រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងប្រធានធនាគារកណ្តាល នៃក្រុមប្រទេសឧស្សាហកម្មជឿនលឿនទាំង ៧ (G-7) រំពឹងថានឹងបង្ហញផែនការទាំងនោះនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេនៅក្នុងទីក្រុងនីហ្គាតា (Niigata) ប្រទេសជប៉ុន ដែលបានបញ្ចប់កាលពីថ្ងៃសៅរ៍។
ប្រទេស G-7 ប្រមើលមើលការឆ្លើយតបដែលផ្តល់មូលនិធិសង្គ្រោះយ៉ាងឆាប់រហ័ស នៅពេលដែលធនាគាររងគ្រោះដោយសាររំហូរចេញភ្លាមៗនៃប្រាក់បញ្ញើ និងពីការពន្យាពេលធានាប្រាក់បញ្ញើ។ ធនាគារ ស៊ីលីកូន វ៉ល្លី ខ្វះការរៀបចំទុកជាមុនជាមួយធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិក លើអ្វីដែលអាចត្រូវបានសន្យាថាជាវត្ថុបញ្ចាំ ដើម្បីខ្ចីរបស់ទាំងនោះមកប្រើសិនសម្រាប់ដោះទាល់។
ក្រុមប្រទេស G-7 គ្រោងជំរុញក្រុមប្រឹក្សាស្ថិរភាពហិរញ្ញវត្ថុ ដែលបង្កើតឡើងដោយមន្ត្រីហិរញ្ញវត្ថុមកពីប្រទេសធំៗ ឱ្យស្វែងរកវិធានការជាក់លាក់នានា។
បទប្បញ្ញត្តិបច្ចុប្បន្នតម្រូវឱ្យធនាគារពហុជាតិធំៗមានទ្រព្យសកម្មជាសាច់ប្រាក់គ្រប់គ្រាន់ ដូចជាមូលបត្របំណុលរដ្ឋាភិបាលដែលអាចរាប់រងបានរយៈពេល ៣០ ថ្ងៃលើរំហូរចេញសាច់ប្រាក់សុទ្ធ នៅពេលដែលមានរំហូរចេញសាច់ប្រាក់កើតឡើង។ ប៉ុន្តែអតិថិជនរបស់ធនាគារស៊ីលីកូន វ៉ល្លី បានដកប្រាក់ប្រហែលមួយភាគបួននៃប្រាក់បញ្ញើសរុបរបស់ធនាគារក្នុងរយៈពេលតែមួយថ្ងៃ។ ការភ័យស្លន់ស្លោត្រូវបានជំរុញដោយភាពចលាចលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
ក្រុមប្រទេស G-7 មានគោលបំណងទប់ស្កាត់ការរីករាលដាលនៃអស្ថិរភាពហិរញ្ញវត្ថុ។ ក្រុមនេះនឹងសង្កត់ធ្ងន់ថាប្រព័ន្ធហិរញ្ញវត្ថុមានភាពរឹងមាំ ហើយត្រៀមកិច្ចការទុកជាមុនដើម្បីធ្វើសកម្មភាពឱ្យបានសមស្របក្នុងអំឡុងពេលមានវិបត្តិ។
បច្ចុប្បន្ន ការពិភាក្សាកំពុងកើនឡើងនៅក្នុងសហរដ្ឋអាមេរិក ជុំវិញបទប្បញ្ញត្តិកាន់តែរឹងមាំ។ របាយការណ៍របស់ធនាគារកណ្ដាល ដែលបានចេញផ្សាយនៅថ្ងៃទី ២៨ ខែមេសា បានអំពាវនាវឱ្យមានការវាយតម្លៃឡើងវិញនូវច្បាប់ធនាគារ ដើម្បីបង្ការការដួលរលំធនាគារមួយផ្សេងទៀតដែលស្រដៀងនឹងធនាគារ ស៊ីលីកូន វ៉ល្លី។
កំណែទម្រង់ភាគច្រើននឹងផ្តោតលើធនាគារខ្នាតមធ្យម ដែលបានទទួលការការត្រួតពិនិត្យតិចជាងមុន ដោយសារតែមានការបន្ថូរបន្ថយផ្លូវច្បាប់។ បណ្ដាធនាគារទាំងនេះអាចប្រឈមមុខនឹងបទប្បញ្ញត្តិតឹងរ៉ឹងជាងមុន ទាក់ទងនឹងសាច់ប្រាក់នៅក្នុងដៃនិងដើមទុន។ របាយការណ៍របស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកមិនបានបញ្ជាក់លម្អិតអំពីការឆ្លើយតបក្នុងអំឡុងពេលដែលធនាគារដួលរលំនោះទេ។
សារជីវកម្មធានារ៉ាប់រងប្រាក់បញ្ញើសហព័ន្ធ (Federal Deposit Insurance Corp) ជាស្ថាប័នរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលធានាការសន្សំប្រាក់តាមធនាគារ។ ស្ថាប័ននេះបានផ្សព្វផ្សាយជាសាធារណៈនូវរបាយការណ៍ដែលអំពាវនាវឱ្យមានការធានាប្រាក់បញ្ញើមានទំហំធំជាងមុន។ សំណើនាំមុខមួយចេញពីស្ថាប័ននេះគឺការជំរុញការការពារគណនីអាជីវកម្ម៕