យោងតាមទីភ្នាក់ងារព័ត៌មាន Reuters រដ្ឋមន្ត្រីការបរទេស នៃក្រុមប្រទេស G7 រួមមានសហរដ្ឋអាម៉េរិក អង់គ្លេស ជប៉ុន អ៊ីតាលី អាល្លឺម៉ង់ បារាំង និងកាណាដា រួមទាំងអ្នកការទូតកំពូលរបស់សហភាពអឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍រួមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការវាយប្រហាររបស់អ៊ីរ៉ង់មកលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងថាមពលក្នុងតំបន់។ ក្រុមប្រទេស G7 បានបញ្ជាក់ថា ពួកគេនឹងមិននៅស្ងៀមឡើយចំពោះសកម្មភាពណា ដែលរំខានដល់លំហូរពាណិជ្ជកម្ម និងថាមពលពិភពលោក។
កាលពីថ្ងៃទី២២ ខែមីនា ស្ថានការណ៍បានផ្ទុះឡើងកាន់តែខ្លាំង បន្ទាប់ពីមានសេចក្តីរាយការណ៍ថា អ៊ីរ៉ង់បានវាយប្រហារសងសឹកលើរោងចក្រថាមពលនុយក្លេអ៊ែររបស់អ៊ីស្រាអែល បណ្តាលឱ្យមនុស្សជាង ១០០នាក់រងរបួស ជាការឆ្លើយតបនឹងអ៊ីស្រាអែល ដែលបានវាយប្រហារលើរោងចក្រប្រេងរបស់ខ្លួន។
ក្នុងកាលៈទេសៈដ៏តានតឹងនេះលោក ដូណាល់ ត្រាំ បានព្រមានជាថ្មីថា បើអ៊ីរ៉ង់មិនបើកច្រកសមុទ្រ Hormuz ឡើងវិញទេ អាម៉េរិកនឹងកម្ទេចរោងចក្រថាមពលអ៊ីរ៉ង់ឱ្យក្លាយជាផេះផង់។ ជាការឆ្លើយតប អ៊ីរ៉ង់ក៏បានគំរាមវិញថា បើមានការវាយប្រហារមកលើខ្លួនមែននោះ រោងចក្រថាមពលទាំងអស់នៅទូទាំងតំបន់មជ្ឈិមបូព៌ា ក៏នឹងក្លាយជាគោលដៅវាយប្រហាររបស់ខ្លួនដូចគ្នាដែរ។
ជុំវិញការគំរាមកំហែងកម្ទេចប្រភពថាមពលគ្នាទៅវិញទៅមកនេះ អ្នកជំនាញសេដ្ឋកិច្ចបានព្យាករថា តម្លៃប្រេងឆៅសកលអាចនឹងហក់ឡើងខ្ពស់មិនធ្លាប់មានចន្លោះពី១៥០ ទៅ២០០ដុល្លារក្នុងមួយបារ៉ែល ដែលនឹងបង្កជាវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរទូទាំងសកលលោក៕
ដោយៈ សរ សុជាតិ