G20សម្រេចបានកិច្ចព្រមព្រៀងផ្លូវដែក និងកំពង់ផែថ្មី!

មេដឹកនាំពិភពលោកបង្ហាញពីកិច្ចព្រមព្រៀងផ្លូវដែក និងកំពង់ផែថ្មី ជាលទ្ធផលក្នុង កិច្ចប្រជុំG20នៅឥណ្ឌា


មេដឹកនាំពិភពលោកបានប្រកាសកិច្ចព្រមព្រៀងផ្លូវដែក និងកំពង់ផែថ្មី តភ្ជាប់តំបន់ មជ្ឈិមបូព៌ា និងអាស៊ីខាងត្បូង កាលពីថ្ងៃទី៩ខែកញ្ញា នៅខាងក្រៅកិច្ចប្រជុំកំពូលG20 នៅទីក្រុងញូវដេលី។ កិច្ចប្រជុំនៃក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿនទាំង២០ លើលោកនេះ ក៏បានសម្រេចចេញសេចក្តីប្រកាសរួមគ្នាមួយផងដែរ ដោយឱ្យរដ្ឋទាំងអស់គោរពគោលការណ៍ច្បាប់អន្តរជាតិ បូរណភាពទឹកដី និងអធិបតេយ្យភាព។ ប៉ុន្តែព្យាយាមមិនថ្កោលទោសត្រង់ៗ ចំពោះសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនឡើយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
G20សម្រេចបានកិច្ចព្រមព្រៀងផ្លូវដែក និងកំពង់ផែថ្មី!
ដោយ

ព្រមព្រៀងផ្លូវដែក និងកំពង់ផែដែលប្រកាសនៅក្នុងជំនួប G20នេះ ត្រូវបានចុះហត្ថលេខា ដោយមេដឹកនាំសហភាពអឺរ៉ុប ឥណ្ឌា អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម សហរដ្ឋអាមេរិក និងប្រទេសសមាជិកG20 ផ្សេងទៀត។ វាបានកើតឡើងចំពេលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តខិតខំប្រជែងនឹងគម្រោងយក្សរបស់ចិន«ខ្សែក្រវាត់និងផ្លូវ» ដែលជាគំនិតផ្តួចផ្តើមជំរុញហេដ្ឋារចនាសម្ព័ន្ធសកលទូទាំងទ្វីបអឺរ៉ាស៊ី (អឺរ៉ុប-អាស៊ី)។


ប្រធានាធិបតីអាមេរិកលោកចូ បៃដិន បាននិយាយថា កិច្ចព្រមព្រៀងនេះគឺជា «កិច្ចព្រមព្រៀងធំពិតប្រាកដ ដែលនឹងភ្ជាប់កំពង់ផែឆ្លងកាត់ទ្វីបទាំងពីរ និងនាំឱ្យមជ្ឈិមបូព៌ាកាន់មានតែមានស្ថិរភាព វិបុលភាពជាងមុន»។ វាក៏នឹងបើក «ឱកាសគ្មានទីបញ្ចប់» សម្រាប់ថាមពលស្អាត អគ្គិសនីស្អាត និងការដាក់ខ្សែកាបដើម្បីតភ្ជាប់ទ្វីបទាំងពីរផងដែរ។


ដោយឡែក នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi ដែលជាម្ចាស់ផ្ទះ និងប្រធានG20នៅឆ្នាំនេះ បានគូសបញ្ជាក់ថា គំនិតផ្តួចផ្តើមនេះ នឹងបើកផ្លូវកាន់តែធំសម្រាប់អនាគតមនុស្សជំនាន់ក្រោយ។ យោងតាមលោក Jon Finer អនុទីប្រឹក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក បានប្រាប់អ្នកសារព័ត៌មានក្រៅកិច្ចប្រជុំថា កិច្ចព្រមព្រៀងផ្លូវដែក និងកំពង់ផែ នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រទេសដែលមានចំណូលទាប និងមធ្យមនៅក្នុងតំបន់ ហើយផ្តល់តួនាទីសំខាន់សម្រាប់ប្រទេសនៅមជ្ឈិមបូព៌ាចូលទៅក្នុងពាណិជ្ជកម្មសកល។

គំនិតផ្តួចផ្តើមនេះ មានគោលបំណងភ្ជាប់បណ្តាប្រទេសនៅមជ្ឈិមបូព៌ាដោយផ្លូវរថភ្លើង និងតាមកំពង់ផែនៅក្នុងប្រទេសឥណ្ឌា ដែលវានឹងជួយដល់លំហូរថាមពល និងពាណិជ្ជកម្មពីឈូងសមុទ្រ ទៅអឺរ៉ុប ដែលចំណាយពេល និងថ្លៃដឹកជញ្ជូនតិចជាងមុន។


នៅថ្ងៃទី៩ខែកញ្ញា មេដឹកនាំG20បានសម្រេចចេញសេចក្តីប្រកាសរួមគ្នាមួយ ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលកាលពីកិច្ចប្រជុំកំពូល G20 នៅឥណ្ឌូនេស៊ីកាលពីឆ្នាំមុន ប្លុកនេះមិនបានចេញសេចក្ដីថ្លែងការណ៍នោះឡើយ។ សេចក្តីថ្លែងការណ៍រួមនោះ «អំពាវនាវឱ្យរដ្ឋទាំងអស់គោរពតាមគោលការណ៍ច្បាប់អន្តរជាតិ រួមមានបូរណភាពទឹកដី និងអធិបតេយ្យភាព ច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងប្រព័ន្ធពហុភាគីដែលការពារសន្តិភាព និងស្ថិរភាព»។ «ការប្រើប្រាស់ឬការគំរាមកំហែងនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ គឺមិនអាចទទួលយកបានឡើយ»។


ក្នុងនោះ លោក Narendra Modi បានប្រាប់កិច្ចប្រជុំថា «យើងបានទទួលការឯកភាពលើសេចក្តីប្រកាសនៃកិច្ចប្រជុំកំពូលG20 ហើយសេចក្តីប្រកាសនេះ នឹងដាក់ឱ្យអនុវត្តចាប់ពីថ្ងៃប្រកាសនេះតទៅ»។ ទោះជាយ៉ាងណា តាមរយៈសេចក្តីថ្លែងការណ៍នេះ បានជៀសវាងមិនថ្កោលទោសប្រទេសរុស្ស៊ី ចំពោះសង្គ្រាមនៅអ៊ុយក្រែនឡើយ។ ជាមួយគ្នា ក្រសួងការបរទេសអ៊ុយក្រែនបាននិយាយថា «សេចក្តីប្រកាសនេះគឺគ្មានអ្វីដែលត្រូវមានមោទនភាពនោះទេ» ព្រោះគ្មានវត្តមានអ៊ុយក្រែន ដែលអ្នករងគ្រោះនៅក្នុងកិច្ចប្រជុំ ហើយវាមិនបានឆ្លុះបញ្ជាំងពីស្ថានភាពជាក់ស្តែងដែរ។


ទោះជាបីជាយ៉ាងណាក៏ដោយ មេដឹកនាំអាល្លឺម៉ង់លោក Olaf Scholz ថាវាបង្ហាញយ៉ាងច្បាស់ពីគោលបំណងរបស់យើងដែលប្រឆាំង ចំពោះការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។ ខណៈលោក Rishi Sunak នាយករដ្ឋមន្ត្រីអង់គ្លេសលើកឡើងថា សេចក្តីប្រកាសនេះសំដៅយ៉ាងច្បាស់អំពីសង្គ្រាមខុសច្បាប់របស់រុស្ស៊ីនៅអ៊ុយក្រែន»។ លោកគិតថា «នេះគឺជាលទ្ធផលល្អមួយពីកិច្ចប្រជុំ»។


សេចក្តីប្រកាសនេះក៏បានអំពាវនាវឱ្យមានការអនុវត្តគំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងសមុទ្រខ្មៅឡើងវិញដែរ សម្រាប់លំហូរនៃគ្រាប់ធញ្ញជាតិ អាហារ និងជីពីអ៊ុយក្រែន និងរុស្ស៊ីប្រកបដោយសុវត្ថិភាព ទៅកាន់ទីផ្សារពិភពលោក។ ទោះយ៉ាងណា គេមិនមិនទាន់ឃើញមានប្រតិកម្មភ្លាមៗពីសំណាក់រុស្ស៊ី ដែលលោក Sergei Lavrov ក៏បានមានវត្តមាននៅក្នុងកិច្ចប្រជុំG20ប្រទេសឥណ្ឌាដែរនោះ។




អត្ថបទបន្ទាប់


រុស្ស៊ីចាត់ទុកប្រទេសឡាវ ជាភ្ញៀវកំពូលនៅក្នុងវេទិកាសេដ្ឋកិច្ច ដែលនឹងធ្វើឡើងនៅសប្ដាហ៍ក្រោយ

រុស្ស៊ីបាននិយាយកាលពីថ្ងៃទី៩ខែកញ្ញាថា ភ្ញៀវបរទេសកំពូលនៅក្នុងវេទិកាសេដ្ឋកិច្ច ដែលនឹងរៀបធ្វើឡើងនៅទីក្រុង វ្លាដីវូស្តុក (Vladivostok) នៅសប្ត…

គោលនយោបាយព្យួរបំណុលកសិករ ដែលងាយរងគ្រោះខ្លាំងនៅថៃហាក់ទទួលបានការគាំទ្រពីមជ្ឈដ្ឋានសេដ្ឋកិច្ច

មេដឹកនាំពាណិជ្ជកម្ម និងធនាគារនៅថៃបាននិយាយថា គោលនយោបាយ បណ្តោះអាសន្ន របស់រដ្ឋាភិបាលថ្មី នៅក្នុងការព្យួរបំណុល សម្រាប់កសិករ អាចនឹងជួយបន្ធូ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ