វិស័យការងារ

កម្មករកាត់ដេរបារម្ភវិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ាធ្វើឱ្យប៉ះពាល់ដល់ការងារនិងប្រាក់ចំណូល


​​ភាពតានតឹង នៃសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាកំពុងក្លាយជាក្តីកង្វល់ថ្មីមួយសម្រាប់បងប្អូនកម្មករនិយោជិតក្នុងវិស័យកាត់ដេរនៅកម្ពុជា។ ស្របពេលដែលខ្សែច្រវាក់ដឹកជញ្ជូនសកល និងតម្លៃប្រេងឥន្ធនៈកំពុងមានការប្រែប្រួល ក្រុមកម្មករនិយោជិតនៅកម្ពុជា បានបង្ហាញការព្រួយបារម្ភពីការកាត់បន្ថយម៉ោងការងារបន្ថែម ដែលអាចធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណូលប្រចាំថ្ងៃរបស់ពួកគេ។ ទោះជាយ៉ាងណាក្រសួងការងារ បានបញ្ជាក់ថា មកទល់ពេលនេះវិស័យកាត់ដេរនៅកម្ពុជា នៅពុំទាន់រងឥទ្ធិពលអវិជ្ជមានធ្ងន់ធ្ងរគួរឱ្យកត់សម្គាល់នោះទេ។
វិស័យការងារ
ដោយ

អ្នកនាង ឌិត ភស្តភា កម្មករកាត់ដេរនៅរោងចក្រមួយកន្លែងក្នុងខេត្តកំពង់ស្ពឺ បានគូសបញ្ជាក់ថា ស្ថានភាព នៃការងារកាត់ដេរបស់ខ្លួននៅតែបន្តមានជាហូរហែនាពេលបច្ចុប្បន្ននេះ ព្រមជាមួយការងារថែមម៉ោងដល់ម៉ោង៦ល្ងាច។ តែទោះជាយ៉ាងណា អ្នកនាង បារម្ភបញ្ហាសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា អាចគំរាមកំហែងដល់ការបញ្ជាទិញទំនិញក្នុងវិស័យនេះ ដែលនឹងជំរុញឱ្យការធ្វើការថែមម៉ោងត្រូវកាត់បន្ថយ ហើយនឹងទាញទម្លាក់ប្រាក់ចំណូលរបស់នាងឱ្យធ្លាក់ចុះ។ ទន្ទឹមនឹងនេះកម្មករកាត់ដេររូបនេះស្នើឱ្យរាជរដ្ឋាភិបាលធ្វើយ៉ាងណាបន្តរក្សាទីផ្សារការងារឱ្យបានច្រើន និងជួយទប់ស្កាត់ការកើនឡើង នៃតម្លៃប្រេងឥន្ធនៈ ដែលកំពុងជះផលប៉ះពាល់ដល់ការចំណាយរបស់ពលរដ្ឋ។

ជាមួយគ្នានេះ លោក ប៉ាត តុលា កម្មករកាត់ដេរនៅខេត្តកំពង់ស្ពឺម្នាក់ដែរនោះសង្កេតឃើញថា ចាប់តាំងពីមានបញ្ហាសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាមកការថែមម៉ោងការងារមួយចំនួននៅក្នុងរោងចក្រត្រូវបានកាត់បន្ថយ។ ប៉ុន្តែសម្រាប់រូបលោកផ្ទាល់ នៅតែបន្តមានការថែមម៉ោងជាធម្មតាមកទល់ពេលនេះ ខណៈនៅពេលខាងមុខលោកមិនទាន់ដឹងទេថា នឹងមានការប្រែប្រួលយ៉ាងណាទៀត។  

ជាមួយគ្នានេះ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានគូសបញ្ជាក់ថា បញ្ហាតម្លៃប្រេងឥន្ធនៈឡើងថ្លៃនាពេលនេះពិតជាបានជះផលប៉ះពាល់មួយចំនួនដល់ដំណើរការរបស់រោងចក្រ សហគ្រាសក្នុងវិស័យកាត់ដេរនៅកម្ពុជា ក៏ដូចជាការចំណាយរបស់បងប្អូនកម្មករនិយោជិតពិតប្រាកដមែន។ តែយ៉ាងណា ប្រធានសហភាពពលកម្មរូបនេះអះអាងថា បញ្ហានេះពុំទាន់ជះផលប៉ះពាល់ខ្លាំងគួរឱ្យកត់សម្គាល់ទៅដល់ម៉ោងការងាររបស់កម្មករកម្មការិនីនោះទេ។

ពាក់ព័ន្ធបញ្ហានេះ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានអះអាងថា វិបត្តិនៅមជ្ឈិមបូព៌ានៅមិនទាន់បង្កជាសញ្ញាអវិជ្ជមានធ្ងន់ធ្ងរដល់ឧស្សាហកម្មកាត់ដេរនៅកម្ពុជា នៅឡើយទេ បើទោះបីជាបញ្ហានេះបានបង្កឱ្យតម្លៃប្រេងឥន្ធនៈ និងថ្លៃដឹកជញ្ជូនបានហក់ឡើងខ្ពស់ក៏ដោយត។ បើតាមការអះអាងរបស់អ្នកនាំពាក្យរូបនេះ បច្ចុប្បន្នរោងចក្រសហគ្រាសនៅកម្ពុជា នៅតែមានតម្រូវការកម្លាំងពលកម្មបន្ថែមរហូតដល់ប្រមាណ៩ម៉ឺននាក់ ដែលនេះសបញ្ជាក់ថា ការបញ្ជាទិញនៅតែមានស្ថិរភាព។

សូមរំលឹកថា នៅក្នុងឆ្នាំ២០២៥ កន្លងទៅ កម្ពុជា សម្រេចបានការនាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ក្នុងទំហំទឹកប្រាក់ជិត១៦ពាន់លានដុល្លារអាម៉េរិក ដែលមានកំណើនជិត១៦% បើធៀបនឹងឆ្នាំ២០២៤។ ស្ថិតិនេះ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំមួយសម្រាប់វិស័យកាត់ដេរក្នុងការទប់ទល់នឹងវិបត្តិសកលនាពេលបច្ចុប្បន្ន៕




អត្ថបទបន្ទាប់


អាម៉េរិក និងអ៊ីរ៉ង់អះអាងផ្សេងគ្នាជុំវិញការបើកច្រកសមុទ្រហ័រម៉ូស ទោះមានឈប់បាញ់គ្នាពីរសប្តាហ៍

តើនេះជាសន្តិភាពពិតប្រាកដ ឬគ្រាន់តែជាល្បែងនយោបាយ? ក្រោយការវាយប្រហារលើកោះ ខាក ដែលជាដង្ហើមសេដ្ឋកិច្ចប្រេងរបស់អ៊ីរ៉ង់បានមួយថ្ងៃ នៅថ្ងៃទី៨ ខែ…

ការនាំចូលទំនិញពីថៃ តាមកំពង់ផែស្វយ័តក្រុងព្រះសីហនុ ធ្លាក់ចុះជាង ២០% នៅត្រីមាសទី១ឆ្នាំនេះ

តុល្យភាពពាណិជ្ជកម្មរវាងកម្ពុជា និងថៃតាមផ្លូវសមុទ្រកំពុងមានការប្រែប្រួលគួរឱ្យកត់សម្គាល់។ ជាក់ស្តែងនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ទិន្នន័យពីកំពង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ