ជុំវិញបញ្ហានៅអ៊ុយក្រែននេះ បើតាមសេចក្តីព្រាងសេចក្តីថ្លែងការណ៍មួយច្បាប់កម្រាស់ ១៦ទំព័រដែលត្រូវបានឃើញ និងផ្សាយរ៉យទ័រ បានឱ្យដឹងថា ភាគច្រើននៃសមាជិកក្រុមប្រទេស G20 គឺយល់ព្រមថ្កោលទោសរុស្ស៊ី ចំពោះទង្វើសង្គ្រាមឈ្លានពាននៅអ៊ុយក្រែន។ បន្ថែមពីលើនេះ ភាគច្រើននៃសមាជិករដ្ឋ G20 មានការថ្កោលទោសយ៉ាងខ្លាំង ដែលមិនត្រឹមតែទង្វើឈ្លាននោះទេ តែរុស្ស៊ីត្រូវបានថ្កោលទោសថា បានបង្កឱ្យសេដ្ឋកិច្ចសកលធ្លាក់ចុះ និងជួបប្រទះភាពមិនប្រាកដប្រជា។
សេចក្តីព្រាងដដែលបានបង្ហាញទៀតថា សមាជិក G20 ក៏បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហាប្រឈម ដែលបង្កឡើងចំពោះសន្តិសុខស្បៀងពិភពលោក។ សមាជិកG20 ក៏ឆ្លៀតអំពាវនាវឱ្យមានឯករាជ្យភាពរបស់ធនាគារកណ្តាល ដើម្បីធានាថា ពួកគេរក្សាកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ទល់នឹងអតិផរណាដែលកំពុងកើនឡើង។
ប៉ុន្តែអ្នកការទូតអឺរ៉ុបម្នាក់បានឱ្យ Reuters ដឹងថា មានទស្សនៈផ្សេងទៀតនិងការវាយតម្លៃខុសគ្នាក្នុងចំណោមសមាជិក G20 អំពីស្ថានការណ៍សង្គ្រាម និងការដាក់ទណ្ឌកម្មរបស់លោកខាងលិចលើរុស្ស៊ី។
បើតាមប្រភពនៃគណៈប្រតិភូដែលនៅក្នុងកិច្ចប្រជុំឱ្យបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា នៅថ្ងៃដំបូងនៃកិច្ចប្រជុំ ពោលគឺនៅថ្ងៃអង្គារទី១៥ខែវិច្ឆិកា គឺមានសមាជិកច្រើនរបស់ G20 បានលើកឡើងពីបញ្ហាសង្គ្រាមនៅអ៊ុយក្រែន ហើយបានថ្កោលទោសរុស្ស៊ីព្រមៗគ្នា។
ប្រការនេះបានសបញ្ជាក់ច្បាស់ថា សំណុំរឿងសង្គ្រាមនៅអ៊ុយក្រែន ស្ថិតនៅជាប្រធានបទក្តៅនៃជំនួបកំពូល G20 ឆ្នាំ២០២២នេះដដែល បើទោះបីជាម្ចាស់ផ្ទះឥណ្ឌូនេស៊ីលើកឡើងនៅមុនកិច្ចប្រជុំថា ការពិភាក្សាលើកនេះ គួរតែផ្តោតសំខាន់បំផុតទៅលើហានិភ័យនៃសេដ្ឋកិច្ចពិភពលោកក្នុងពេលបច្ចុប្បន្ន និងអនាគតយ៉ាងណាក្ដី។
រដ្ឋមន្ត្រីការការបរទេសរុស្ស៊ី បាននិយាយកាលពីថ្ងៃអាទិត្យថា G20 មិនមែនជាកិច្ចប្រជុំពីបញ្ហា សន្តិសុខនោះទេ ហើយជំនួសមកវិញគួរតែផ្តល់អាទិភាពដល់បញ្ហាប្រឈមសេដ្ឋកិច្ចពិភពលោក។ ប៉ុន្តែលោកខាងលិច ក៏មានអំណោះអំណាងដែរថា បញ្ហាសន្តិសុខត្រូវតែលើកយកមកនិយាយព្រោះ វាកំពុងជះឥទ្ធិលខ្លាំងណាស់ដល់សេដ្ឋកិច្ច។
កាលពីព្រឹកថ្ងៃអង្គារដដែលប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy តាមរយៈខ្សែវីដេអូបានអំពាវនាវឱ្យកិច្ចប្រជុំ G20 ប្រើប្រាស់ភាពជាអ្នកដឹកនាំរបស់ពួកគេដើម្បីដាក់សម្ពាធឲ្យរុស្ស៊ីបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ក្រោមផែនការសន្តិភាព ដែលលោកបានស្នើឡើង។
អំឡុងការថ្លែងនោះ ក៏មានវត្តមានភាគីរុស្ស៊ីផងដែរ តែមិនមែនលោកប្រធានាធិបតីពូទីនឡើយ ពោលគឺជារដ្ឋមន្ត្រីការបរទេសលោក Sergi Lavrov ជាអ្នកចូលរួមជំនួស៕