែល ពាក់ព័ន្ធនឹងបំណុលនៅក្នុងប្រទេសដែលមានទីផ្សារកំពុងរីកចម្រើន និងការថ្កោលទោសចំពោះសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែនជាដើម។
ប្រទេសឥណ្ឌា និងចិននៅតែខ្វែងគំនិតគ្នាយ៉ាងខ្លាំងចំពោះចំណុចក្ដៅមួយចំនួនរួមទាំងជម្លោះព្រំដែននៅតំបន់ភ្នំហិម៉ាឡៃ ខណៈដែលឥណ្ឌាក៏ជាទីផ្សារប្រកួតប្រជែងការវិនិយោគដ៏ខ្លាំងរបស់ចិនដែរ ព្រោះប្រទេសឥណ្ឌាជាអ្នកទទួលផលដ៏សំខាន់មួយ ពីក្រុមហ៊ុនលោកខាងលិច ដែលបាននិងកំពុងរើផលិតកម្មរបស់ពួកគេចេញពីប្រទេសចិន។
មកទល់ថ្ងៃទី០១ ខែកញ្ញានេះ គេនៅតែមិនច្បាស់ថា តើលោក ស៊ី នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលG20 នៅថ្ងៃទី៩-១០ ខែកញ្ញាខាងមុខនេះ ដោយផ្ទាល់ឬយ៉ាងណានោះទេ ប៉ុន្តែមន្ត្រីទូតឥណ្ឌា២នាក់ប្រចាំទីក្រុងប៉េកាំង បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហាថា នាយករដ្ឋមន្ត្រីចិនលោក លី ឈាំង ត្រូវបានគេរំពឹងថា នឹងធ្វើជាតំណាងប្រទេសចិននៅក្នុងកិច្ចប្រជុំកំពូលជី២០ក្នុងពេលខាងមុខនេះ ហើយក៏គេមិនដឹងពីមូលហេតុនៃការអវត្តមានរបស់លោក ស៊ី នៅក្នុងកិច្ចប្រជុំកំពូលនេះផងដែរ។
ទោះយ៉ាងណា ព័ត៌មានពីការអវត្តមានរបស់លោក ស៊ី នេះបានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រទេសឥណ្ឌាបានតវ៉ាប្រឆាំង នឹងការគូសផែនទីថ្មីរបស់ចិនដែលបានកាត់យកដែនដីរបស់ឥណ្ឌា។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានអេភី។
ចំណែកលោក ពូទីន ប្រធានាធិបតីរុស្ស៊ីវិញក៏នឹងគ្មានវត្តមាននៅក្នុងកិច្ចប្រជុំនេះដែរ ដោយលោកបានប្រាប់លោក ម៉ូឌី តាមទូរស័ព្ទកាលពីថ្ងៃចន្ទ ទី២៨ ខែសីហាថា លោកនឹងមិនបានចូលរួមក្នុងកិច្ចប្រជុំជី២០នេះទេ ប៉ុន្តែលោកនឹងបញ្ជូនរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេ ឡាវរ៉ូវ ឱ្យទៅចូលរួមជំនួសរូបលោក៕